“Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ហើយ អាហារ​ពេល​ព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​សុខភាព​រាង​កាយ បើ​មិន​ញ៉ាំអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង ស្លាប់​មុន​អាយុ​ទៀត​ផង។ ប៉ុន្តែ​គ្នា​យើង​ធ្លាប់​ដឹង​ថា អាហារ​ពេល​ព្រឹក​បែប​ណា​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​អត់? អត្ថបទ​នេះ នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ដឹង​ច្បាស់​អាហារ​ពេល​ព្រឹក​មិន​គួរ​ញ៉ាំ។

១- ពពួក​នំ​ដុត

ភាគ​ច្រើន​យើង​ធ្លាប់​ឃើញ​គេ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​តែ​ក្នុង​ភាព​យន្ដដូច​ជា ការ​ញ៉ាំ​នំ​ដូណាត់​សម្រាប់ធ្វើ​ជា​អាហារ​ពេល​ព្រឹក។ ញ៉ាំ​បែប​នេះ​មិន​ខុស​នោះ​ទេ ប៉ុន្តែ​ក៏​ជម្រើស​អាក្រក់​បំផុត។ នំ​ដូណាត់ និង​ពពួក​នំ​ដុត​ដទៃ​ផ្សេង​ទៀត គឺ​សុទ្ធ​តែ​ផ្ទុក​ជាតិ​ស្ករ​ច្រើន មិន​សូវ​មាន​ផ្ទុក​ជាតិ​សរសៃ ឬ​គ្មាន​សោះ​តែ​ម្ដង អាច​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។ បើ​យើង​ចង់​ញ៉ាំ​របស់​ផ្អែមៗ​នៅ​ពេល​ព្រឹក គួរ​តែ​ជ្រើស​រើស​យក​នំ​ផ្អែម​មាន​ជាតិ​សរសៃ​ច្រើនដូចជា ផ្លែ​ប៉ោម ផ្លែសារី ឬ​ចេក​ជាដើម។

២- ទឹក​ផ្លែ​ឈើ

ទឹក​ផ្លែ​ឈើ ស្ដាប់​ទៅ​ដូច​ជា​​ល្អ​សម្រាប់​សុខភាព​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ គឺ​ជា​ជម្រើស​ដ៏​ល្អ បើ​យើង​ជ្រើស​រើស​យក​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​មក​ផឹក។ ប៉ុន្តែ​ពពួក​ទឹក​ផ្លែ​ឈើ​ដប ឬ​កំប៉ុង​ទិញ​ពី​ផ្សារ ឬ​តាម​តូប​ចាប់​ហួយ គឺ​សុទ្ធ​តែ​ផលិត​ឡើង​ដោយ​ដាក់​ជាតិ​ស្ករ​គេ​បម្លែង​រួច បន្ថែម​រស​ជាតិ​សប្បនិម្មិត និង​បន្ថែម​ពណ៌ ដូច​នេះ​ទឹក​ផ្លែ​ឈើ​ទាំង​អស់​នោះ មិន​សូវ​មាន​វីតាមីន ឬ​សារធាតុ​បំប៉ន​ច្រើន​នោះ​ទេ។ លើស​ពី​នេះ ដោយ​សារ​តែ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​ដប ឬ​កំប៉ុន​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​យើង  អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍មាន​កម្លាំង​ភ្លាមៗ​បន្ទាប់​ពី​ផឹក​រួច។ ប៉ុន្តែ​ថាម​ពល​បែប​នេះនឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២-៣ ម៉ោង​បន្ទាប់។ ហេតុ​នេះបើ​ផឹក​ទឹក​ផ្លែ​ឈើ​ប្រភេទ​នេះ​ជំនួស​អាហារ​ពេល​ព្រឹកមិន​ល្អ​ទេ។ បើ​អាច​គួរ​តែ​ផឹកទឹក​ផ្លែ​ឈើ​ស្រស់ៗ​ជំនួស​វិញ ឬ​ធ្វើ​ទឹក​ផ្លែ​ឈើ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ថែម​ស្ករ​ឡើយ។

៣- នំបុ័ង​អាំង

បើ​ញ៉ាំ​នំប៉័ង​អាំង​ទទេគ្មាន​អ្វី​ខុស​ខាត​ទេ ប៉ុន្តែ​បើ​បៀក​សូកូឡា និង​ប៊ឺរ​បន្ថែម​ទៀត យើង​នឹង​មាន​អារម្មណ៍ដូច​ជា​អ័រម៉ូន​អាដ្រេណាលីន​ចាល់​ឡើង​ក្នុង​ខ្លួន នឹង​មិន​ឃ្លាន​អ្វី​រាប់​ម៉ោង​ឯណោះ។ ប៉ុន្តែ​ត្រូវ​ដឹង​ថាវា​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ ហើយ​បើ​គ្មាន​ជម្រើស អាច​សាក​ល្បង​អាហារ​មិន​មាន​ជាតិ​គ្លុយ​តង់ (Gluten-free) និង​បន្ថែម​គ្រឿង​បន្តិច​បន្តួច​បាន​ហើយ។

