រាជធានីភ្នំពេញ ៖ សិប្បកម្មកែច្នៃឈើ និងផលិតបារីមួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការត្រួតពិនិត្យ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលមានការសង្ស័យថាទីតាំងសិប្បកម្មកែច្នៃឈើខាងលើយកកម្ទេចអាចម៍រណារ.លាយជាមួយថ្នាំជក់ផលិតជាបារី ដែលរឹតតែបង្កផលប៉ះពាល់ដល់សុខភាពអ្នកជក់កាន់តែខ្លាំងនោះ។
ប្រតិត្តិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ហើយសិប្បកម្មខាងលើនោះមិនមានស្លាកយីហោឡើយ និងមានទីតាំងស្ថិតនៅក្នុងភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកម្លាំងសមត្ថកិច្ចខាងលើបានឲ្យដឹងថា សិប្បកម្មកែច្នៃឈើខាងលើមួយនេះគ្មានស្លាកយីហោត្រឹមត្រូវនោះឡើយ ដែលមានម្ចាស់ឈ្មោះលាង តុងឡេង ភេទប្រុស អាយុ៣៥ឆ្នាំ ហើយនៅក្នុងសិប្បកម្មនោះមានកែច្នៃឈើផង និងផលិតបារីម៉ាក Ligunផង ។ អ្វីដែលកម្លាំងចុះទៅធ្វើការត្រួតពិនិត្យនាពេលនេះគឺបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា មានការផលិតបារីមិនប្រក្រតី។ដោយខាងសិប្បកម្មខាងលើនេះបានយកកម្ទេចអាចម៍រណារទៅផលិតជាបារីលក់ចែកចាយតាមបណ្ដាទីផ្សារនានា ដែលប្រការនេះនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកជក់ទូទៅយ៉ាងខ្លាំង។
តាមប្រភពដដែលបានបន្តថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍ខាងលើនេះភ្លាម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមសហការពីមន្ត្រីបរិស្ថានខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អ៊ុំ សុភ័ក្រ បានចុះទៅកាន់សិប្បកម្មខាងលើនោះដើម្បីធ្វើការត្រួតពិនិត្យជាក់ស្ដែង និងសួររកលិខិតច្បាប់អនុញ្ញាតផ្សេងៗទៀតផងដែរ។
ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ភ្លាម ត្រូវបានខាងម្ចាស់សិប្បកម្មមួយនេះធ្វើការរារាំងមិនឲ្យចូលទៅខាងក្នុងឡើយ ដោយសារតែគ្មានការសហការពីម្ចាស់សិប្បកម្ម ទើបកម្លាំងសមត្ថកិច្ចត្រូវបានរង់ចាំនៅខាងមុខមាត់ច្រកចូលសិប្បកម្មប្រហែល១ម៉ោង ទើបក្រោយមកម្ចាស់សិប្បកម្មអនុញ្ញាតឲ្យកម្លាំងសមត្ថកិច្ចចូលទៅពិនិត្យមើលជាក់ស្ដែង។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលកម្លាំងសមត្ថកិច្ចចូលទៅដល់បានពិនិត្យឃើញថា នៅក្នុងទីតាំងសិប្បកម្មនោះចែកចេញជា២ផ្នែក គឺផ្នែកខាងមុខកែច្នៃឈើប្រភេទអាកាស្យា និងប្រេងខ្យល់សម្រាប់តម្រូវការតាមការដ្ឋានសំណង់ រួមទាំងពិដានផ្ទះផងដែរ ។
ចំណែកផ្នែកខាងក្រោយផលិតបារីម៉ាក Ligun ដែលការផលិតបារីបានយកថ្នាំជក់ និងកម្ទេចអាចម៍រណារផ្សំលាយចូលគ្នាយ៉ាងពិតប្រាកដដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មែន ។ ដែលប្រការនេះជាទង្វើខុសច្បាប់ហើយបារីនេះនឹងបំផ្លាញសុខភាពមនស្សយ៉ាងធ្ងន់ធ្ងរ ហើយក៏មិនដឹងថាតើទីតាំងមួយនេះផលិតបានច្រើនប៉ុនណា និងចែកចាយទៅកាន់ទីផ្សារណាខ្លះហើយនោះទេ។
ក្នុងខណៈពេលកម្លាំងចម្រុះចុះធ្វើការត្រួតពិនិត្យនោះ ម្ចាស់ទីតាំងខាងលើបានប្រាប់ថា គាត់បានជួលទីតាំងនេះទៅឲ្យជនជាតិចិន១ក្រុម ដើម្បីបើកសិប្បកម្មកាលពីជាង៤ខែមុន ហើយជនជាតិចិនបានបើកកែច្នៃឈើ និងផលិតបារីនេះ ប៉ុន្តែជួលបានត្រឹមត១ខែប៉ុណ្ណោះក៏ឈប់ជួលទៅវិញ ។ ក្រោយពេលឈប់ជួល ការផលិតបារីបានផ្អាកទាំងស្រុង ហើយជនជាតិចិនមិនទាន់មកដឹកយកម៉ាសុីនផលិតបារីចេញពីទីតាំងនេះនៅឡើយទេ ចំណែកខាងសិប្បកម្មកែច្នៃឈើត្រូវបានគាត់ដែលជាម្ចាស់ទីតាំងយកដំណើរការជាបន្តរហូតមកដល់ពេលនេះទើបបានរយៈពេល៣ខែប៉ុណ្ណោះ ។
ទោះបីជាបែបណា ប្រជាពលរដ្ឋបាននិយាយថា ទីតាំងសិប្បកម្មមួយនេះមិនមែនទើបតែបើករយៈពេល៤ខែដូចការអះអាងពីម្ចាស់នោះទេ គឺពួកគាត់បានឃើញ និងដឹងថាបើកដំណើរការយូរមកហើយ និងមានការសង្ស័យផលិតបារីពីកម្ទេចឈើយូរមកហើយដែរ ប៉ុន្តែពួកគាត់មិនហ៊ានចូលទៅមើលទេ ព្រោះគ្មានសិទ្ធិនឹងចូលទៅបាន ទើបតែក្នុងពេលថ្មីៗនេះពួកគាត់បានដឹងច្បាស់ទើបលួចរាយការណ៍ជូនអាជ្ញាធរចុះត្រួពិនិត្យតែម្ដង។
ក្រោយការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញថាទីតាំងសិប្បកម្មខាងលើនេះគ្មានច្បាប់អនុញ្ញាតឡើយ ព្រមទាំងមានការផលិតបារីពីកម្ទេចឈើទៀត ប៉ុន្តែខណៈនោះកម្លាំងសមត្ថកិច្ចខាងលើមិនបានធ្វើការដកហូតសម្ភារៈទាំងនោះនាំយកទៅរក្សាទុកនោះទេ គឺគ្រាន់តែបិទផ្អាកជាបណ្ដោះអាសន្ន រង់ចាំឲ្យម្ចាស់ទីតាំងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវសិន មុននឹងបន្តអាជីកម្មរបស់ខ្លួនទៀតតែប៉ុណ្ណោះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]