អារ៉ាប៊ី សាអូឌីត៖ អ្នកបម្រើស្រីជាពលករចំណាកស្រុកជនជាតិហ្វីលីពីនម្នាក់ ធ្វើការនៅឯប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) បានរងការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ក្រោយត្រូវម្ចាស់ផ្ទះជាអ្នកមានទ្រព្យ ធ្វើទារុណកម្មដោយចាប់ចងផ្អោបនឹងដើមឈើ ព្រោះតែខឹងនឹងនាងរឿងទុកដាក់គ្រឿងសង្ហារឹមមិនបានត្រឹមត្រូវ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះជាអ្នកបម្រើខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Lovely Acosta Baruelo មានអាយុ ២៦ឆ្នាំ ជាជនជាតិហ្វីលីពីន ដែលបានមកបម្រើការងារផ្ទះឲ្យគ្រួសារស្តុកស្តម្ភមួយ ក្នុងរដ្ឋធានីរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ដោយអស់រយៈពេលជាច្រើនខែមកហើយ។

នារីរងគ្រោះ នាង Lovely Acosta Baruelo

ប៉ុន្តែជារឿងមួយដែលមិននឹកស្មានដល់នោះ កាលថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ នាងបានធ្វើការងារផ្ទះដូចសព្វដង ហើយក៏ពុំមានចេតនានៅក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិណាមួយ ពោលគឺនាងបានយកគ្រឿងសង្ហារឹម (ដូចជា តុ ទូ សាឡុង ជាដើម) ដែលមានតម្លៃថ្លៃ អូសចេញមកដាក់ខាងក្រៅផ្ទះ (រៀបចំ និងសម្អាត) ដែលធ្វើឲ្យរងនឹងកំដៅថ្ងៃខ្លាំង ជាហេតុងាយនឹងធ្វើឲ្យខូច។

ដោយសារតែបែបនេះហើយ ទើបបានជាធ្វើឲ្យម្ចាស់ផ្ទះខឹងសម្បាយ៉ាងខ្លាំង រហូតដល់ថ្នាក់ចាប់ចងនាងផ្អោបនឹងដើមឈើ ដើម្បីជាការព្រមានតែម្តង។

យ៉ាងណាមិញ ក្រោយឃើញសភាពដ៏ឈឺចាប់ពើតផ្សាបែបនេះ មិត្តភក្តិជាជនជាតិហ្វីលីពីនដូចគ្នា ដែលធ្វើការជាមួយគ្នានៅផ្ទះនោះ ក៏បានលួចថតរូបភាពរបស់ Baruelo យកទៅបង្ហោះចែកចាយលើបណ្តាញសង្គមដើម្បីសុំជំនួយ។ ហើយគេក៏បានអះអាងដែរថា ម្ចាស់ផ្ទះនោះតែងតែធ្វើបាបកូនចៅ ឬអ្នកបម្រើខ្លួន មិនថាឡើយរាល់ពេលដែលពួកគេធ្វើការងារខុសតិចតួចក្តី។

ប្រភពដដែលបន្តថា ជាសំណាងល្អ ដែលភ្លាមៗនៃដំណឹងមួយនេះ ត្រូវបានសាយភាយ និងរហូតត្រូវបានខាងក្រសួងការបរទេសហ្វីលីពីន (The Philippines Department of Foreign Affaires ឬ “DFA”) សហការជាមួយនឹងស្ថានទូតហ្វីលីពីន ប្រចាំនៅអារ៉ាប៊ីសាអូឌីត បានធ្វើការស៊ើបអង្កេត និងជួយជ្រោមជ្រែង រហូតបានបញ្ជូននារីរងគ្រោះខាងលើនេះ មកកាន់ប្រទេសហ្វីលីពីនវិញដោយសុវត្ថិភាពផងដែរ។

នារីរងគ្រោះ នាង Lovely Acosta Baruelo

អ្នកនាំពាក្យខាងក្រសួងការបរទេសហ្វីលីពីន បានឲ្យដឹងថា ដោយមិនបង្អស់យូរ ពោលគឺនៅក្នុងថ្ងៃកើតហេតុដដែលនោះ (ថ្ងៃទី៩ ឧសភា) Baruelo នាងក៏ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រលប់ទៅមាតុប្រទេសវិញ ដោយមកដល់ទីក្រុងម៉ានីល នៅម៉ោង ៨នឹង៥៥នាទីយប់ (ម៉ោងនៅក្នុងតំបន់) ក្រោយរកឃើញថា នាងពិតជាបានរងទារុណកម្មពីសំណាក់និយោជកមែន (ម្ចាស់ផ្ទះ)។

ជុំវិញនឹងករណីខាងលើនេះ ក្រោយទទួលបានការជួយសង្គ្រោះ នាង Baruelo ក៏បានថ្លែងទៅកាន់អ្នកកាសែតថា៖ «ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដែលបានជួយសង្គ្រោះរូបខ្ញុំ។ ប៉ុន្តែខ្ញុំក៏ចង់ស្នើសុំឲ្យមានការជួយសង្គ្រោះ ដល់ជនជាតិហ្វីលីពីនជាច្រើនផ្សេងទៀត ឲ្យចេញពីទីនោះផងដែរ។ ព្រោះថាពួកគេជាមនុស្សតែម្នាក់គត់ ដែលបានជួយខ្ញុំថតរូបខ្ញុំយកទៅបង្ហោះ។ ខ្ញុំពិតជាព្រួយបារម្ភពីសុវត្ថិភាពពួកគេនៅទីនោះណាស់។ ខ្ញុំសង្ឃឹមថាពួកគេក៏នឹងត្រូវបានជួយសង្គ្រោះឲ្យត្រលប់មកវិញ ដូចជាខ្ញុំផងដែរទៅចុះ»

គួរឲ្យដឹងផងដែរថា បើយោងតាមរបាយការណ៍ ត្រូវបានគេប៉ាន់ប្រមាណបានថា ជនជាតិហ្វីលីពីនប្រមាណ ២,៣លាននាក់ បានចេញទៅធ្វើការនៅឯប្រទេសមជ្ឈឹមបូព៌ា និងនៅតំបន់អាហ្រ្វិក។ ក្នុងចំណោមនោះ មានស្រ្តីជាពាក់កណ្តាលឯណោះ។ ក៏មានពាក្យបណ្ដឹងជាច្រើន ដែលត្រូវបានគេរាយការណ៍ថា ពួកគេត្រូវបានរងការធ្វើបាបពីសំណាក់និយោជករបស់ពួកគេផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នារីរងគ្រោះ នាង Lovely Acosta Baruelo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]