អូស្រ្តាលី៖ គូស្នេហ៍មួយគូ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនជាច្រើន ក៏ដូចជាទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយបុរសជាមិត្តប្រុសជនជាតិជប៉ុន បានលុតជង្កង់សុំសង្សារស្រីខ្លួនរៀបការ កណ្តាលហ្វូងមនុស្សជាច្រើនយ៉ាងរ៉ូមែនទិក។

រូបភាពនៅក្នុងថ្ងៃសុំមិត្តស្រីរៀបការរបស់លោក Kan

គូស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Motonori Kan ចំណែកឯនារីជាសង្សាររូបស្រស់ឈ្មោះ Emi Miyazaki

កាលពីថ្ងៃសៅរ៍ ទី៥ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ លោក Kan បានរៀបចំគម្រោងយ៉ាងមួយស្អាត ដោយសុំជំនួយពីក្រុមរាំដែលមានគ្នីគ្នាយ៉ាងច្រើន បង្កើតបានជាទស្សនីយភាពមួយដ៏អស្ចារ្យ នៅមុខបរិវេណផ្សារទំនើប Queen Street Mall ក្នុងទីក្រុង Brisbane ប្រទេសអូស្រ្តាលី មុនពេលដែលរូបលោកបង្ហាញខ្លួនកណ្តាលហ្វូងមនុស្ស ចូលមកលុតជង្គង់សុំមិត្តស្រី កញ្ញា Miyazaki រៀបការ ក្រោយស្រលាញ់គ្នាអស់ពេលជាង ៥ឆ្នាំ។

រូបភាពនៅក្នុងថ្ងៃសុំមិត្តស្រីរៀបការរបស់លោក Kan

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប ដំបូងឡើយគេឃើញថា ក្រុមរាំទាំងនោះបានរាំយ៉ាងស្រុះគ្នាក្នុងបទ «We Found Love» របស់តារាចម្រៀងស្រី Rihanna ។ ក្រោយមកនៅពេលដែលបទចម្រៀងចប់ភ្លាម ក្រុមរាំក៏បានបំបែកគ្នាជាពីរក្រុមអមសងខាងធ្វើជាផ្លូវដើរ សម្រាប់ឲ្យលោក Kan ចេញមកសាសង និងលុតជង្គង់សុំស្រីរបស់គាត់រៀបការ ដែលធ្វើឲ្យនាង Miyazaki ភ្ញាក់ផ្អើលតែម្តង។

រូបភាពនៅក្នុងថ្ងៃសុំមិត្តស្រីរៀបការរបស់លោក Kan

លោក Kan បាននិយាយមុនពេលដែលគាត់លុតជង្គង់មុខមិត្តស្រី Miyazaki និងដកចិញ្ចៀនបំពាក់ឲ្យនាង ថា «អរគុណអូន សម្រាប់ការរង់ចាំបងអស់រយៈពេលជាយូរឆ្នាំមកនេះ!»។ Miyazaki នាងពិតជារំភើបចិត្ត ហើយក៏បានទទួលការយល់ព្រមពីមិត្តប្រុសសំណព្វចិត្តរូបនេះវិញផងដែរ។

នាងនិយាយថា «ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ហើយក៏មិនដែលគិត និងនឹកស្មានថា មានរឿងបែបនេះកើតឡើង ពេលដែលកំពុងតែឈរមើលការសម្ដែងក្បាច់រាំ ដ៏ល្អអស្ចារ្យរបស់ពួកគេនោះឡើយ។ ព្រោះថាភ្លាមៗនោះ ក៏ស្រាប់តែលេចមុខបង Moto ដែលធ្វើឲ្យខ្ញុំស្រឡាំងកាំង និងភាន់ច្រឡំតែម្តង។ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញចិញ្ចៀនទើបខ្ញុំគិតថា វាគឺជាពេលវេលាដ៏ពិសេសរបស់ខ្ញុំទេតើ» ។

រូបភាពនៅក្នុងថ្ងៃសុំមិត្តស្រីរៀបការរបស់លោក Kan

Miyazaki បានបន្ថែមថា នាងពិតជាអរគុណខ្លាំងណាស់ ចំពោះការផ្តល់ភាពកក់ក្តៅ និងការស្រលាញ់យ៉ាងធំធេង ហើយនាងក៏ពិតជាភ្ញាក់ផ្អើលនូវអ្វីដែលបានកើតឡើងនេះ ដែលធ្វើឲ្យនាងរំភើបចិត្ត សឹងរកអ្វីមកនិយាយមិនត្រូវតែម្តង។

ជាមួយគ្នានេះ អ្នកលេងបណ្តាសង្គមជាច្រើន ក៏បានជូនពរដល់ពួកគេទាំងពីរឲ្យបន្តការតស៊ូ ស្រលាញ់ស្ម័គ្រស្មោះ និងចាប់ដៃគ្នារស់នៅសាងអនាគតគ្រួសារដ៏មានសុភមង្គលជារៀងរហូតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពនៅក្នុងថ្ងៃសុំមិត្តស្រីរៀបការរបស់លោក Kan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]