ហ្វីលីពីន៖ បុរសជាឪពុកជនជាតិហ្វីលីពីនម្នាក់ ទទួលបានការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយវីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយ បង្ហាញពីសកម្មភាពរាំនៅមុខឆាក តាមកូនស្រីរបស់គាត់។

លោក Rjay Tolentino រាំតាមកូនស្រីមុខឆាក

បុរសជាឪពុករូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Rjay Tolentino មានអាយុ ៣៥ឆ្នាំ (មានកូន៤នាក់ក្នុងគ្រួសារ)។ ចំណែកឯ កូនស្រីតូចច្រឡឹងដ៏គួរឲ្យស្រលាញ់របស់គាត់វិញ ឈ្មោះ Lyra Jaz អាយុ ៦ឆ្នាំ។

កាលពីថ្ងៃទី៩ មីនា ឆ្នាំ២០១៩ កន្លងទៅ កូនស្រីរបស់លោក Tolentino បានចូលរួមប្រកួត ដ៏ដូចជាបង្ហាញសមត្ថភាពរាំ នៅក្នុងកម្មវិធីនៃការសម្ដែងទេពកោសល្យកុមារប្រចាំឆ្នាំ នៅក្នុងសាលាមត្ដេយ្យរបស់នាងរៀន ក្នុងទីក្រុង Pasig ប្រទេសហ្វីលីន។

នាងតូច Lyra បានសម្ដែងក្បាច់រាំនៅលើឆាក (Hula បែប Polynesian Dance) មុខសិស្សៗដទៃទៀត ក៏ដូចជាអាណាព្យាបាលរបស់ពួកគេបានទស្សនា។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខុសពីអាណាព្យាបាលសិស្សដទៃ ពោលគឺលោក Tolentino បានចេញមកឈររាំនៅមុខឆាក ជាមួយនឹងកូនស្រីគាត់ ដើម្បីជាការផ្តល់ភាពកក់ក្តៅដល់នាង។

លោក Rjay Tolentino រាំតាមកូនស្រីមុខឆាក

លោក Tolentino បាននិយាយថា លោកដឹងថាកូនស្រីរបស់លោកអៀននៅក្នុងការរាំចង្វាក់មួយនេះ ដូច្នេះហើយទើបបានជាលោកសម្រេចចិត្តធ្វើបែបនេះ ដើម្បីឲ្យនាងមានអារម្មណ៍ថាល្អប្រសើរ មិនភ័យខ្លាច ហើយក៏ជឿជាក់លើខ្លួនឯង។

ថ្លែងប្រាប់សារព័ត៌មាន ឪពុកកូន៤រូបនេះនិយាយថា «ខ្ញុំដឹងថាកូនស្រីសំណព្វចិត្តខ្ញុំ នាងប្រាកដជាមានអារម្មណ៍ច្របូកច្របល់នៅលើឆាក។ ដូច្នេះខ្ញុំត្រូវតែព្យាយាមធ្វើអ្វីម្យ៉ាង ដើម្បីជួយឲ្យនាងមានអារម្មណ៍ធូរស្បើយល្អ»

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ទើបតែទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះនៅលើបណ្តាញសង្គម បន្ទាប់ពីមានការចែករំលែកច្រើន (Share) ។ ក្នុងនោះ អ្នកខ្លះក៏បាននិយាយថា បុរសជាឪពុករូបនេះ ពិតជាធ្វើបានល្អក្នុងការផ្តល់កម្លាំងចិត្តឲ្យកូនស្រីគាត់ ដែលគួរឲ្យសរសើរ។ ព្រោះថ្វីបើគាត់ជាមនុស្សប្រុសមែន ប៉ុន្តែមិនមានភាពខ្មាស់អៀន នៅក្នុងការបង្ហាញសកម្មភាពបែបនេះ៕

ទស្សនាវីដេអូខាងក្រោម៖  

លោក Rjay Tolentino រាំតាមកូនស្រីមុខឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]