ពាក្យចាស់លោកពោលថា គ្រូបង្រៀនគឺជាឪពុកម្តាយទីពីររបស់សិស្ស ព្រោះនៅលើលោកនេះ គ្រូបង្រៀនគ្រប់ៗរូបសុទ្ធសឹងតែចង់ឱ្យសិស្សរបស់ខ្លួនទទួលបានជោគជ័យគ្រប់ៗគ្នា។ ប៉ុន្តែជាក់ស្តែងអាជីពមួយនេះ គឺមិនស្រួលនោះទេ ពោលគឺទទួលបានផលប្រយោជន៍តិចតួច ហើយត្រូវសង្គមពុំសូវឱ្យតម្លៃទៀត។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកប្រាប់អ្នករាល់គ្នាពីផលលំបាកមួយចំនួនដែលលោកគ្រូ និងអ្នកគ្រូជួបប្រទះ៖

១. គ្រូបង្រៀនត្រូវទទួលរ៉ាប់រងការងារច្រើន ក្រៅពីកិច្ចការបង្រៀន 

ជាទូទៅ មនុស្សភាគច្រើនតែងតែគិតថា អាជីពជាគ្រូបង្រៀនគឺមានភាពងាយស្រួល និងមានទំហំតូច ពោលគឺគ្រាន់តែទៅបង្រៀនសិស្សតែប៉ុណ្ណោះ។

ជាក់ស្តែង វាមិនដូចជាអ្វីដែលអ្នកគិតនោះទេ។ ក្រៅពីរៀបចំផែនការបង្រៀន គ្រូបង្រៀនត្រូវទទួលបន្ទុកកិច្ចការជាច្រើន មានដូចជា រៀបចំមេរៀនឱ្យសិស្ស រៀបចំកិច្ចការផ្ទះ ត្រូវកែពិន្ទុសិស្ស ត្រូវបង្រៀនជាច្រើនថ្នាក់ ត្រូវរៀបចំឯកសារពាក់ព័ន្ធ និងត្រូវធ្វើការងាររដ្ឋបាលមួយចំនួនទៀត ដែលកិច្ចការទាំងអស់នេះពិតជាធ្វើឱ្យគ្រូបង្រៀនជាច្រើននាក់មានភាពហត់នឿយជាខ្លាំង។ 

រូបតំណាង

២. គ្រូបង្រៀនត្រូវបង្រៀនជាច្រើនម៉ោង ពុំសូវមានពេលសម្រាក

មនុស្សភាគច្រើនរមែងគិតថា គ្រូបង្រៀនមានពេលវេលាទំនេរច្រើន នៅពេលធ្វើការ ប៉ុន្តែការពិតមិនមែនដូចជាអ្វីដែលអ្នកគិតនោះទេ។ បើទោះបីជាគ្រូបង្រៀនជាច្រើននាក់ស្រលាញ់អាជីពមួយនេះក្តី ប៉ុន្តែពួកគាត់ភាគច្រើនត្រូវចំណាយពេលបង្រៀនចាប់ពីចន្លោះ ៤-៦ ម៉ោងក្នុងមួយថ្ងៃ ហើយវាពិតជាហត់នឿយខ្លាំងសម្រាប់ពួកគាត់។

បន្ថែមពីនេះទៀត ក្រៅពីការបង្រៀនប្រចាំថ្ងៃហើយនោះ នៅមានវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ដែលតម្រូវឱ្យគ្រូបង្រៀនចូលរួមនៅពេលចុងសប្តាហ៍ថែមទៀត ដូច្នេះពួកគាត់ភាគច្រើន ពុំសូវមានពេលវេលាផ្ទាល់ខ្លួននោះទេ។ 

រូបតំណាង

៣. គ្រូបង្រៀនទទួលបានប្រាក់ខែទាប

ក្រៅពីបង្រៀននៅតាមបណ្តាសាកលវិទ្យាល័យ និងសាលារៀនឯកជនធំៗមួយចំនួននោះ នៅតាមបណ្តាសាលារៀនរដ្ឋ និងសាលារៀនទូទៅ ប្រាក់ខែរបស់គ្រូបង្រៀនគឺនៅមានកម្រិត ហើយពួកគាត់សមតែទទួលបានប្រាក់ខែច្រើនជាងនេះ ទៅតាមបទពិសោធន៍ និងកិច្ចការងារជាក់ស្តែងរបស់គាត់។ 

