បរទេស៖ សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងពិភពបច្ចេកវិទ្យា និងហ៊ុមព័ន្ធទៅដោយឧបករណ៍ទំនើបៗជាច្រើន ដែលធ្វើឱ្យជីវិតរបស់យើងរស់នៅកាន់តែមានភាពងាយស្រួល។ អ្នករាល់គ្នាភាគច្រើនប្រាកដជាគិតថា ស្នាដៃទាំងអស់នេះភាគច្រើនសុទ្ធតែជាមនុស្សប្រុសជាអ្នកបង្កើតហើយ។ ប៉ុន្តែជាក់ស្តែង មនុស្សស្រីក៏បានបង្កើតស្នាដៃជាច្រើនសម្រាប់ជាប្រយោជន៍ក្នុងការផ្លាស់ប្តូរពិភពលោកទាំងមូលផងដែរ។ ដូច្នេះថ្ងៃនេះ យើងនឹងណែនាំអ្នករាល់គ្នាមកស្គាល់ស្នាដៃបង្កើតទាំង៨ ដែលមនុស្សស្រីជាអ្នកបង្កើត ហើយបានផ្លាស់ប្តូរពិភពលោកទាំងមូល។

១. ពោងសង្រ្គោះ

នារីម្នាក់ឈ្មោះ Maria Beasely បានបង្កើតពោងសង្រ្គោះ។ តាមប្រភពបានឱ្យដឹងថា នៅគ្រាមួយក្នុងឆ្នាំ១៨៨២ អ្នកស្រីបានមើលទៅសមុទ្រ ហើយក៏សម្រេចចិត្តរកអ្វីវិធីម្យ៉ាងដើម្បីជួយកាត់បន្ថយ ឬក៏បញ្ឈប់ការស្លាប់ដោយសារតែលង់ទឹក។ នៅទីបំផុត គាត់ក៏បានបង្កើតពោងសង្រ្គោះមួយ ហើយបានជួយសង្រ្គោះជីវិតមនុស្សរាប់លាននាក់រហូតដល់សព្វថ្ងៃនេះ។ 

ពោងសង្រ្គោះ

២. ទូទឹកកក

អ្នករាល់គ្នាភាគច្រើនសុទ្ធសឹងតែមានទូទឹកកកប្រើប្រាស់នៅក្នុងផ្ទះស្ទើរតែគ្រប់ៗគ្នាទៅហើយ ប៉ុន្តែអ្នកមិនដឹងថាអ្នកណាជាអ្នកបង្កើតនោះទេ ត្រូវទេ? ឈប់ឆ្ងល់ទៀតទៅអីចឹង ការពិតអ្នកដែលបង្កើតទូទឹកកកគឺជាអ្នកស្រី Florence Parpart ហើយគាត់បានបង្កើតវានៅក្នុងឆ្នាំ១៩១៤។ 

ទូទឹកកក

៣. កម្មវិធីកុំព្យូទ័រ

កុំព្យូទ័រគឺជាឧបករណ៍ដែលមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃយើង។ តើអ្នកដឹងទេថា អ្នកសរសេរកម្មវិធីដំបូងគេបង្អស់គឺជាមនុស្សស្រី ហើយនាងមានឈ្មោះថា Ada Lovelace។ នាងធ្លាប់ធ្វើជាការជាមួយនឹងលោក Charles Babbage ដែលជាអ្នកបង្កើតកុំព្យូទ័រនៅក្នុងសាកលវិទ្យាល័យឡុងដ៍ក្នុងឆ្នាំ១៨៤២។  

Ada Lovelace

៤. កាមេរ៉ាសុវត្ថិភាព

នៅក្នុងសម័យនេះ ភាគច្រើនយើងតែងតែឃើញកាមេរ៉ាសុវត្ថិភាពស្ទើរតែគ្រប់កន្លែងទៅហើយ។ ជាក់ស្តែងបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដោយស្រ្តីម្នាក់កាលពីឆ្នាំ១៩៦៩។ នាងមានការអស់សង្ឃឹម និងមិនពេញចិត្តចំពោះប្រតិកម្មយឺតយ៉ាវរបស់ប៉ូលិសកាលពីជំនាន់មុន។ ដូច្នេះទើបនាងក៏បានបង្កើតបច្ចេកវិទ្យានៅក្នុងកាមេរ៉ាសុវត្ថិភាពដើម្បីចាប់យកវីដេអូនិងរូបភាព ហើយបច្ចេកវិទ្យាមួយនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់កាមេរ៉ាសុវត្ថិភាពមានដូចសព្វថ្ងៃនេះ។ 

រូបតំណាង

៥. សឺរាំង

នៅពេលយើងឈឺធ្ងន់ យើងតែងតែត្រូវការសឺរាំងដើម្បីចាក់ថ្នាំ ជាក់ស្តែងវាត្រូវបានបង្កើតឡើងដោយអ្នកស្រី Letiti Geer នៅក្នុងឆ្នាំ១៨៩៩។ 

Letiti Geer

៦. ឧបករណ៍ផលិតការ៉េម

នៅក្នុងឆ្នាំ១៨៤៣ អ្នកស្រី Nancy Johnson បានបង្កើតឧបករណ៍ផលិតការ៉េម។ ហើយវាត្រូវបានគេយកមកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ 

ឧបករណ៍ផលិតការ៉េម

៧. ម៉ាស៊ីនលាងចាន

អ្នកស្រី Josephine Cochrane បានបង្កើតម៉ាស៊ីនលាងចាននៅក្នុងឆ្នាំ១៨៨៧។ នៅគ្រានោះ គាត់បានដាក់លក់វានៅតាមបណ្តាសណ្ឋាគារធំជាច្រើន។ គាត់ថែមទាំងបានបើករោងចក្រដើម្បីផលិតម៉ាស៊ីនលាងចាននេះថែមទៀត។ 

Josephine Cochrane

៨. ជណ្តើររត់គេចពេលមានអាសន្ន (ឬភ្លើងឆេះ)

នៅក្នុងឆ្នាំ១៨៨៧ អ្នកស្រី Anna Connelly បានបង្កើតជណ្តើររត់គេចពេលមានអាសន្ន ឬភ្លើងឆេះជាលើកដំបូង ហើយមនុស្សម្នានាំគ្នាធ្វើតាមគាត់ជាហូរហែ។ ជាក់ស្តែងវាបានជួយសង្រ្គោះជីវិតមនុស្សជាច្រើន នៅពេលមានភ្លើងឆេះផ្ទះ ព្រោះពួកគេអាចរត់គេចតាមហ្នឹងបាន។ ម្យ៉ាងវិញទៀត ផ្ទះជាច្រើននៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេសសុទ្ធសឹងតែមានជណ្តើររត់គេចពេលមានអាសន្នទាំងនេះ៕ 

ជណ្តើររត់គេចពេលមានអាសន្ន (ឬភ្លើងឆេះ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]