៤- គ្រាប់​ធញ្ញជាតិ​ផ្អែមៗ

ជន​ជាតិ​អាមេរិក ចូល​ចិត្ត​អាហារ​គ្រាប់​ធញ្ញជាតិ​ដាក់​ស្ករ​នេះ​ណាស់។ ប៉ុន្តែ​វា​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ ព្រោះ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​មួយ​ចាន​គោម​សម្រាប់​អាហារ​ពេល​ព្រឹក គឺ​ពិត​ជា​ងាយ​ស្រួល​ និង​រហ័ស​បំផុត​សម្រាប់គ្នា​យើង​តែង​ក្រោក​ពី​គេង​យឺត​ពេល។ គ្រាប់​ធញ្ញជាតិ​ក្នុង​ប្រអប់ គឺ​មាន​ផ្ទុក​ជាតិ​ស្ករ បន្ថែម​រស​ជាតិ បន្ថែម​ពណ៌ សារធាតុ​គីមី និង​មាន​ផ្ទុក​សារធាតុ​រក្សា​គុណ​ភាព​បាន​យូរ។

៥- នំ​ពុម្ភ​ដុត

អាច​ញ៉ាំ​នំពុម្ភ​ដុត​បាន ប្រសិន​បើ​ចង់​ញ៉ាំ​ជាតិ​ម្សៅ ប្រេង ឬ​ប៊ឺរ និង​ត្រូវ​ការ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន។ អាហារ​ប្រភេទ​នេះ មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ណាស់ ដូច​នេះ​ក៏​មិន​មែន​ជា​អាហារ​ពេល​ព្រឹក​ល្អនោះ​ដែរ។ បើ​គ្មាន​ជម្រើស អាច​ញ៉ាំ​នំ​ដុត​ដោយ​ប្រើ​ម្សៅ​គ្មាន​ជាតិ​គ្លុយ​តង់ ប្រើ​ស្ករ​ក្រហម​ជំនួស​ស្ករ​កែ​ច្នៃ ចាក់​ទឹក​ស្ករ​បន្ថែម ឬ​ប្រើ​ទឹក​ប៉ម និង​ទឹក​ចេក។

៦- នំ​បន្ទះ

នំ​បន្ទះ ជា​នំ​ដំបូង​គេ​បំផុត ត្រូវ​បាន​ផ្សាយ​បោក​បញ្ឆោត​ថា ​ជា​នំ​ល្អ​សម្រាប់​សុខ​ភាព​នៅ​តាម​កញ្ចក់​ទូរទស្សន៍។ នំ​បន្ទះ​ទាំង​នោះ មាន​ជាតិ​ស្ករ​កែ​ច្នៃ​ខ្ពស់​ណាស់ ហើយ​ក៏​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ល្អ​ជា​ច្រើន​ដូច​គ្នា។ បើ​ចង់​ញ៉ាំ​នំ​បន្ទះ​នេះ អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ស្រូវ​សាឡី លាយ​ជាមួយ​ប៊ឺរ​ធ្វើ​ពី​សណ្ដែក ទឹក​ឃ្មុំ អាច​បន្ថែម​ផ្លែ​ប៉ោម ឬ​ប្រើ​សណ្ដែក​ដី ដើម្បី​ឲ្យ​នំ​កាន់​តែ​ស្រួយ​ឆ្ងាញ់។

៧- នំ​ផែន​ខេក និង​ទឹក​សេរ៉ូ Maple សប្បនិម្មិត

ក្មេងៗ​ភាគ​ច្រើន ចូល​ចិត្ត​នំ​ផែន​ខេក​ខ្លាំង​ណាស់ ដោយ​សារ​តែ​វា​ទន់ ស្រាល​នៅ​ខាង​ក្នុង និង​មាន​រស់​ជាតិ​ផ្អែម។ នំ​ផែន​ខេក និង​ទឹក​សេរ៉ូ Maple សប្បនិម្មិត​នេះ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​យ៉ាង​លឿន។ អាហារ​ប្រភេទ​នេះ ក៏​មិន​ងាយ​រំលាយ​ដែរ ហេតុ​នេះ​មិន​ថា​យើង​ញ៉ាំ​វា​នៅ​ពេល​ណា​ក៏​ដោយ ក្រពះ​មិន​ងាយ​រំលាយ​វា​បាន​រហ័ស​នោះ​ទេ។សរុប​សេចក្តី​មក អាហារ​ពេល​ព្រឹក​ខាង​លើ​ គឺ​ពេញ​និយម​ខ្លាំង​សម្រាប់​ពួកអឺរ៉ុប អាមេរិក និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ប៉ុន្តែ​នៅ​អាស៊ី​អាគ្នេយ៍​យើង​វិញ អាហារ​ពេល​ព្រឹក​ពេញ​និយម​បំផុត មាន​បាយ បបរ គុយទាវ មី ហើយ​ក៏​ជា​ជម្រើស​អាហារ​ពេល​ព្រឹក​ល្អ​មួយ​ សម្រាប់​សុខភាពយើង​ដែរ ប៉ុន្តែ​គ្រាន់​តែ​កុំ​លោភ​គ្រឿង​ពេក ញ៉ាំ​រសជាតិ​សាប​ល្មម មិន​ប្រៃ កាន់​តែ​ល្អ​សម្រាប់​សុខភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]