ប៉ាគីស្ថាន៖ ក្មេងស្រីជនជាតិប៉ាគីស្ថាន រាប់រយនាក់ ជាពិសេសនៅក្នុងសហគម៍គ្រីស្ទានក្រីក្រ ត្រូវបានរាយការណ៍ថា ពួកគេត្រូវបានចាប់យកទៅលក់ធ្វើជាកូនក្រមុំនៅប្រទេសចិន។

នៅក្នុងប្រទេសប៉ាគីស្ថាន មានអ្នកកាន់សាសនាគ្រិស្តប្រមាណ ២.៦%តែប៉ុណ្ណោះ។ ដូច្នេះពួកគេភាគច្រើនត្រូវបានចាញ់បោកគ្រូគង្វាលលួងលោម និងបោកយកទៅលក់នៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា មានគ្រូគង្វាលជាច្រើននាក់ ត្រូវបានរាយការណ៍ថា ពួកគេបានសហការជាមួយនឹងពួកជូនដូរមនុស្សនៅក្នុងប្រទេសចិន ដោយការបញ្ចុះបញ្ចូលឪពុកម្តាយក្រីក្រ ឱ្យប្រគល់កូនស្រីរបស់គេឱ្យទៅគ្រូគង្វាលទាំងនោះជាមួយនឹងការដោះដូរទៅនឹងលុយមួយចំនួន។

ប្រភពដដែលបានឱ្យដឹងថា ក្នុងនោះមានក្មេងស្រីចាប់ពីអាយុ ១៣ឆ្នាំឡើងទៅ ត្រូវបានឪពុកម្តាយ ប្រគល់ពួកគេទៅឱ្យគ្រូគង្វាលទាំងនោះជាមួយនឹងការដោះដូរលុយចាប់ពី ៣,៥០០ដុល្លារ ដល់ទៅ ៥,០០០ដុល្លារ

លោកគ្រូគង្វាល Munch Morris ដែលជាប្រធាននៅក្នុងព្រះវិហារ Gujranwala បាននិយាយថា លោកក៏ដឹងដែរថា មានពួកគ្រូគង្វាលខិលខូចមួយចំនួន បាននិងកំពុងតែសហការជាមួយពួកចិនដើរឆបោកក្មេងស្រី ក្រោមរូបភាពសាសនាផងដែរ។

ក្មេងរងគ្រោះ

ក្នុងនោះ លោក Morris បាននិយាយទៀតថា នៅក្នុងព្រះវិហាររបស់លោក ក៏មានគ្រូគង្វាលម្នាក់ តែងតែប្រាប់ក្រុមជំនុំ (អ្នកទៅព្រះវិហារ) ថា៖

«ព្រះទ្រង់សប្បាយចិត្ត ព្រោះតែមានជនជាតិចិនជាច្រើននាក់បានផ្លាស់ប្តូរសាសនា មកជឿលើព្រះយេស៊ូ ហើយពួកគេក៏កំពុងតែជួយក្មេងស្រីក្រីក្រទាំងនេះផងដែរ។»

យ៉ាងណាមិញ តាមប្រភពដដែលបានឱ្យដឹងថា មានក្មេងស្រីប៉ាគីស្ថានជាច្រើននាក់ បានរត់ភៀសខ្លួន មុន ឬក្រោយថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ។

បន្ថែមពីនេះ មានជនរងគ្រោះជាច្រើននាក់បានអះអាងថា នៅពេលពួកគេទៅដល់ស្រុកចិន ពួកគេត្រូវបានរំលោភបំពានជាច្រើន ហើយភាគច្រើនគេចាប់បង្ខំឱ្យទៅរស់នៅក្នុងជនបទតំបន់ដាច់ស្រយាលជាដើម។ 

លើសពីនេះទៅទៀត ពួកគេមិនចេះភាសាចិននោះទេ ដូច្នេះពួកគេត្រូវពឹងផ្អែកលើកម្មវិធីបកប្រែនៅក្នុងទូរស័ព្ទដៃដូចជា Google Translate ដើម្បីនិយាយជាមួយប្តីពួកគេ ហើយវាពិតជាមានការលំបាកខ្លាំងសម្រាប់ពួកគេ។

យោងតាមតួលេខកាលពីឆ្នាំ២០១៨ បានបង្ហាញថា ក្មេងស្រីប្រមាណ ៧៥០ - ១,០០០នាក់ ត្រូវបានរកឃើញថា ពួកគេត្រូវបានចាប់បង្ខំឱ្យរៀបការជាមួយនឹងប្តីជនជាតិចិន។

ក្មេងស្រីម្នាក់ឈ្មោះ Muqadas Ashraf ដែលត្រូវបានឪពុកម្តាយចាប់បង្ខំឱ្យនាងរៀបការជាមួយនឹងប្តីជនជាតិចិន កាលពីនាងមានអាយុ ១៦ឆ្នាំបាននិយាយថា៖

«ទាំងអស់នេះគឺសុទ្ធតែជាការឆបោកទាំងស្រុង។ ពាក្យសន្យាដែលពួកគេប្រាប់យើង គឺសុទ្ធតែក្លែងក្លាយទាំងអស់។»

មិនទាន់រៀបការបាន ៥ខែផង នាងក៏ត្រលប់មកប្រទេសប៉ាគីស្ថានវិញ ជាមួយនឹងកូនក្នុងផ្ទៃ ហើយកំពុងស្វែងរកការលែងលះគ្នាជាមួយនឹងប្តីចិននោះ។

យ៉ាងណាមិញ ថ្មីៗនេះអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឱ្យប្រទេសចិន និងប៉ាគីស្ថានចាត់វិធានការដើម្បីបញ្ចប់ការជួញដូរកូនក្រមុំ ដោយលើកពីភស្តុតាងនានាដែលបញ្ជាក់ពីស្ត្រីនិងកុមារីប៉ាគីស្ថានជាច្រើនកំពុងតែប្រឈមមុខ ក្លាយជាទាសភាពផ្លូវភេទនៅក្នុងប្រទេសចិន។ 

គួរឱ្យដឹងផងដែរថា កាលពីដើមសប្តាហ៍នេះ អាជ្ញាធរប៉ាគីស្ថាន បានចាប់ខ្លួនជនជាតិចិន ៨នាក់ និងជនជាតិប៉ាគីស្ថាន ៤នាក់ ដែលត្រូវបានសង្ស័យថាជាប់ព័ន្ធទៅនឹងការឆបោកក្មេងស្រីប៉ាគីស្ថានយកទៅប្រទេសចិន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]