មិនថាក្នុងរឿងស្នេហា ឬមិត្តភាពនោះទេ មនុស្សយើងម្នាក់ៗ សុទ្ធតែមានជម្រើស ខ្លួនយើងសុទ្ធតែមានតម្លៃ តែភាគច្រើននៃមនុស្សដែល ឱ្យតម្លៃដល់ទំនាក់ទំនង គឺសុទ្ធតែព្រមធ្វើជាមនុស្សល្ងង់ មិនមែនគេស្លូត ឬគេភ្លើទេ តែគេស្មោះត្រង់ ទើបព្រមល្ងង់ ព្រមលះបង់ ព្រមជាអ្នកចាញ់គ្រប់ពេល តែងតែព្រមតាមទ្រ ផ្គាប់ចិត្តភាគីម្ខាងទៀត ព្រោះតែពាក្យថា " ខ្លាចបែកបាក់ ខ្លាចបាត់បង់ ... "

ត្រូវហើយក្នុងទំនាក់ទំនង ទោះបីជាមួយមិត្តល្អ ឬក៏សង្សារនឹងគ្នាក្ដី ការធ្វើខ្លាំងរៀងខ្លួន មិនព្រមបន្ទន់ឥរិយាបថខ្លះ វានឹងធ្វើឱ្យទំនាក់ទំនង បាក់បែក ប្រេះឆា ការរាប់អាននឹងមានបញ្ហា ថ្នាំងថ្នាក់ដាក់គ្នា។ ប៉ុន្តែ យើងដែលសួរខ្លួនឯងខ្លះទេថា ការដែលយើងព្រមធ្វើជាអ្នកចាញ់មករហូត ធ្វើល្ងង់ ធ្វើថោកគ្រប់រឿងនោះ តើម្ខាងទៀតគេមានដែលឱ្យតម្លៃដល់យើងដែរឬទេ? ចុះគេនោះមានដែលដឹងថាខ្លួនគេខុសខ្លះឬទេ? ពេលខ្លះ រឿងខ្លះ យើងមិនបានធ្វើអ្វីខុសផង គេជាអ្នកខុសទាំងស្រុង តែបែរជាយើងជាអ្នកទទួលរងនូវកំហុសទាំងអស់ យើងជាអ្នកសុំទោស យើងជាអ្នកតាមទ្រ លួងលោមគេទៅវិញ ត្រង់ហ្នឹង សួរថា គេនោះឱ្យតម្លៃយើងកម្រិតណាទៅ?

យើងធ្វើអន់ ព្រមសុំទោស ព្រោះតែយើងខ្លាចការបែកបាក់ យើងខ្លាចបាត់បង់គេ​ តែគេមិនដែលខ្លាចបាត់បង់យើងទេ គេមិនដែលមើលឃើញពីតម្លៃនៃមិត្តភាព ឬស្នេហាទេ គេមិនដែលគោរពយើងឡើយ អីចឹងហើយ តើយើងនៅទ្រាំជាមួយគេធ្វើអ្វី? យើងបន្តឱ្យគេមើលងាយយើងដោយរបៀបណា? តើយើងត្រូវការ ចង់បានមនុស្សបែបហ្នឹងរួមដំណើរជីវិត ធ្វើជាមិត្តទៀតមែនទេ? ឬខ្លាចថា ខ្លួនឯងល្អប៉ុណ្ណឹងដែរ មិនអាចរកមនុស្សដែលល្អ មនុស្សដែលសក្តិសមមកជំនួសមនុស្សអត់ចិត្តម្នាក់នោះ?

មិត្តភាពមួយ ស្នេហាមួយ បានមកជួបគ្នាវាជានិស្ស័យ ទម្រាំអាចរាប់អានគ្នា ស្រឡាញ់គ្នា មិនមែនជារឿងចៃដន្យទេ តែពេលខ្លះ​ យើងក៏មិនត្រូវការ យើងក៏មិនចង់បាននិស្ស័យឆ្កួតឡប់ ឱ្យមកជួបជាមួយមនុស្សដែលមិនឱ្យតម្លៃយើងបែបហ្នឹងដែរ។ ត្រូវចាំថា បើគេពិតជាល្អនឹងយើងមែន គេប្រាកដជាស្រឡាញ់ ស្មោះត្រង់ និងឱ្យតម្លៃយើងមែន គេនឹងមិនឱ្យយើងខំប្រឹងថែរក្សាទំនាក់ទំនងមួយហ្នឹងតែម្នាក់ឯងឡើយ ហើយមុននឹងធ្វើអ្វី ឬនិយាយអ្វី គេប្រាកដជាគិត ហើយមានចិត្តខ្លាចបាត់បង់យើង ដូចយើងខ្លាចបាត់បង់គេអីចឹងដែរ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]