រាជធានីភ្នំពេញ ៖ ខ្សែភ្លើងនៅតាមបណ្តោយផ្លូវ៤៣២បានឆ្លងចរន្តទុស្សេបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដាច់ធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា នៅតាមបណ្តោយផ្លូវ៤៣០ កែងនឹងផ្លូវ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលមានការភ្ញាក់ផ្អើល គឺគេឃើញខ្សែភ្លើងដែលរាយកាត់មុខផ្ទះបានឆ្លងចរន្តអគ្គីសនីទុស្សេឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យដាច់ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ និងធ្លាក់ទើរលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ ធ្វើអោយពួកគាត់ភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីចុះមកដល់កន្លែងកើតហេតុ ហើយអាជ្ញាធរបានទាក់ទងទៅខាងអគ្គិសនីដើម្បីឱ្យផ្តាច់ភ្លើងនៅចំនុចកើតហេតុនោះភ្លាមៗ និងបានរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញមកជួយទឹកបាញ់ពន្លត់ទាន់ពេលវេលាភ្លាមៗផងដែរ ដោយប្រើពេលពន្លត់មិនដល់២០នាទីផង ភ្លើងក៏រលត់ទៅវិញ។
ក្នុងហេតុការណ៍ខាងលើនេះដែរ មិនបានប៉ះពាល់អ្វីធ្ងនធ្ងរដល់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ គ្រាន់តែឆេះដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតហេតុមានខាងអគ្គិសនីចុះមកដល់កន្លែងហេតុដើម្បីត្រួតពិនិត្យ និងត្រៀមរៀបចំតខ្សែភ្លើងថ្មីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]