(ស្វាយរៀង)៖ ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម ខណៈដែលយាយដាក់ឲ្យចៅដេកលើផ្ទះ ហើយដឹកក្របីទៅចងនៅឯវាលស្រែ លុះដល់យាយត្រឡប់មកផ្ទះវិញ ទៅរកចៅមិនឃើញក៏ដើររកមើលម្តុំស្រះស្រាប់តែ ឃើញចៅទាំង២នាក់ អណ្តែតក្នុងស្រះទឹកមិនដឹងថា ចៅទាំង២នាក់ ចុះពីលើផ្ទះដើរចូលស្រះទឹកពីពេលណានោះទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

បើតាមជីដូនរបស់កុមាររងគ្រោះឈ្មោះ ឡាញ ធឿន បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតគាត់បាននាំចៅទាំង២នាក់ ទៅដេកលើផ្ទះ រួចគាត់ដើរទៅដឹកក្របីយកទៅចងនៅឯវាលស្រែ។ លុះដល់គាត់ត្រឡប់មកវិញឡើងលើផ្ទះស្រាប់បាត់ចៅទាំងមិនដឹងថាទៅណានោះទេ។

ខណៈនោះគាត់ក៏ដើររកតែមិនឃើញសោះសង្ស័យធ្លាក់ទឹកស្រះ ក៏ដើរទៅរកមើលនៅស្រះទឹកស្រាប់តែឃើញចៅអណ្តែតទឹកស្រះ ក៏ចុះស្រង់លើកឡើងលើគោកប៉ុន្តែចៅទាំង២ បានស្លាប់បាត់បង់ជីវិតទៅហើយ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា សពក្មេងប្រុសទី១៖ ឈ្មោះ អុល សម្បត្តិ អាយុ២ឆ្នាំ ឪពុកមានឈ្មោះ ណុំ អុល អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ រ័ត្ន ធី អាយុ ២៥ឆ្នាំ និងទី២៖ ឈ្មោះ សុខ រាជពិស័ត្ត អាយុ២ឆ្នាំ ឪពុកឈ្មោះ សុខ វ៉ែន អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ អ៊ូ ធីដា អាយុ៣០ឆ្នាំ អ្នកទាំងអស់រស់នៅភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ ក្រោយពីមានក្មេងលង់ទឹកស្រះស្លាប់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ពាក់ពន្ធ័ទៅនឹងករណីលង់ទឹកស្លាប់ក្មេងពីរនាក់នេះដែរ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តែងតែក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុជាពិសេសមិនត្រូវបណ្តោយឱ្យក្មេងតូចៗ នៅផ្ទះម្នាក់ឯងនិងនៅលេងក្បែមាត់ ស្រះទឹក ព្រែក បឹងបួរនោះទេព្រោះវានាំឱ្យរអិលជើងធ្លាក់ លង់ទឹកស្លាប់ដែលមិនអាចនឹកស្មានដល់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]