រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេមកទើរ នៅក្បែរច្រាំងក្រោមស្ពានជ្រោយចង្វារ បង្កអោយអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ១រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទោះបីជាយ៉ាងណាគេពុំដឹងថាជនរងគ្រោះស្លាប់តាំងពីពេលពីណាឡើយ ហើយក៏ពុំស្គាល់អត្តសញ្ញាណដែរ ។ ជនរងគ្រោះមានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកខោខូវប៊យពណ៌ខ្មៅ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី មានពាក់នាឡិកាដៃ និងខ្សែក្រវាត់អក្សរ«H» និងមានទូស័ព្ទអាយហ្វូនមួយគ្រឿង សពមានសភាពហើមស្អុយទៅហើយ ។
តាមប្រភពពីប្រជានេសាទបានអោយដឹងថា នៅវេលារសៀលថ្ងៃកើតហេតុនេះ នៅពេលដែលគាត់ចេញទូកទៅនេសាទក៍បានចោលភ្នែកមកច្រាំងទន្លេខាងលិចក៏បានប្រទះឃើញសពបុរសម្នាក់អណ្តែតមកទើរនៅច្រាំងទន្លេ ហើយគាត់ក៏បានរាយការណ៍ទៅនគរបាលអង្គភាពការពារគោលដៅទី៣ និងរាយការណ៍ទៅនគរបាលមូលដ្ឋានតែម្តង ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម នគរបាលមូលដ្ឋានក៏បានសហការជាមួយនគរបាលការិយាល័យជើងទឹកចេញទូកទៅអូសសពជនរងគ្រោះយកមកដាក់នៅច្រាំងទន្លេស្ថិតក្នុងសង្កាត់ឬស្សីកែវ ដើម្បីអូសសពជនរងគ្រោះឡើងច្រាំងអោយនគរបាលជំនាញត្រួតពិនិត្យ ។
តាមប្រភពពីនគរបាលមានការសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារតែលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយនៅពេលយប់ស្ងាត់ហើយក៏បានអណ្តែតឡើងរួចរសាត់មកទើរនៅច្រាំងទន្លេក្បែរនោះ ។
តាមការត្រួតពិនិត្យរបស់នគរបាលជំនាញដែលឆែកនៅលើខ្លួនសពរកពុំឃើញមានលិខិតស្នាមអ្វីបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះឡើយ មានតែរូបថតមួយសន្លឹកនៅក្នុងកាបូបប្រាក់របស់ជនរងគ្រោះប៉ុណ្ណោះ។ បន្ទាប់ពីត្រួតពិនិត្យ នគរបាលបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារតែលង់ទឹក៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]