អង់គ្លេស៖ លោក Maurizio Sarri សារភាពថា អនាគតរបស់លោកជាមួយក្លិប Chelsea ហាក់មិនទាន់ច្បាស់លាស់នៅឡើយទេ បើទោះបីជាលោកបានដឹកនាំក្លិបទទួលបានកៅអី Champions League វិញយ៉ាងណាក្តី។ នៅពេលសាកសួរថា តើលោកគិតថាអាចនឹងនៅបន្តជាមួយ Chelsea នារដូវកាលក្រោយឬទេ?? លោក Sarri បាននិយាយថា៖ “ខ្ញុំគិតថាអាចទៅរួច ប៉ុន្តែខ្ញុំមិនទាន់ច្បាស់នៅឡើយទេ។ ក្លិបបានទាមទារ និងដាក់គោលដៅចង់បានកៅអី Champions League រដូវកាលក្រោយ ហើយខ្ញុំបានបំពេញឱ្យក្លិបដូចបំណងហើយ”។

លោក Maurizio Sarri
ការប្រកួតរវាង Leicester City និង Chelsea

បុរសវ័យ ៦០ឆ្នាំខាងលើនេះបានបន្តថា៖ “ដូចដែលអ្នកបានដឹងស្រាប់ហើយ ខ្ញុំពិតជាស្រលាញ់បាល់ទាត់នៅអង់គ្លេស រួមនិងក្របខណ្ឌ Premier League ខ្លាំងណាស់។ ខ្ញុំពេញចិត្តកម្រិតប្រកួតប្រជែង បរិយាកាស និងអ្នកគាំទ្រនៅទីនេះ ហើយខ្ញុំពិតជាចង់បន្តដឹកនាំនៅទីនេះបន្តទៀត”។ គួរបញ្ជាក់ថា Chelsea បានបញ្ចប់រដូវកាល ២០១៨-២០១៩ ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ និងមានពិន្ទុសរុប ៧២ពិន្ទុ។

ដោយឡែក Chelsea នៅមានភារកិច្ចដ៏សំខាន់មួយទៀតនាពេលខាងមុខ គឺការជួបជាមួយ Arsenal នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ ពាក់ព័ន្ធនឹងការប្រកួតនេះ លោក Sarri និយាយថា៖ “ពេលនេះពួកយើងនឹងត្រូវលេងប្រកួតដ៏សំខាន់មួយនៅវគ្គផ្តាច់ព្រ័ត្រ Europa League។ គិតត្រឹមពេលនេះ ពួកយើងបានបញ្ចប់រដូវកាលដោយលទ្ធផលល្អមួយទៅហើយ ប៉ុន្តែរដូវកាលនេះយើងនឹងរួមគ្នាធ្វើឱ្យវាកាន់តែអស្ចារ្យជាងនេះទៀត”៕ 

ក្រុមកីឡាកររបស់ Chelsea
ក្រុមកីឡាកររបស់ Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]