ជាការពិត មនុស្សម្នាក់ៗត្រូវតែមានគូ​ គ្រប់គ្នាត្រូវតែរៀបការ សាងគ្រួសារមួយជារបស់ខ្លួនឯង ប៉ុន្តែការរៀបការ គឺជារឿងសំខាន់មួយផ្នែកសម្រាប់ជីវិត ដែលត្រូវគិត សម្រេចចិត្តឱ្យបានមត់ចត់ ព្រោះយើងត្រូវទទួលយកមនុស្សម្នាក់ផ្សេងទៀត ដែលពុំធ្លាប់ជាអ្វីនឹងយើងសោះ ឱ្យចូលមករួមដំណើរ ស្មើនឹងពាក់កណ្ដាលជីវិតជាមួយនឹងយើង ដូច្នេះហើយ មិនអាចលេងសើច រៀបការយ៉ាងឆាប់រហ័សបានឡើយ។

ប៉ុន្តែសំណួរសួរថា " តើរៀបការដើម្បីអ្វី? ដើម្បីឱ្យខ្លួនឯងមានគូ មានអនាគត មានគ្រួសារ ដើម្បីក្ដីសុខ សុភមង្គលក្នុងជីវិតខ្លួនឯង ឬរៀបការព្រោះតែខ្លាចគេថា នៅព្រៅ សៅកែ គ្មានអ្នកណាស្រឡាញ់ រៀបការព្រោះខ្លាចខ្មាសគេ? "

រូបតំណាង

យុវវ័យមួយចំនួន សុខចិត្តរៀបការព្រោះតែហេតុផលមិនសមស្របជាច្រើន ៖

- រៀបការព្រោះតែត្រូវម៉ាក់ប៉ាបង្ខំ
- រៀបការព្រោះចង់បានលុយបណ្ណាការ លុយចំណងដៃយកមករកស៊ី
- រៀបការព្រោះខ្លាចញាតិមិត្ត បងប្អូនសើចចំអក
- រៀបការព្រោះតែឃើញគេការអស់
- រៀបការព្រោះតែអាយុច្រើន ខ្លាចចាស់ខក
- រៀបការព្រោះតែបញ្ហានៅក្នុងគ្រួសារ
- រៀបការព្រោះតែចង់បំភ្លេចស្នេហាចាស់ ឬព្រោះតែខ្លាចភាពឯកា
- រៀបការព្រោះសម្លឹងឃើញទ្រព្យសម្បត្តិគេ
- រៀបការព្រោះឃើញក្រុមគ្រួសារគេជាអ្នកមាន
- រៀបការព្រោះតែអារម្មណ៍ជ្រួលច្រាលមួយឆាវ -ល-។

រូបតំណាង

តើការសម្រេចចិត្តរៀបការព្រោះតែចំណុចទាំងប៉ុន្មានហ្នឹង អ្នកសង្ឃឹមទេថា ជីវិតរៀបការ ជីវិតគ្រួសាររបស់អ្នក នឹងបានល្អប្រសើរ មានក្ដីសុខ មានសុភមង្គលពិតប្រាកដនោះ? ការរៀបការ មិនមែនគ្រាន់តែរៀបការដើម្បីលុបលាងភាពអាម៉ាស់ មិនមែនរៀបការព្រោះតែលុយ មិនមែនរៀបការព្រោះតែចង់លើកមុខមាត់ឱ្យក្រុមគ្រួសារ ក៏មិនមែនរៀបការព្រោះតែចង់គេចពីបញ្ហាប៉ុណ្ណឹងនោះទេ មិនថាអ្នកនៅក្មេង ឬអាយុច្រើនប៉ុនណាក៏ដោយ កុំសម្រេចចិត្តរៀបការព្រោះតែហេតុផលអស់ទាំងហ្នឹង វាមិនគប្បី ហើយវាក៏មិនមានក្ដីសុខ​ និងសុភមង្គលសម្រាប់ដៃគូ ជាពិសេសគឺ សម្រាប់អ្នកខ្លួនអ្នកផ្ទាល់។

រូបតំណាង

មុននឹងសម្រេចចិត្តរៀបការ អ្នកត្រូវដឹងថា ជីវិតគូត្រូវតែបានយូរអង្វែង មិនមែនដូចសង្សារចង់បែក ចង់ដូរពេលណាក៏បាននោះទេ។ ជីវិតប្ដីប្រពន្ធ គឺត្រូវអត់ធន់គ្រប់រឿង មិនថារឿងតូចរឿងធំ រឿងធ្ងន់រឿងស្រាល គឺត្រូវអត់ឱន និងអធ្យាស្រ័យឱ្យគ្នាឱ្យបាន។ រៀបការ គឺត្រូវជ្រើសយកអ្នកណាដែលអ្នកយល់ថា គេអាចផ្ដល់ស្នាមញញឹម និងក្ដីសុខសុភមង្គលឱ្យដល់គ្រួសារមួយនេះបាន អាចធ្វើគ្រប់យ៉ាង ដើម្បីឱ្យគ្រួសារមួយនេះ មានមុខមានមាត់ក្នុងសង្គម មិនមែនការជាមួយអ្នកធំ ហើយយំសោក បោកខ្លួន គ្រាំគ្រាចិត្ត ហត់នឿយគំនិតរាល់ថ្ងៃនោះឡើយ។​ រៀបការដើម្បីឱ្យខ្លួនឯងមានអនាគត មានក្ដីសុខ គ្រួសារមានសុភមង្គល មិនមែនបង្អូតអ្នកផ្សេង ប្រជែងអ្នកណានោះទេ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]