ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរាយខ្សែលួសតភ្ជាប់ជាមួយចរន្តអគ្គិសនីដើម្បីឆក់កណ្តុរ តែបែរជាឆក់បុរសម្នាក់បណ្តាលឱ្យស្លាប់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចដីស្រែក្រោយភូមិខ្នោការ ភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះប្រឹម ម៉េងស្រៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នោការ ឃុំបារុង ល្វាឯម ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ជុំ ម៉ារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានរាយខ្សែលួសដោយតភ្ជាប់ជាមួយចរន្តអគ្គិសនីជុំវិញស្រែដើម្បីឆក់កណ្ដុរជារៀងរាល់ថ្ងៃ ។
លុះដល់វេលាកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្តិពីរនាក់ទៀតឈរលេងនៅខាងក្រោយភូមិ ពេលនោះជនរងគ្រោះបាននិយាយទូរស័ព្ទហើយក៏ដើរទៅវាលស្រែ ពេលដែលដើរឆ្ងាយចេញពីភូមិដល់វាលស្រែត្រង់ចំណុចកើតហេតុ ក៏ត្រូវខ្សែលួសដែលគេរាយសម្រាប់ឆក់កណ្ដុរនោះបានឆក់ជនរងគ្រោះបណ្តាលឱ្យដួល ឃើញដូច្នេះមិត្តភក្តិដែលឈរជាមួយបានស្ទុះទៅជួយទាញជនរងគ្រោះលើកបញ្ឈរបានបន្តិច ក្រោយមកជនរងគ្រោះក៏ដួលទៅវិញហើយស្លាប់បាត់តែម្ដង។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]