ជប៉ុន៖ រំញ្ជួយដីកម្រិតខ្លាំង ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូង ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១០ ឧសភា ឆ្នាំ២០១៩ នេះ។

តាមការឲ្យដឹងពីទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា រញ្ជួយដីកម្រិតខ្លាំង ៦,៣រ៉ិចទ័រ នេះ បានវាយប្រហារនៅចន្លោះម៉ោងប្រមាណ ៨នឹង៤៨នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតនៅឡើយទេ។ បន្ថែមលើនេះ រញ្ជួយដីនេះក៏ពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ដែលនឹងអាចកើតឡើងនោះឡើយ។

រញ្ជួយដីកម្រិតខ្លាំង ៦,៣រ៉ិចទ័រ នៅជប៉ុន

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងទៀតថា រញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ២៤គីឡូម៉ែត្រ ដែលបានបង្កជាការរំញ័រ ឬរញ្ជួយយ៉ាងខ្លាំង នៃតំបន់ក្បែរចំណុចកណ្តាលទីក្រុង Miyazaki ភាគនិរតីនៃកោះ Kyushu ។

ភ្លាមៗក្រោយរញ្ជួយដីនេះបានវាយប្រហារ ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានចេញការព្រមានជាបន្ទាន់ផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងតំបន់មានការប្រុងប្រយ័ត្ន ខណៈសូម្បីតែប៉ុស្តិ៍ទូរទស្សន៍ NHK ក្នុងស្រុក ក៏បានធ្វើការផ្លាស់ប្តូរកម្មវិធីផ្សាយពិសេសរបស់ខ្លួនវិញ ដើម្បីងាកមកស្តីពីស្ថានភាពនៅតំបន់កោះ Kyushu នេះផងដែរ។

រញ្ជួយដីកម្រិតខ្លាំង ៦,៣រ៉ិចទ័រ នៅជប៉ុន

គួរឲ្យដឹងផងដែរថា ជប៉ុន គឺជាប្រទេសដែលស្ថិតនៅក្នុងផ្នែកមួយ នៃមហាសមុទ្រប៉ាស៊ីហ្វិច និងត្រូវបានគេហៅថា «Pacific Ring Fire» ដែលសកម្មនឹងគ្រោះមហន្តរាយធម្មជាតិដ៏ខ្លាំងក្លាដូចជា គ្រោះរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងជាដើម ដែលត្រូវបានគេកត់ត្រា។

ជាក់ស្តែង កាលពីកំឡុងថ្ងៃទី១១ មីនា ឆ្នាំ២០១១ ជប៉ុនក៏ធ្លាប់ទទួលរងនូវគ្រោះរញ្ជួយដីកម្រិតខ្លាំង រហូតដល់ទៅ ៩រ៉ិចទ័រ នៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិច ដែលបង្កើតបានជារលកយក្សស៊ូណាមិយ៉ាងខ្លាំងក្លាវាយប្រហារ បណ្តាលឲ្យខូចខាត និងសម្លាប់មនុស្សអស់ប្រមាណជាង ១០ ០០០នាក់ឯណោះ៕  

រញ្ជួយដីកម្រិតខ្លាំង ៦,៣រ៉ិចទ័រ នៅជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]