បច្ចុប្បន្ននេះឃើញថា មុខរបរលក់លៀសហាល មានវត្តមាននៅប្រទេសកម្ពុជាអស់ពេលជាច្រើនឆ្នាំមកហើយ ដែលនៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរទូទៅ បរិភោគយ៉ាងឆ្ងាយពិសារ ដែលមានរសជាតិឆ្ងាញ់ទៅតាមការផ្សំគ្រឿង កាប្រឡាក់អំបិល ការច្នៃប្រឌិត និងធ្វើឡើងរបស់អ្នកលក់ម្នាក់ៗ។

យ៉ាងណាមិញប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា លៀសហាលភាគច្រើនគេលក់នៅតាមការអួសរទះជាច្រើន តែមកដល់នឹងពេលនេះក៏ចាប់ផ្តើមមានកន្លែងខ្លះមានហាងលក់ ឬលក់នៅមុខផ្ទះរបស់ពួកគេជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ​លៀស​ហាលទាំងនោះ មានការឡើងថ្លៃរហូតដល់មួយកំប៉ុង ៤ពាន់ ៥ពាន់ ៨ពាន់ រហូតដល់១ម៉ឺនរៀល ខណៈដែលកាលពីប៉ុន្មានឆ្នាំមុននេះ លៀសហាលទាំងនោះលក់ត្រឹម ២កំប៉ុង ១ពាន់រៀលប៉ុណ្ណោះ។ 

លៀសហាល មួយកំប៉ុង១ម៉ឺនរៀល

នៅក្នុងថ្ងៃនេះដែលក្រុមការងារ ខ្មែរឡូត ក៏បាននាំគ្នាបង្វែលអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ឲ្យមកចាប់អារម្មណ៍កន្លែងលក់លៀសនៅម្តុំផ្សារអូឡាំពិច  ដែលល្បីថាឆ្ងាញ់ខ្លាំង បើកលក់អស់រយៈពេល២០ឆ្នាំជាងមកហើយ ដោយអ៊ំស្រីម្នាក់ឈ្មោះវុន ណារិន ដែលលក់ក្នុងតម្លៃរហូតដល់ ១ម៉ឺនរៀលក្នុងមួយកំប៉ុង ដែលមានរសជាតិយ៉ាងឆ្ងាញ់ពិសារ និងមានភ្ញៀវជាច្រើន ចូលទិញជាបន្តបន្ទាប់រហូតដល់អស់។

អ៊ុំស្រីវុន ណារិន
លៀសហាល មួយកំប៉ុង១ម៉ឺនរៀល
លៀសហាល មួយកំប៉ុង១ម៉ឺនរៀល

ទន្ទឹមនេះនេះដែរ យើងក៏បានធ្វើការសាកសួរ ពីការលក់ ក៏ដូចជាជីវប្រវត្តិខ្លះៗ និងការតស៊ូប្រឹងប្រែរបស់អ៊ំស្រី រហូតទទួលបានជីវភាពគ្រាន់បើជាងមុន ក្រោយបានជ្រើសរើសមុខរបរលក់លៀសហាលរយៈពេលជាច្រើនឆ្នាំមកនេះ។ ដោយក្នុងនោះអ៊ំស្រីបានរៀបរាប់ថា មុនដំបូងខ្លួនគ្រាន់តែជាអ្នកធ្វើស្រែចំការ ជីវភាពក៏លំបាក មានពេលខ្លះដើរលក់អាកោរ និងរបររបស់បន្តិចបន្តួចតាមផ្ទះ ដើម្បីដូរយកអង្ករបន្តិចបន្តួច។ ដោយសារតែរករបរនេះ ពិបាកពេក លោកអ៊ំក៏បាននាំស្វាមីមករស់នៅភ្នំពេញ ដើរលក់ម្ជូរ នំ ឬក៏ផ្លែឈើនៅមុខរោងចក្រ រីឯស្វាមីរត់ម៉ូតូឌុបបន្ថែមទៀតដើម្បីជួយសម្រាលជីវភាពគ្នា។

ដោយសារតែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ អ៊ំស្រីក៏សម្រេចចិត្តឈប់លក់របរបែបនេះ និងមកលក់លៀសហាលវិញ ដោយមុនដំបូងមួយកំប៉ុងត្រឹមតែ ៨០០រៀលប៉ុណ្ណោះ(២០ឆ្នាំមុន) ។ ដោយសារតែលក់ដាច់ ទទួលបានការគាំទ្រខ្លាំង អ៊ំស្រីក៏ចាប់ផ្តើមរកលៀសល្អៗមកលក់ ដែលបច្ចុប្បន្នយកមកមានតម្លៃថ្លៃ ដូច្នោះហើយទើបគាត់ លក់ក្នុងតម្លៃ ១ម៉ឺនរៀលយ៉ាងដូច្នោះ។

សម្រាប់ការលក់របស់អ៊ុំវិញ ក៏ជួបផលលំបាកខ្លាំងណាស់ដែល ព្រោះថាត្រូវឈរលក់ជារៀងរាល់ថ្ងៃ ពេលខ្លះហត់ ក្តៅខ្លាំងពេក ធ្វើឲ្យអ៊ំវិលមុខប៉ះពាល់ដល់សុខភាព ខណៈពេលដែលវ័យគាត់កាន់តែចាស់ផងនោះ។

អ៊ុំស្រីវុន ណារិន

ចំពោះលក្ខណៈពិសេស ដែលធ្វើឲ្យលៀសហាលរបស់អ៊ំស្រី លក់ក្នុងតម្លៃថ្លៃនោះគឺ ដោយសារតែលៀសនេះពិបាកនឹងរក ចំណែកឯកយកមកលក់ក៏ថ្លៃដែល១តៅ ២០ទៅ២៥ម៉ឺនឯណោះ។ មិនត្រឹមតែប៉ុណ្ណោះសាច់លៀសឆ្ងាញ់ សាច់ផ្អែមណែនល្អ មិនសូវមានដី ឬស្អុយនោះទេ(រើសយកលៀសល្អៗសុទ្ធ) រីឯគ្រឿងផ្សំនៃការប្រលាក់អំបិលវិញ ក៏អស់ច្រើន រសជាតិឆ្ងាញ់ រហូតក្នុងមួយថ្ងៃលក់បាន ២០០ ទៅ៣០០កំប៉ុង ពេលខ្លះលក់ដាច់ខ្លាំងរហូតបាន៨០០កំប៉ុងឯណោះ។

ទោះបីជាលៀសនេះមានតម្លៃថ្លៃ មានភ្ញៀវខ្លះនាំគ្នាស្រែកថាថ្លៃជាងគេយ៉ាងណាក្តី ក៏ប៉ុន្តែលៀសអ៊ំស្រី មិនដែលនៅសល់នោះទេ សឹងតែអស់រាល់ថ្ងៃ តែបើនៅសល់ សល់តែលៀសដែលថោកៗ អ៊ុំស្រីក៏អូសរទេះទៅលក់នៅមុខរោងចក្របន្ត នៅក្នុងតម្លៃថោក ដើម្បីឲ្យឆាប់អស់បានទៅផ្ទះ។ ទន្ទឹមនឹងការលក់លៀសហាលរយៈពេល២០ឆ្នាំជាងនេះដែល អ៊ុំស្រីក៏បានបង្ហើបថានៅថ្ងៃខាងមុខអ៊ុំ មិនចង់លក់បន្តទៀតនោះទេ ព្រោះថាវាពិតជាហត់ និងនៅក្រោមកំដៅថ្ងៃគ្រប់ពេល តែដោយសារ​តែបច្ចុប្បន្នជីវភាពហាក់មិនសូវធូរធារ ដូច្នោះអ៊ំបន្តលក់បែបនេះសិន។

ជាចុងក្រោយអ៊ុំស្រីមានតែម្រាមដៃដប់អរគុណដល់ អ្នកដែលធ្លាប់ទិញលៀសអ៊ំទាំងអស់ ដោយសារតែបានភ្ញៀវទិញបែបនេះ ទើបអាចជួយសម្រាលជីវភាពរបស់អ៊ំស្រីបាន។ ដូច្នោះបើសិនជាប្រិយមិត្ត មានចំណាប់អារម្មណ៍ចង់ជួយទិញ និងភ្លក់នូវរសជាតិលៀសហាល មានតម្លៃថ្លៃរបស់អ៊ំស្រី អាចរកទិញបាននៅផ្សារអូឡាំពិច៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖  

លៀសហាល មួយកំប៉ុង១ម៉ឺនរៀល
លៀសហាល មួយកំប៉ុង១ម៉ឺនរៀល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]