ថៃ៖ សត្វដំរីដ៏ធំមួយក្បាល ទទួលការចាប់អារម្មណ៍ និងថែមទាំងក្លាយជាវីរបុរសដ៏ល្បី នៅលើបណ្តាញសង្គមភ្លាមៗ ក្រោយជួយអូសដើមឈើចេញ ដែលបានបាក់រលំកាត់ទទឹងផ្លូវ កំឡុងពេលព្យុះភ្លៀង ដែលបង្កឲ្យស្ទះចរាចរណ៍រាប់ម៉ោង។

ដំរី Jareuk

បើយោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១២ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ៣ល្ងាច គឺមានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយនឹងខ្យល់យ៉ាងខ្លាំង នៅក្នុងស្រុក Phayuha Khiri ខេត្ត Nakhon Sawan ប្រទេសថៃ ដែលបានធ្វើឲ្យដើមឈើតូចធំជាច្រើន បានបាក់ដួលរលំតាមដងផ្លូវ បង្កឲ្យមានការរំខានក្នុងការធ្វើចរាចរណ៍។

អាចថាជារឿងមួយដ៏ល្អផងដែរនៅគ្រានោះ ដែលមានបុរសកសិករម្នាក់ឈ្មោះ Lamead Toloh បានបើករថយន្តធន់ធំ ដឹកសត្វដំរីរបស់គាត់ឈ្មោះ Jareuk អាយុ ៥២ឆ្នាំ កាត់តាមផ្លូវនោះ និងឆ្ងល់ថាហេតុអ្វីបានជាស្ទះផ្លូវខ្លាំងម៉េះ។

ដំរី Jareuk

យ៉ាងណាមិញ បន្ទាប់ពីលោក Lamead បានដឹងថា ការស្ទះផ្លូវនេះគឺបណ្តាលមកពីមានដើមឈើធំ បានបាក់រលំកាត់ទទឹងផ្លូវនោះ លោកក៏បានសុំឲ្យអ្នកដំណើរផ្សេងទៀត ជួយវែកផ្លូវសម្រាប់គាត់ ដើម្បីទៅជិតកន្លែងកើតហេតុ និងឲ្យដំរី Jareuk របស់គាត់ ជួយអូសដើមឈើទាំងអស់នោះចេញ។

លោក Lamead និយាយថា «ខ្ញុំបានប្រាប់គ្រប់គ្នាឲ្យជួយវែកផ្លូវឲ្យខ្ញុំ ព្រោះតែខ្ញុំមានអ្នកដែលអាចជួយបាន (ដំរី) ។ បន្ទាប់មកខ្ញុំក៏បានបើកគន្លឹះទ្វារឡានខាងក្រោយ (រថយន្តធន់ធំ) និងនាំ Jareuk ចុះមកតែម្តង។ ខ្ញុំបានខ្សឹបប្រាប់ Jareuk ថា “ជួយប៉ាសម្អាតផ្លូវនេះ Jareuk ឯង មើល៌ចុះ! ស្ទះផ្លូវខ្លាំងណាស់” ។ គ្រាន់តែនិយាយប៉ុណ្ណឹង Jareuk វាក៏បានដើរទៅរកដើមឈើទាំងនោះ និងបានអូសទាញវាចេញដោយប្រើប្រមោយរបស់វាតែម្តង» ។

ដំរី Jareuk

លោក Lamead បន្តថា «Jareuk បានអូសលើកគំនរដើមឈើនោះ តាមអ្វីដែលខ្ញុំបានប្រាប់វា។ ត្រឹមតែមួយភ្លែតប៉ុណ្ណោះ ចរាចរណ៍ក៏អាចធ្វើដំណើរវិញបាន។ អ្នកដំណើរជាច្រើន ក៏បានទះដៃឲ្យពួកយើងផងដែរ ហើយពួកគេក៏ថែមទាំងបានថតរូបជាមួយ Jareuk និងថែមទាំងបានឲ្យលុយខ្លះៗ ដើម្បីទុកទិញចំណីឲ្យ Jareuk ជារង្វាន់លើកទឹកចិត្តវាទៀតផង» ។

ដំរី Jareuk

ប្រភពដដែលបន្តថា រយៈពេលប្រមាណត្រឹម ៣០នាទី ដែលដំរី Jareuk បានជួយសម្អាតផ្លូវ អូសទាញដើមឈើទាំងអស់នោះចេញ។ ហើយរយៈពេលប្រហែលជា ២ម៉ោងក្រោយមក លោក Lamead ក៏ទទួលបានទូរស័ព្ទហៅចូលពីកូនស្រីប្រាប់ថា Jareuk កំពុងតែល្បីនៅលើបណ្តាញសង្គមហើយ ព្រោះតែមានគេថតរូបវាបង្ហោះ។

ដំរី Jareuk

លោក Lamead បានឲ្យដឹងបន្ថែមថា Jareuk គឺជាដំរីចូលចិត្តសប្បាយ រាក់ទាក់ ហើយវាក៏ជាដំរីមួយក្បាលដែលងាយនឹងចុះសម្រុងជាមួយនឹងដំរីផ្សេងទៀតណាស់។ គ្រប់គ្នាតែងតែចង់មកជួបវា ហើយក៏ស្រលាញ់វាខ្លាំងណាស់ដែរ។

ដំរី Jareuk

យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ បន្ទាប់ពីរូបភាពសត្វដំរីដ៏ឆ្លាត Jareuk បានជួយលើកដើមឈើចេញ ដើម្បីជួយសម្រួលដល់ចរាចរណ៍នោះ ក៏បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរដល់វា និងចាត់ទុកវាប្រៀបបីដូចជាវីរបុរសដ៏អស្ចារ្យទៀតផង៕

ដំរី Jareuk
ដំរី Jareuk
ដំរី Jareuk
ដំរី Jareuk
ដំរី Jareuk
ដំរី Jareuk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]