(កំពត)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ បើកប្រតិបត្តិការបំបែកសំណុំរឿងលួចរថយន្ដមួយករណី និងឃាត់ខ្លួនជនសង្ស័យ បានជាបន្ដបន្ទាប់ចំនួន២នាក់ ហើយពួកគេធ្លាប់ធ្វើសកម្មភាពលួចរថយន្ដ បានសម្រេច៤លើក នៅខេត្តកំពត និងខេត្តផ្សេងទៀត។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរលួចរថយន្ដជាបន្ដបន្ទាប់នេះ បានធ្វើឡើងនៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជំហ៊ានដំបូងកម្លាំងនគរបាលរបស់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ វិសាល ហៅ ម៉ាប់ ឬនាង អាយុ៤០ឆ្នាំ កំណើតភូមិត្រពាំងត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចរថយន្ដ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិព្រែកក្រឹស ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលម្ចាស់រថយន្តឈ្មោះ អ៊ុយ សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បានបាត់រថយន្តកាមរីបាឡែន ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ2AK-5791។

ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចរថយន្តក្នុងខេត្តកំពត ចំនួន០៤លើក គឺ

*លើកទី១៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ លួចរថយន្តចំនួន០២គ្រឿង នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក។

*លើកទី២៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លួចរថយន្តហាយឡែនឌ័រ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

*លើកទី៣៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លួចរថយន្តបាឡែន នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ។

*លើកទី៤៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លួចរថយន្តបាឡែន នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

ដោយឡែកនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សុះ តាំ ភេទប្រុស កើតឆ្នាំ១៩៧៥ ស្រុកកំណើត ភូមិបត់កណ្តោល ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ចាប់ខ្លួននៅកាស៊ីណូភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ)។

ជននេះបានឆ្លើយសារភាពថា បានចូលរួមលួចរថយន្តនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរនេះ បានលួចរថយន្តតាមខេត្តផ្សេងទៀតជាច្រើនគ្រឿង។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថា ជនសង្ស័យទាំង២នាក់ កម្លាំងសមត្ថកិច្ចជំនាញបានកសាង និងបញ្ជូនសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]