ឥណ្ឌា៖ អាចចាត់ទុកបានថា ជារឿងមួយដ៏គួរឲ្យសោកស្តាយបំផុត ដែលសត្វដំរីដ៏ល្បីឈ្មោះមួយក្បាល រហស្សនាម «ស្ដេចដំរី» បានងាប់ត្រឹមអាយុ ៤៤ឆ្នាំ ដែលធ្វើឲ្យមហាជនជាច្រើន សម្ដែងភាពសោកសៅ ពិសេសគ្រូបង្វឹករបស់វាផ្ទាល់ ទប់ទឹកភ្នែកលែងជាប់ ទ្រហោយំឱបសាកសព ប្រៀបបីដូចសាច់ញាតិ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទិដ្ឋភាពនៃពិធីបុណ្យបញ្ចុះសាកសពសត្វដំរី រហស្សនាម «ស្ដេចដំរី»«Prince of Elephants» នេះ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា កាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់អ្នកភូមិស្រុកជាច្រើន។

គ្រូបង្វឹកស្រែកយំឱបសោកសពដំរី

ដំរីមួយក្បាលនេះ ទទួលបានឈ្មោះល្បីល្បាញ ក៏ដោយសារតែវាគឺជាដំរីដ៏ឆ្លាតមួយក្បាល និងតែងត្រូវបានគេយកទៅតែងតួ ឬទ្រង់គ្រឿង (ដូចជាស្ដេចដំរីដ៏មានអំណាច) ចូលរួមនៅក្នុងកម្មវិធីបុណ្យសាសនាផ្សេងៗ ស្ទើរតែនៅទូទាំងរដ្ឋជាច្រើន ក្នុងប្រទេសឥណ្ឌា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ ក្រោយការបាត់បង់ដំរីដ៏ឆ្លាត និងគួរឲ្យស្រលាញ់នេះ គេសង្កេតឃើញថា គ្រូបង្វឹក ឬអ្នកបង្ហាត់ សត្វដំរីនេះផ្ទាល់ បានសម្ដែងការសោកស្តាយយ៉ាងពន់ពេក។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប នៅក្នុងថ្ងៃបុណ្យបញ្ចុះសាកសពស្ដេចដំរីនោះ គ្រូបង្វឹករបស់វាបានយំសោកបោកខ្លួនយ៉ាងខ្លាំង ពោរពេញដោយក្តីអាឡោះអាល័យ ដោយឱបលើសាកសពរបស់វាជាប់ មិនចេញទៅណា ដែលធ្វើឲ្យមហាជនចូលរួម និងចោមរោមមើលជាច្រើន ហាក់ក្តុកក្តួល និងរំជួលចិត្តយ៉ាងខ្លាំង។

គ្រូបង្វឹកស្រែកយំឱបសោកសពដំរី

គួរឲ្យដឹងថា បើតាមការឲ្យដឹងពីអ្នកស្រុក ដំរីមួយក្បាលនេះបានងាប់ក៏ដោយសារតែ ជំងឺ និងភាពចាស់ទ្រុឌទ្រោមរបស់វា។ ហើយដោយឡែក សម្រាប់គ្រូបង្វឹកនោះវិញ គេមិនច្បាស់ទេថា គាត់បានចំណាយពេលមើលថែទាំដំរីមួយក្បាលនេះ រយៈពេលយូរប៉ុណ្ណានោះទេ ទើបបានជាគាត់មានមនោសញ្ចេតនាខ្ពស់ ប្រៀបបីដូចជាសមាជិកគ្រួសាររបស់គាត់ ដែលធ្វើឲ្យគាត់ឈឺចាប់ពើតផ្សា នៅពេលដែលបានបាត់បង់វាយ៉ាងដូច្នេះ។

គួរឲ្យដឹងបន្ថែមថា ក្រៅពីផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរ សត្វដំរីក៏ត្រូវបានគេចាត់ទុកថា ជាសត្វដ៏ពិសិដ្ឋបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេគោរពនិងឲ្យតម្លៃខ្ពស់។ ហើយវាក៏ត្រូវបានគេចាត់ទុកថា ជាព្រះ Hindu god Ganesh នៅក្នុងសាសនាហិណ្ឌូថែមទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]