ហុងកុង៖ កាលពីជាង ២សប្តាហ៍មុន រឿង Avengers: Endgame ពិតជាមានការគាំទ្រខ្លាំងណាស់ ដល់ថ្នាក់អ្នកខ្លះតម្រង់ជួរ ត្រូវដាច់បាយ ដាច់ទឹកដើម្បីទៅទិញសំបុត្រកុនក៏មានដែរ។ លើសពីនេះទៅទៀត សម្រាប់ហ្វេន Marvel មួយចំនួនពិតជាស្រលាញ់ និងងប់ងល់ជាមួយនឹងរឿងនេះខ្លាំងណាស់ ដោយអ្នកខ្លះក៏បានចំណាយប្រាក់ជាច្រើនដើម្បីទិញ សំលៀកបំពាក់ ក៏ដូចជាតុក្កតា Hero ដែលពួកគេចូលចិត្តជាដើម បន្ទាប់ពីមើលរឿងនេះចប់។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានបុរសហុងកុងម្នាក់ មានអាយុជាង ៤០ឆ្នាំ បានចំណាយប្រាក់មួយចំនួនដើម្បីទិញតុក្កតាឈុត Iron Man បន្ទាប់ពីលោកមើលរឿង Avengers: Endgame រួច ប៉ុន្តែបែរជាប្រពន្ធរបស់លោក មិនសប្បាយចិត្តជាមួយលោកទៅវិញ។ ក្រោយមក នៅគ្រាមួយពេលប្តីនាងមិននៅផ្ទះ នាងបែរជាដាក់លក់តុក្កតាឈុត Iron Man ទាំងនោះនៅលើអ៊ីនធើណេតទៅវិញ។

នាងបានដាក់លក់ឈុតតុក្កតា Iron Man ទាំងនេះនៅក្នុងគ្រុប (Group) លក់អីវ៉ាន់លើហ្វេសប៊ុក ក្នុងតម្លៃ ១,០០០ដុល្លារហុងកុង (១២៧ដុល្លារអាមេរិក)

សារដែលប្រពន្ធម្នាក់នេះបានបង្ហោះនិងដាក់លក់លើហ្វេសប៊ុក
ឈុតតុក្កតា Iron Man សំណព្វរបស់ប្តីនាង

នាងបានរៀបរាប់ថា៖

«ប្តីខ្ញុំពិតជាងប់ងល់ខ្លាំងណាស់ បន្ទាប់ពីមើលរឿង Avengers: Endgame រួច ហើយជារៀងរាល់ថ្ងៃបន្ទាប់ពីធ្វើការចប់ គាត់តែងតែយកតុក្កតាបែបនេះមកផ្ទះមួយ ឬក៏ពីរជាប្រចាំ។ គាត់មានអាយុ ៤០ឆ្នាំជាងហើយ ប៉ុន្តែនៅតែធ្វើខ្លួនដូចជាកូនក្មេងទៀត។ ផ្ទះយើងតូចស្រាប់ហើយ ប៉ុន្តែគាត់នៅតែទទូចយករបស់បែបនេះចូលផ្ទះទៀត។ ដូច្នេះសូមអ្នករាល់គ្នា ជួយយកវាទៅផង ដើម្បីឱ្យផ្ទះទូលាយបន្តិច ព្រោះតែពេលនេះទាន់ពេលដែលប្តីខ្ញុំមិននៅផ្ទះ។»

មិនយូរប៉ុន្មាន នៅពេលអ្នកលេងហ្វេសប៊ុកបានឃើញរឿងនេះ ពួកគេពិតជាមានការភ្ញាក់ផ្អើល និងក្តៅក្រហាយចំពោះប្រពន្ធម្នាក់នេះជាខ្លាំង។ 

អ្នកខ្លះបាននិយាយថា៖

«នាងលក់តុក្កតាឈុត Iron Man ក្នុងតម្លៃទាបពិតមែន។ ប្តីនាងច្បាស់ជាខាតជាក់ជាពុំខាន។»

អ្នកខ្លះទៀតបាននិយាយទៀតថា៖

«នាងកំពុងតែមិនស្មោះត្រង់ជាមួយប្តីនាងហើយ ប្រពន្ធបែបនេះគួរតែសាកសមឱ្យប្តីលែងក្បាលចោលទើបត្រូវ។»

យ៉ាងណាមិញ បន្ទាប់ពីមនុស្សម្នាបានធ្វើការរិះគន់នាងខ្លាំងពេក នាងក៏បានលុបចោលនូវការបង្ហោះនៅលើហ្វេសប៊ុកនេះ ប៉ុន្តែយើងមិនដឹងច្បាស់ថាតើប្តីនាងបានដឹងរឿងនេះឬក៏យ៉ាងណានោះទេ៕ 

ឈុតតុក្កតា Iron Man សំណព្វរបស់ប្តីនាង
ឈុតតុក្កតា Iron Man សំណព្វរបស់ប្តីនាង
ឈុតតុក្កតា Iron Man សំណព្វរបស់ប្តីនាង
ឈុតតុក្កតា Iron Man សំណព្វរបស់ប្តីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]