មិន​ថា​កូន​ក្មេង ឬ​មនុស្ស​ធំ និង​ចាស់​ឡើយ ​ភាគច្រើន​សុទ្ធ​តែ​ធ្លាប់​ញ៉ាំ​​អាហារ​បែប Fast food នេះ ព្រោះ​ថា​ ឈ្ងុយឆ្ងាញ់ រហ័ស។ បើ​យើង​យូរ​ៗ​ញ៉ាំ​ម្ដង មិន​សូវ​មាន​បញ្ហា​ប្រឈម​ទេ ​តែបើ​ញ៉ាំ​រាល់​ថ្ងៃ ​អាច​កើត​ជំងឺ​សាហាវ​ៗ​​បាន។

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និងជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ​ ថា ការ​ញ៉ាំ​ Fast food មានភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង សេនវិចជាដើម​នោះ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ព្រោះ​វា​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ឬ​ជាតិ​ប័រ​ច្រើន ហើយ​កន្លែងលក់​ខ្លះ​យក​ខ្លាញ់​ដែល​ប្រើ​រួច មក​បំពង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ខ្លាញ់​ខ្មៅ ខាប់​ទៀត​ផង។ ក្នុង​ហាង​មួយ​ចំនួន ព្រោះ​តែ​ចង់​ចំណេញ​ច្រើន បើ​ប្រើ​វត្ថុធាតុ​ដើម​គ្មាន​គុណភាព និង​គ្មាន​អនាម័យ​ជាដើម ហើយ​ផល​ប៉ះពាល់​មាន​ដូចជា៖

១- ខ្លាញ់​ប្រើ​ដដែល​ៗ

អាហារ​ដែល​បំពង​ដោយ​ខ្លាញ់​ ឬប្រេងដដែល​ៗ យើង​មិន​អាច​មើល និង​ភ្លក់​ដឹង​ឡើយ ហើយ​ខ្លាញ់​ប្រភេទ​នោះ​ផ្ទុក​មេរោគ​ច្រើន និង​អាច​បណ្ដាលឲ្យ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម​កើតមហារីកប៉ះពាល់សរីរាង្គជាច្រើនក្នុងខ្លួនទៀត​ផង។

២- ប័រ

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ប្រើ​ជាតិ​ប័រ​ច្រើន​ក៏​មាន​ហានិភ័យ​​ដូច​ខ្លាញ់​ប្រើ​ច្រើន​ដង​ដែរ គឺ​វា​បណ្ដាល​ឲ្យ​កើន​កូលេស្តេរ៉ូលអាក្រក់ និង​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម។

៣- សាច់​បី​ជាន់ និង​សាច់​ចិញ្ច្រាំ

ញ៉ាំ​ប្រភេទ​អាហារ​ដែល​ធ្វើ​ឡើង​ពី​សាច់​បី​ជាន់ អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​បេះដូង ហើយ​សាច់​សត្វ​ទាំងនេះ គឺ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ស៊ី​ចំណី និង​ប្រើ​ថ្នាំ​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​សាច់​ខ្លះ​ស្អុយ ឬ​មិន​ស្រស់ មក​ធ្វើ​ជា Fast food ក៏​មាន។

៤- បន្លែ

ហាង​ខ្លះ​មិន​បាន​ខ្វល់ខ្វាយ​ពី​បញ្ហា​បន្លែ​ឡើយ គឺ​ទិញ​ទំនិញ​ដែល​មាន​ដាក់​ថ្នាំ ឬ​ជាតិ​គីមី​ដើម្បី​ឲ្យ​រក្សា​ទុក​បាន​យូរ។

ក្រោយ​ទទួល​ទាន​អាហារ​បែប​នេះ​យូរ​ៗ​ទៅ យើង​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា ខ្លាញ់​ក្នុង​រាងកាយ​ច្រើន​ហួស​កម្រិត គាំង​បេះដូង កកនិង​ស្ទះ​សរសៃ​ឈាម ដាច់​សរសៃ​ឈាម​ខួរក្បាល។ លើស​ពី​នេះ​ទៀត​សារធាតុ​គីមី​ក្នុង​សាច់បន្លែ​គឺ​ចូល​មក​ក្នុង​ខ្លួន​មួយ​ចំណែក ហើយ​អាហារ Fast food មួយ​ចាន​មាន​កាឡូរី​ខ្ពស់​ណាស់។ ទោះ​មិន​ឈឺ ក៏​បណ្ដាល​ឲ្យ​យើង​ធាត់​ដែរ ក្រោយ​ពេល​ធាត់​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ជាច្រើន​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]