រាជធានីភំ្នពេញ៖ នៅថ្ងៃទី០៩ ខែឧសភានេះ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំកម្មវិធីសិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វកក្រោមប្រធានបទ «ចិញ្ចឹមជ្រូកបាន បើយល់ដឹងពី ជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF)» នៅសណ្ឋាគារហ្គាដិន ស៊ីធី ភ្នំពេញ ។

កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយលើការយល់ដឹងពីស្ថានភាពនៃជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF)៖ ផលប៉ះពាល់ ការប្រុងប្រយ័ត្ន និងការការពារជំងឺ ដែលរាតត្បាតពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ក្រោមការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តសត្វនៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វឯកជន កសិករមកពីខេត្តនានា និងដៃគូអាជីវកម្មដែលសហការជាមួយក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ជាដើម។

យោងតាមលោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ នៃសាកលវិទ្យាល័យជូឡាឡុងកន បានមានប្រសាសន៍ថា៖ 

«ជំងឺប៉េស្តជ្រូកអាហ្រិ្វក ត្រូវបានរាតត្បាតពីប្រទេសអាហ្វ្រិកទៅដល់អឺរ៉ុប និងអាស៊ី ហើយជំងឺនេះអាចបង្ករជាបញ្ហាចោទលើផ្នែកសេដ្ឋកិច្ច និងសង្គម ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលា។ ជំងឺនេះជាជំងឺដែលបង្កដោយវីរុសដែលធន់នឹងបរិយាកាសខាងក្រៅ វានៅក្នុងលាមកសត្វ កាកសំណល់ សម្លៀកបំពាក់ និងយានយន្តជាដើម។ ឧទាហរណ៍៖ ស្ថានភាពជំងឺដែលរាតត្បាតនៅប្រទេសចិន និងប្រទេសវៀតណាមជាដើម។ បច្ចុប្បន្ននេះ មេរោគនេះត្រូវបានរកឃើញនៅក្នុងខេត្តរតនគិរី ដោយរកឃើញនៅលើជ្រូកដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ប៉ុន្តែទាំងស្ថាប័នរដ្ឋនិងអង្គភាពឯកជនបានគ្រប់គ្រងស្ថានភាពជំងឺនេះទាន់ពេលវេលា»។
កម្មវិធីសិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វក

លោកវេជ្ជបណ្ឌិត Roongroje ក៏បានលើកឡើងថា៖ 

«ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ ទាំងមន្រ្តីជំនាញក្នុងជួរដ្ឋាភិបាល ស្ថាប័នឯកជន ម្ចាស់កសិដ្ឋាន និងកសិករទាំងអស់ចូលរួមទប់ស្កាត់ និងកម្ចាត់ការរាលដាលពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (African Swine Fever) នេះ ហើយចូលរួមផងដែរ ក្នុងការរាយការណ៍លើការសង្ស័យណាមួយនៃជំងឺទៅមន្ត្រីជំនាញ នៅស្ថាប័នរដ្ឋ អង្គការ និងអង្គភាពឯកជនដែលកំពុងធ្វើការលើបញ្ហានេះ»។
កម្មវិធីសិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វក

លោក គុជ សុខគ្រុយ ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅខេត្តកណ្តាលបាននិយាយថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) និងវិធីបង្ការមេរោគនេះកុំឱ្យឆ្លងរាលដាលពីជ្រូកមួយទៅជ្រូកមួយទៀត។ ទោះបីជាមានជំងឺនេះ កើតមានឡើងនៅលើសត្វជ្រូក ប៉ុន្តែវាមិនអាចចម្លងដល់មនុស្សទេ ដែលជាហេតុធ្វើឱ្យរូបលោកនៅតែបន្តការចិញ្ចឹមសត្វជ្រូក និងលើកទឹកចិត្តដល់កសិករដទៃទៀតបន្តចិញ្ចឹម។ ជាមួយគ្នានេះដែរលោក និន បូរ៉ា ជាម្ចាស់កសិដ្ឋាននៅខេត្តតាកែវបានឲ្យដឹងថា៖ 

