កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រហែលជា បានជ្រាបរួមមកហើយ ចំពោះរឿងរ៉ាវរបស់ អ្នកហ្វឹកហាត់ម្នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី Produce X ត្រៀមនឹងក្លាយជាតារាល្បីទៅហើយ ប៉ុន្តែស្រាប់តែត្រូវគេដកចេញ ពីកម្មវិធីទៅវិញ ដោយសារតែមហាជនរិះគន់ច្រើន រឿងដែលលោកធ្លាប់ជាក្មេងទំនើង កាលពីនៅរៀនវិទ្យាល័យ។

បន្ទាប់ពីត្រូវបណ្ដេញចេញពីកម្មវិធី និងដកចេញពី ផលិត JYP មិនយូរប៉ុន្មាន លោក Yoon Seobin ក៏បានបញ្ចេញសារសុំទោស ជាសាធារណៈមួយ ដោយបង្ហោះនៅក្នុង Instagram របស់លោក កាលពីថ្ងៃទី ៨ ខែឧសភា ម្សិលមិញនេះថា ៖

«ខ្ញុំមិនដឹងថា ខ្ញុំគួរតែចាប់ផ្តើមបែបណានោះទេ…ជាបឋម ខ្ញុំតាំងចិត្តសរសេរសំបុត្រនេះ ជូនទៅដល់អ្នកដែលបានគាំទ្រខ្ញុំ និងមនុស្សទាំងអស់ ដែលទទួលរងផលប៉ះពាល់ ដោយសារតែខ្ញុំ។

ខ្ញុំពិតជាបានចំណាយពេលវេលា នៅវិទ្យាល័យក្នុងនាមជាមនុស្សឆោតល្ងង់ម្នាក់ ហើយមិនស្គាល់ពិភពលោកច្បាស់ឡើយ។ អាកប្បកិរិយាមិនល្អរបស់ខ្ញុំ ដែលខ្ញុំធ្លាប់បានធ្វើ ដូចជាការផឹកស្រា និងការជក់បារី វាសុទ្ធតែជាទង្វើដែល ខ្ញុំមិនគួរធ្វើ ក្នុងពេលដែលខ្ញុំនៅជាអនីតិជន។

រហូតមកដល់ពេលនេះ ខ្ញុំតែងតែរស់នៅជាមួយនឹង ក្តីសុបិន្តដែលពោរពេញដោយភាពភ័យខ្លាច ជារៀងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែដើរទៅមុខហើយ ប៉ុន្តែខ្ញុំពិតជាភ័យខ្លាច ចំពោះអតីតកាលរបស់ខ្លួនឯង។ ដោយសារតែ ភាពភ័យខ្លាចនេះហើយ ទើបធ្វើឲ្យខ្ញុំព្យាយាមលាក់បាំងវា។

ខ្ញុំក៏ធ្លាប់គិតដែរថា ខ្ញុំអាចធ្វើឲ្យមិត្តភក្តិផ្សេងទៀត មានអារម្មណ៍មិនល្អ នៅពេលដែលងាកទៅមើល អតីតកាលរបស់ខ្ញុំ។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ចំពោះរឿងគ្រប់យ៉ាង។ ខ្ញុំសុំទោស ចំពោះមនុស្សទាំងឡាយ ដែលទទួលរងនូវការឈឺចាប់ ការខកបំណង និងខូចកេរ្តិ៍ឈ្មោះ ដោយសារតែទង្វើ កាលពីអតីតរបស់ខ្ញុំ។ ខ្ញុំសុំទោស»។

សារដ៏វែងអន្លាយរបស់ Yoon Seobin ដែលបានរៀបរាប់ពី ការឈឺចាប់ និងអារម្មណ៍សោកស្ដាយទាំងនេះ បានក្លាយជាចំណុចចាប់អារម្មណ៍ថ្មី របស់មនុស្សជាច្រើន នៅក្នុងអ៊ីនធើណែត។ ពួកគេបានចែករំលែក សារទាំងនេះជាសាធារណៈ ថែមទាំងសង្ឃឹមថា វាអាចជាបទពិសោធន៍ជីវិតមួយ សម្រាប់ក្មេងៗដទៃទៀតផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Yoon Seobin
រូបភាព Yoon Seobin
រូបភាព Yoon Seobin
រូបភាព Yoon Seobin
រូបភាព សំបុត្ររបស់ Yoon Seobin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]