(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានហាមយ៉ាងដាច់ណាត់មិនឲ្យអ្នកដឹកនាំក្រុមទេសចរ (Tour Leaders) ទាំងឡាយ ជូនលុយក្រៅផ្លូវការទៅមន្ត្រីនគរបាល នៅពេលបោះត្រាលើលិខិតឆ្លងដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ឬព្រលានយន្តហោះអន្តរជាតិ ហើយក៏មិនត្រូវណែនាំឱ្យភ្ញៀវទេសចរបរទេសប្រព្រឹត្តទង្វើមិនគប្បីបែបនេះឡើយ ព្រោះគ្មានច្បាប់ណាតម្រូវឲ្យធ្វើបែបនេះនោះទេ។

ការហាមប្រាមនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

ចំណុចដ៏រសើបនេះ ត្រូវបានបង្ហើបដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយលោកបានឲ្យដឹងថា តាមការរាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន មានការឲ្យលុយនៅពេលបោះត្រាលើលិខិតឆ្លងដែនរបស់ភ្ញៀវជនជាតិចិនខ្លះ នៅពេលដែលភ្ញៀវយកលិខិតឆ្លងដែននោះទៅឲ្យមន្ត្រីនគរបាលបោះត្រា តែមិនច្រើនទេត្រឹម ២០០០រៀល, ៥០០០រៀល ឬ ៥យ័ន តែប៉ុណ្ណោះ។

លោកថា «ក៏សូមរាយការណ៍ជូនដែរ បងប្អូនចិន នៅខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹងហ្មង គាត់រៀបឡើងឡានចេញហើយ គាត់ថាដាក់លុយឱ្យគេក្នុង Passport ទៅ ដើម្បីគេវ៉ៃត្រាឱ្យស្រួលខ្លះ, ខ្ញុំបានតាមដានមើលឃើញដាក់លុយខ្មែរ ២០០០, ៥០០០ (រៀល) បើមិនហ្ចឹងទេ ៥យ័ន»។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ទោះបីមានបញ្ហានេះកើតឡើងក៏ដោយ លោកនៅតែព្យាយាមឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ដាច់ខាតមិនត្រូវធ្វើយ៉ាងដូច្នោះទេ ព្រោះមិនមែនជាចំណុចល្អ ហើយជាអំពើខុសច្បាប់។

លោកនាយឧត្តមសេនីយ៍ បានសំណូមពរដល់ក្រសួងទេសចរណ៍ ជួយផ្សព្វផ្សាយដល់អ្នកដឹកនាំក្រុមទេសចរ ឬប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំឱ្យបន្តប្រព្រឹត្តនូវចំណុចខាងលើនោះតទៅទៀត។

ឆ្លើយតបនឹងបញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធភ្លាមៗ ពិសេសមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ដែលបានមកចូលរួមប្រជុំផងដែរ ត្រូវផ្សព្វផ្សាយបញ្ជ្រាបបញ្ហានេះជាបន្ទាន់ទៅដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដាច់ខាតមិនឱ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀតឡើយ។

លោករដ្ឋមន្ត្រី ថោង ខុន បានព្រមានថា បើមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងនោះ នៅតែប្រព្រឹត្តបែបនេះទៀត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ពោលគឺត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យបានចាប់ពីពេលនេះតទៅ។

បញ្ជាក់បន្ថែមជូនអង្គប្រជុំ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានរាយការណ៍ថា ក្រោយពីបានពិគ្រោះយោបល់ជាមួយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការរិះរកគ្រប់វិធីក្នុងការកាត់បន្ថយនូវរបាំងមិនចាំបាច់នៅតាមច្រកទ្វារអន្តរជាតិ និងដោយបានទទួលការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងនឹងប្រកាសដាក់ឱ្យប្រើប្រាស់នូវសាលាកបត្រចេញចូលថ្មី ដែលមានភាពងាយស្រួលក្នុងការបំពេញបែបបទសុំទិដ្ឋាការ ពេលភ្ញៀវទេសចរមកដល់កម្ពុជា៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]