ចិន៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ មានភាពក្តៅក្រហាយ និងសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះហាងហ្គេមមួយកន្លែង ដែលដាក់កូនឆ្កែរស់ឱ្យមនុស្សលេងចាប់យករង្វាន់។
យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា មានហាងហ្គេមមួយកន្លែង នៅក្នុងប្រទេសចិន បានប្រើប្រាស់កូនឆ្កែរស់នៅក្នុងម៉ាស៊ីនហ្គេមរបស់ពួកគេ ដើម្បីឱ្យមនុស្សលេងចាប់យករង្វាន់។ អ្នកស្រី Elisa Allen នាយកអង្គការការពារសិទ្ធិសត្វ PETA បានថ្លែងថា នេះមិនមែនជាបញ្ហាលេងសើចនោះទេ វាគឺជាបញ្ហាដែលជាប់ពាក់ព័ន្ធទៅនឹងការស្លាប់រស់របស់សត្វទាំងនេះ។
«សត្វមិនមែនជារបស់ក្មេងលេងដែលអាចយកទៅបោះចោលបាននោះទេ។ អង្គការ PETA សូមឱ្យអាជ្ញាធរចិនត្រួតពិនិត្យមើលវីដេអូនេះជាបន្ទាន់។ ប្រសិនបើកូនឆ្កែនេះពិតប្រាកដមែននោះ វាមិនមែនជាហ្គេមលេងដោយសប្បាយនោះទេ ប៉ុន្តែវាគឺហ្គេមដែលជាប់ពាក់ព័ន្ធទៅនឹងការស្លាប់រស់របស់កូនឆ្កែទាំងនេះ។ កូនឆ្កែទាំងនេះអាចនឹងមានរបួស ដោយការចាប់យកពីម៉ាស៊ីនហ្គេមនេះ ហើយពួកវាខ្លះអាចនឹងដាច់ពោះងាប់ក៏ថាបានដែរ។» (សម្តីអ្នកស្រី Elisa Allen)
គួររម្លឹកផងដែរថា វាមិនមែនជាលើកទីមួយនោះទេ ដែលហ្គេមនៅស្រុកចិនដាក់សត្វរស់បែបនេះ តួយ៉ាងអ្នកស្រី Allen បានបន្តថ្លែងថា ក៏មានករណីស្រដៀងគ្នាបែបនេះកើតឡើងជាញឹកញាប់ដូចជាកាលពីឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុន Alibaba ក៏បានដាក់ហ្គេមបែបនេះ ដោយមានទាំងសត្វអណ្តើក បង្កង ក្តាមឱ្យមនុស្សចាប់យកផងដែរ ហើយនៅតាមបណ្តាហ្គេមខ្លះទៀតកន្លងទៅនេះក៏មានដាក់កូនឆ្មារស់ឱ្យមនុស្សចាប់យកផងដែរ។
យ៉ាងណាមិញ ក្រោយពីរឿងនេះល្បីនៅលើបណ្តាញសង្គម Twitter មនុស្សជាច្រើនសម្តែងការមិនពេញចិត្តជាច្រើន ហើយពួកគេមួយចំនួនបានរៀបរាប់ថា៖
«ពិតជាឃោរឃៅមែន។ ចុះប្រសិនបើឧបករណ៍នោះចាក់ភ្នែកយើង តើយើងមានអារម្មណ៍ម៉េច?»
«ពិតជាអាក្រក់មែន ពួកចិននេះ។»
«មនុស្សបែបនេះមិនគួរណាសមរស់នៅលើផែនដីនេះទៀតទេ៕»
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]