«ខ្ញុំទទួលបានចំណេះដឹងស៊ីជម្រៅជាងមុនអំពីជំងឺប៉េស្តជ្រូកអាហ្រិ្វកនេះ ស្រាយចម្ងល់មួយចំនួន និងទទួលបានចំណេះដឹងក្នុងការសង្កេតមើលស្ថានភាពជំងឺ និងវិធីបង្ការជាដើម»។
កម្មវិធីសិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វក

ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក ជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយមេរោគនេះរស់នៅជុំវិញបរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈ៖ (១) ការប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និងលាមកជ្រូកមានជំងឺ (២) ការដកដង្ហើមចូលដែលមានមេរោគក្នុងខ្យល់ (៣) ការស៊ីចំណីដែលជាកាកសំណល់ផ្ទះបាយដែលមានមេរោគ (៤) ជ្រូកព្រៃក៏ជាភ្នាក់ងារចម្លងជំងឺបាន តែវាមិនបង្ហាញអាការជំងឺឱ្យឃើញ និង (៥) យានយន្ត សម្លៀកបំពាក់ និងឧបករណ៍ដែលមានមេរោគ

លោកវេជ្ជបណ្ឌិត Roongroje បានបន្ថែមថា មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ ប្រជាជនត្រូវស្វែងយល់ឲ្យបានច្បាស់ពីការគ្រប់គ្រងផ្នែកបច្ចេកទេស ដឹងពីរបៀបបង្ការក្នុងការអនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋាន និងសហការក្នុងផ្តល់ព័ត៌មានដល់ភ្នាក់ងារសុខភាពសត្វ។

អាការជំងឺ៖ ជ្រូកមានកម្តៅខ្ពស់ ស្បែកឡើងក្រហមមានកន្ទួលឈាមហើយមានស្នាមជាំលើស្លឹកត្រចៀក ពោះ និងជើងក្រោយ មានអាការពិបាកក្នុងការដកដង្ហើម បញ្ហាខាងប្រព័ន្ធរំលាយអាហារ លាមករាកមានលាយឈាម ជ្រូកមានការរលូតកូន ឬកូនកើតមកភ្លាមងាប់ភ្លាមជ្រូកអាចងាប់ភ្លាមៗដោយមិនមានរោគសញ្ញាអ្វីទំាងអស់។

ដូច្នេះការគ្រប់គ្រង និងការការពារមេរោគមានដូចជា៖ អនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋាន ពេលចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសម្លៀកបំពាក់ ស្បែកជើង និងជ្រលក់ទឹកថ្នាំសម្លាប់មេរោគ ពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋាន គ្មានការទិញលក់ ឬនាំសត្វជ្រូកចូលដោយមិនមានប្រភពច្បាស់លាស់ ធ្វើការសម្អាតកសិដ្ឋានដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់សម្លាប់មេរោគលើយាន្តជំនិះមុនចេញចូលកសិដ្ឋាន ចៀសវាងក្នុងការនាំផលិតផលសាច់ជ្រូកចូលក្នុងកសិដ្ឋាន និងចៀសវាងការឱ្យចំណីជ្រូកជាកាកសំណល់ផ្ទះបាយ។

គួរបញ្ជាក់ដែរថា ប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក នឹងធ្វើឱ្យសត្វជ្រូកងាប់ជាច្រើន (អាចនឹងមានអាត្រាងាប់១០០ភាគរយ) ដែលជំងឺនេះមិនទាន់មានវ៉ាក់សាំង និងវិធីព្យាបាលនៅឡើយទេ ប៉ុន្តែវាជាជំងឺដែលមិនឆ្លងទៅមនុស្ស៕

កម្មវិធីសិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វក
កម្មវិធីសិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]