៤. ត្រូវដោះស្រាយជាមួយនឹងសិស្សក្បាលខូច ខ្ជិល ក្រអឺតក្រទមមួយចំនួន

កាលនៅរៀន មនុស្សភាគច្រើនពុំសូវគិតពីសកម្មភាពរបស់ខ្លួនធ្វើនៅក្នុងថ្នាក់រៀនប៉ុន្មាននោះទេ។ ជាទូទៅ យើងតែងគិតថា វាគឺជារឿងធម្មតាទៅហើយដែលគេងនៅក្នុងថ្នាក់។ ប៉ុន្តែជាក់ស្តែងការគេងនៅក្នុងថ្នាក់ នៅពេលគ្រូដើរចូលមក វាអាចធ្វើឱ្យគ្រូបាក់ទឹកចិត្តផងណា។ 

ជាក់ស្តែង អ្នកគ្រូបង្រៀននៅក្នុងសាលារៀនឯកជនម្នាក់បាននិយាយថា៖

«ប្រសិនបើខ្ញុំខំរៀបចំមេរៀនដាច់យប់ ហើយបម្រុងថានឹងបង្រៀនពួកគេឱ្យបានពេញលេញនោះ ស្រាប់តែមានសិស្សម្នាក់ ឬពីរនាក់គេងនោះ វាពិតជាធ្វើឱ្យខ្ញុំបាក់ទឹកចិត្តជាខ្លាំង។»

លើសពីនេះទៀត គាត់ក៏បានរៀបរាប់បន្ថែមទៀតថា មានសិស្សមួយចំនួនក៏បានប្រើសម្តីមិនសមរម្យដាក់គាត់ផងដែរ ហើយវាពិតជាធ្វើឱ្យគាត់មានសប្បាយចិត្តជាខ្លាំង។ 

រូបតំណាង
រូបតំណាង

៥. ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ និងខ្វះឧបករណ៍បង្រៀននៅក្នុងសាលា

ជាក់ស្តែង នៅតាមបណ្តាសាលារៀនជាច្រើន ជាពិសេសសាលារដ្ឋ គឺពុំសូវមានឧបករណ៍គ្រប់គ្រាន់សម្រាប់ឱ្យលោកគ្រូ និងអ្នកគ្រូបង្រៀនបានពេញលេញនោះទេ ពោលគឺមានលោកគ្រូម្នាក់បង្រៀនមុខវិជ្ជាជីវវិទ្យានៅសាលារៀនមួយកន្លែងបានរៀបរាប់ថា ព្រោះតែខាងសាលាមិនមានឧបករណ៍ពិសោធន៍ ដូច្នេះ គាត់ក៏មិនអាចបង្រៀនឱ្យសិស្សធ្វើការអនុវត្តន៍ជាក់ស្តែងបានឡើយ។ 

ដោយឡែក អ្នកគ្រូម្នាក់ទៀតបាននិយាយថា នៅគ្រាមួយ គាត់ត្រូវយកកង្ហារមកសាលាថែមទៀត ព្រោះតែកង្ហារនៅជាប់ពិដានមិនដំណើរការ ហើយវាពិតជាក្តៅខ្លាំងណាស់សម្រាប់សិស្សនិងគាត់។

យ៉ាងណាមិញ បើទោះបីជាអាជីពមួយនេះលំបាកក្តី ក៏មានគ្រូបង្រៀនជាច្រើននាក់ស្រលាញ់ និងពេញចិត្តការងារមួយនេះផងដែរ។ ដូច្នេះសូមអ្នករាល់គ្នា ជាពិសេសសិក្សានុសិស្សទាំងអស់ សូមយល់ពីអារម្មណ៍របស់គ្រូអ្នកទាំងអស់គ្នាផង។ នៅពេលពួកគាត់មកបង្រៀនយើង យើងគួរតែយកចិត្តទុកដាក់ស្តាប់គាត់។ អ្វីដែលគាត់ធ្វើនោះ វាមិនត្រឹមតែជាអាជីពប៉ុណ្ណោះនោះទេ ប៉ុន្តែវាគឺជាទង្វើដ៏មហិមាមួយក្នុងការបណ្តុះធនធានមនុស្សសម្រាប់សង្គមជាតិទាំងមូល៕ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]