ខេត្តស្ទឹងត្រែង ៖ បុរស​ពីរ​នាក់​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង​នា​ព្រឹក ថ្ងៃ​ទី​១០ ឧសភា​នេះ ក្រោយ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ចោរកម្ម​ប្រព្រឹត្ត​នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ កាលពី​ថ្ងៃ​ទី​៤ ឧសភា ២០១៩​។

មន្ត្រី​នគរបាល​ស្រុក​សៀម​ប៉ា​ង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក កាលពី​ព្រឹក ថ្ងៃ​ទី​១០ ឧសភា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដោយ​ពាក់ព័ន្ធ​ក្នុង​ករណី​លួច សត្វ​គោ​ចំនួន​៣​ក្បាល កាលពី​ថ្ងៃ​ទី​៤ ឧសភា ២០១៩​។

មន្ត្រី​នគរបាល​ដដែល​បន្ត​ថា ការ​ចាប់ ជនសង្ស័យ​ខាងលើ​សមត្ថ​កិ​ច្វ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នក​ទទួលផល​ចោរកម្ម​បន្ទាប់​មក​ទើប​ឈាន​ទៅ​ចាប់ខ្លួន​ជន​ដៃដល់​ធ្វើ​សកម្មភាព​លួច​។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គី ប៊ុ​ន​ម៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឡា​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ជា​ជន​ដៃដល់​ធ្វើ​សកម្មភាព​លួច​។ រីឯ​ម្នាក់​ទៀត​គឺ​អ្នក​ទទួលផល​ចោរកម្ម​ឈ្មោះ មីន សារី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ពលរដ្ឋ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ​ស្រុក​សៀម​ប៉ា​ង​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​សត្វ​គោ​ឈ្មោះ នុ​ត និ​ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៤ ឧសភា ២០១៩ គាត់​បាន​បាត់​សត្វ​គោ​ចំនួន​៣​ក្បាល បន្ទាប់​ពី​បាត់​គាត់​ក៏​បាន​ដើរ​រកតែ​រក​មិនឃើញ​។ លុះ​មក​ដល់​ថ្ងៃ​ទី​៩ ឧសភា​នេះ ទើប​ប្រទះ​ឃើញ​សត្វ​គោ​របស់​ខ្លួន នៅផ្ទះ​ឈ្មោះ មីន សារី ដែល​ជាទី​តាំង​កាប់​សាច់​គោ​លក់​។

ខណៈ​ប្រទះ​ឃើញ​សត្វ​គោ​របស់​ខ្លួន​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច រហូត​ឈាន​ដល់​ឃាត់ខ្លួន​អ្នក​លួច​គោ និង​អ្នក​ទទួលផល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុ​សៀម​ប៉ា​ង​។ ក្រោយ​ការ​ឃាត់ខ្លួន​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង​កម្លាំង​ជំនាញ​ក៏​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]