(ភ្នំពេញ)៖ តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញអង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ចរបស់កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន បាននឹងកំពុងសហការគ្នាតាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបញ្ចេញវីដេអូគំរាម បង្កអសន្តិសុខ នៅខេត្តព្រះសីហនុ ដែលរហូតដល់ពេលនេះមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។

បើតាមមន្រ្តីជាន់ខ្ពស់នៃស្ថានទូតចិនរូបនេះបានបញ្ជាក់ថា បើមានលទ្ធផលនៃការចាប់ខ្លួនមេខ្លោងជនជាតិចិនមែននោះ ខាងស្ថានទូតចិននឹងប្រកាសលទ្ធផលឲ្យដឹង។

បើតាមលោកឧត្តមសេនីយ៍ទោស ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងរបស់លោក ក៏កំពុងតែបើកប្រតិបត្តិការតាមស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនមេខ្លោងនិងបក្ខពួកជនជាតិចិន ដែលគំរាមបង្កអសន្តិសុខនេះដែរ ប៉ុន្តែពេលនេះ មិនទាន់មានការចាប់ខ្លួនឧក្រិដ្ឋជនចិនទាំងនោះនៅឡើយទេ។

សូមបញ្ជាក់ថា ជនជាតិចិនទាំងនេះ កាលពីពេលកន្លងទៅបានគំរាមកម្ពុជា តាមរយៈវីដេអូឃ្លឹបមួយ ដែលបកប្រែជាភាសាខ្មែរថា «ពួកគេមកពីខេត្តឆុងឆីង ប្រទេសចិន ហើយទឹកដីកំពង់សោម ខេត្តព្រះសីហនុ ៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរគឺវឹកវរ ចង់ឲ្យសុវត្ថិភាពគឺសុវត្ថិភាព»។

បន្ទាប់ពីមានវីដេអូនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ដិត នេត សាវឿន បានបញ្ជាឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]