អាហ្វហ្គានីស្ថាន៖ ថ្មីៗនេះវីដេអូឃ្លីបមួយ របស់កុមារាពិការជើងសញ្ជាតិអាហ្វហ្គានីស្ថានម្នាក់ បានឆក់យកបេះដូងមហាជនជាច្រើនឲ្យរំជួលចិត្ត បន្ទាប់ពីកុមារារូបនេះ បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយងើបឡើងរាំ ក្រោយទទួលបានជើងសិប្បនិម្មិតថ្មី។

កុមារា Ahmad Sayed Rahman

កុមារាពិការជើង (ខាងស្តាំ) ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ahmad Sayed Rahman មានអាយុ ៥ឆ្នាំ រស់នៅក្នុងខេត្ត Logar ប្រទេសអាហ្វហ្គានីស្ថាន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កុមារ Ahmad បានពិការជើងតាំងតែពីរូបគេអាយុទើបតែបាន ៨ខែមកម៉្លេះ ដោយត្រូវនឹងគ្រាប់កាំភ្លើង ក្នុងអំឡុងការប៉ះទង្គិចគ្នាមួយ ឬការបាញ់ប្រហាររវាងពួកកងទ័ពអាហ្វហ្គានីស្ថានដែលគាំទ្រដោយអាមេរិក ជាមួយនឹងពួកតាលីបង់។ កុមារា Ahmad ក៏បានរងរបួសធ្ងន់ធ្ងរផងដែរនៅគ្រានោះ ប៉ុន្តែដោយសារតែអាយុមិនអស់មិនស្លាប់។

យ៉ាងណាមិញ តាមការឲ្យដឹងពីស្រ្តីជាម្តាយឈ្មោះ Rayeesa បាននិយាយថា កំឡុងការបាញ់ប្រហារនោះ បងប្អូនស្រីរបស់ Ahmad ឈ្មោះ Salima ក៏បានរងរបួសធ្ងន់ធ្ងរដូចគ្នា ដោយសារតែត្រូវគ្រាប់កាំភ្លើង។ វាគឺជាអតីតកាលដ៏ឈឺចាប់បំផុត ព្រោះជាក់ស្តែង កូនប្រុសរបស់អ្នកស្រីត្រូវបង្ខំចិត្តកាត់ជើងចោលពាក់កណ្តាល ត្រឹមក្បាលជង្គង់។

កុមារា Ahmad Sayed Rahman

កាលពី Ahmad អាយុបាន១ឆ្នាំ គេក៏ធ្លាប់ទទួលបានជើងសិប្បនិម្មិតជាលើកដំបូងផងដែរ។ ហើយកាលនោះ គេក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយដូចគ្នា។ គេរៀនដើរ រៀនរាំ និងជាក្មេងប្រុសដ៏រឹងប៉ឹងម្នាក់។ បើគិតមកទល់ពេលនេះ នេះគឺជាជើងសិប្បនិម្មិតទី៤ ហើយ ដែល Ahmad ទទួលបានវាជាថ្មី ក្នុងវ័យ៥ឆ្នាំរបស់គេ។ នេះក៏ព្រោះតែវ័យរបស់គេកាន់តែលូតលាស់ ដូច្នេះគេក៏ត្រូវការជើងសិប្បនិម្មិតថ្មី ដើម្បីតម្រូវនឹងជើងរបស់គេដូចគ្នា។

អ្នកស្រី Rayeesa ជាម្តាយបានឲ្យដឹងទៀតថា Ahmad តែងតែលោតរាំបង្ហាញពីភាពសប្បាយរីករាយរបស់គេ រាល់ពេលដែលគេទទួលបានជើងសិប្បនិម្មិតថ្មី។ អ្នកស្រីថា អ្នកស្រីក៏ពិតជារំភើបជំនួសកូនប្រុសដូចគ្នា នៅពេលដែលឃើញគេរីករាយបែបនេះ។ ព្រោះថា Ahmad គេនឹងមានភាពឯករាជ្យ ហើយអាចធ្វើអ្វីៗបានដោយខ្លួនគេ។

កុមារា Ahmad Sayed Rahman

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវ ក៏ដូចជាវីដេអូឃ្លីបរបស់កុមារា Ahmad នេះដែរ គឺពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនលើបណ្តាញសង្គម ដោយទទួលបានអ្នកចុចចូលមើលខ្ទង់លានដងឯណោះ។ ក្នុងនោះ មហាជនមួយចំនួនធំក៏បានសម្ដែងក្តីអាណិតអាសូរ និងក្តីស្រលាញ់ទៅកាន់ Ahmad ផងដែរ។

លើសពីនេះ ពួកគេក៏បានជំរុញលើកទឹកចិត្ត កុមារា Ahmad ឲ្យមានភាពរីករាយ និងតស៊ូនៅក្នុងជីវិតទៅមុខទៀតផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោន៖   

កុមារា Ahmad Sayed Rahman
កុមារា Ahmad Sayed Rahman
កុមារា Ahmad Sayed Rahman
កុមារា Ahmad Sayed Rahman
កុមារា Ahmad Sayed Rahman
កងទាហានតាលីបង់ ឆ្នាំ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]