WARNING: GRAPHIC CONTENT

ឥណ្ឌា៖ ក្រុមគ្រូពេទ្យឥណ្ឌាជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពិនិត្យនឹងរកឃើញថា មានដែកគោលជាច្រើនរយគ្រាប់ នៅក្នុងពោះវៀនរបស់បុរសជាអ្នកជំងឺម្នាក់។

បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា លោក Bhola Shankar មានអាយុ ៤៣ឆ្នាំ រស់នៅក្នុងកូនក្រុង Bundi រដ្ឋ Rajasthan ប្រទេសឥណ្ឌា។

បើយោងតាមប្រភពសារព័ត៌មាន លោក Bhola គឺជាមនុស្សម្នាក់ ដែលមានអាការហាក់ចម្លែកប្លែកខុសពីគេ ក៏ដោយសារតែលោកតែងតែញៀនហូបដែកគោលស្ទើររាល់ថ្ងៃ ខណៈទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលបញ្ហាមួយនេះបានធ្វើទុក្ខបុកម្នេញក្រពះពោះវៀនគាត់ខ្លាំង រហូតអាសន្នធំរត់រកពេទ្យដើម្បីសុំជំនួយតែម្តង។

លោក Bhola Shankar

ដំបូងឡើយ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋ Bundi ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការថតស្កេនដោយកាំរស្មីអ៊ិច (X-ray) និងរកឃើញថាមានដែកគោល រួមទាំងបំណែកគ្រឿងដែកជាច្រើនផ្សេងទៀត ដូចជាខ្សែលួសជាដើម នៅក្នុងក្រពះពោះវៀនរបស់លោក Bhola ។ ក្រោយមក ដោយមិនទុកយូរក្រុមគ្រូពេទ្យក៏បានសម្រេចធ្វើការវះកាត់ភ្លាមៗ ដើម្បីយករបស់ទាំងអស់នោះចេញ ក៏ដូចជាជួយសង្គ្រោះជីវិតរបស់គាត់ផងដែរ។

ប្រភពបានឲ្យដឹងថា ដែកគោលដែលយកចេញពីក្នុងក្រពះលោក Bhola នោះ មានចំនួនយ៉ាងហោចណាស់ ១១៦ដើមឯណោះ។

វេជ្ជបណ្ឌិតឈ្មោះ Anil Saini ម្នាក់ចំណោមក្រុមគ្រូពេទ្យវះកាត់លោក Bhola បានមានប្រសាសន៍លើកឡើងថា នេះគឺជាករណីដំបូងគេហើយ ដែលក្រុមគ្រូពេទ្យរបស់លោកបានធ្វើប្រតិបត្តិការវះកាត់ ដល់អ្នកជំងឺដែលមានស្ថានភាពបែបនេះ ក្នុងរដ្ឋ Rajasthan នេះ។ អ្នកជំងឺខាងលើនេះ ពុំបានប្រាប់លម្អិតជុំវិញនឹងដែកគោលដែលនៅក្នុងក្រពេះពោះវៀនរបស់គាត់នោះទេ។

លោក Bhola Shankar ញៀនហូបដែកគោល

លោកបន្តថា អ្នកជំងឺនេះពិតជាសំណាងហើយ ដែលរបស់មុតស្រួចទាំងអស់នោះ ពុំបានប៉ះពាល់ឬចាក់ទម្លុះធ្ងន់ធ្ងរ ដល់គ្រឿងក្នុងរបស់គាត់។ ព្រោះបើមិនដូច្នេះទេ វានឹងអាចសម្លាប់គាត់បាន។

យ៉ាងណាមិញ តាមការឲ្យដឹងពីប្អូនប្រុសលោក Bhola ផ្ទាល់ ក៏បានប្រាប់ដែរថា បងប្រុសរបស់ខ្លួនបានទទួលទានថ្នាំសម្រាប់ជំងឺផ្លូវចិត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីខាងលើនេះ បុរសរងគ្រោះលោក Bhola ក៏ត្រូវបានគេគិតនិងសង្ស័យថា អាចកើតនូវជំងឺម្យ៉ាងហៅថា «Schizophrenic» ដែលជាប្រភេទជំងឺបែកខ្ញែកស្មារតី (ខួរក្បាល) ឬអាចនិយាយបានថា មិនសូវគ្រប់ទឹក។

នេះមិនមែនជាករណីទី១ ដែលទើបតែនឹងកើតឡើងបែបនេះនោះទេ។ ព្រោះថាកន្លងមក ក៏ធ្លាប់មានអ្នកជំងឺជាច្រើនផ្សេងទៀត ដែលមានអាការចម្លែក ញៀនហូបគ្រឿងដែក (ដែកគោលជាដើម) រហូតអាសន្នធំរត់រកពេទ្យជួយផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ដែកគោលដែលបានយកចេញ
គ្រូពេទ្យវះកាត់យកដែកគោលចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]