អាមេរិក ៖ ក្រុមអ្នកគាំទ្រ ស្ទើរតែមិនជឿនឹងភ្នែកថា Jungkook សមាជិកក្រុម BTS ដ៏ល្បីល្បាញលំដាប់ពិភពលោក កំពុងតែបង្ហាញខ្លួន ក្នុងចំណោមមនុស្សម្នាជាច្រើន នៅក្នុងការប្រគំតន្រ្តីរបស់ តារាស្រីអាមេរិកល្បីឈ្មោះ Ariana Grande។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៦ ខែឧសភា ថ្មីៗនេះ តារាចម្រៀងអាមេរិក ដ៏ល្បីគឺនាង Ariana Grande ទើបតែបានរៀបចំ ការប្រគំតន្រ្តី Sweetener World Tour របស់នាង ដែលមានរយៈពេល ២ថ្ងៃ នៅឯមជ្ឈមណ្ឌល Staples Center ក្នុងទីក្រុង Los Angeles។

ក្នុងចំណោមអ្នកគាំទ្រ ២០,០០០ នាក់ ដែលបានចូលរួមនោះ មានម្នាក់ជាកំពូលតារាចម្រៀងកូរ៉េ កំពុងមានកេរ្តិ៏ល្បីល្បាញ គឺ Jungkook ដែលទើបតែបញ្ចប់ការប្រគំតន្រ្តីរបស់ខ្លួន នៅឯពហុកីឡដ្ឋានយក្ស Rose Bowl ថ្មីៗនេះ។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី ៧ ខែឧសភា ម្សិលមិញនេះ Jungkook ស្រាប់តែបានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក ជាមួយនឹងសារខ្លីៗដ៏មានន័យ ជាភាសាអង់គ្លេស បង្ហាញថាលោក ពិតជាបានទៅរួមទស្សនា ការប្រគំតន្រ្តី Sweetener World Tour របស់ Ariana Grande ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ Jungkook បានសរសេរថា ៖

«ខ្ញុំទទួលបានអារម្មណ៍ និងការរៀនសូត្រយ៉ាងច្រើន បន្ទាប់ពីបានទស្សនា ការប្រគំតន្រ្តីរបស់នាង។ ដោយសារតែការប្រគំតន្រ្តីរបស់នាង ធ្វើឲ្យខ្ញុំមានការអភិវឌ្ឍន៍ និងការខិតខំប្រឹងប្រែង កាន់តែខ្លាំងជាងមុន #ArianaGrande»។

ចំណែកឯ តារាស្រី Ariana Grande ក៏មិនអន់ដែរ ចប់កម្មវិធីមិនទាន់ ស្រាប់តែបង្ហោះរូបភាពរបស់នាងជាមួយនឹង Jungkook ដែលបានថតជាមួយគ្នា នៅក្រោយឆាកនោះ ភ្លាមៗ ជាមួយនឹងសារអរគុណយ៉ាងផ្អែមល្ហែមថា ៖

«screaming (សម្លេងស្រែក) អរគុណអ្នកខ្លាំងណាស់ ដែលមកទស្សនាការសម្ដែងរបស់ខ្ញុំ Jungkook។ វាពិតជាមានអត្ថន័យខ្លាំងណាស់ សម្រាប់ខ្ញុំ។ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់!»។

មិនត្រឹមតែប៉ុណ្ណឹងទេ នាងថែមទាំងបាន យករូបភាពដែលនាងបានថតជាមួយ Jungkook ដាក់ជា Lockscreen នៅក្នុងទូរស័ព្ទរបស់នាង ហើយថតបង្ហោះនៅក្នុង Instagram Story ថែមទៀតផង។

ក្រុមអ្នកគាំទ្រពិតជាមិនអាច ទប់អារម្មណ៍រំភើបបានឡើយ ចំពោះការបង្ហាញការស្រលាញ់ និងការគាំទ្រគ្នាទៅវិញទៅមក របស់តារាល្បីៗទាំង២ ទោះបីជាពួកគេមានសញ្ជាតិខុសគ្នាក៏ពិតមែន ប៉ុន្តែពួកគេអាចស្គាល់គ្នា និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅមក តាមរយៈតន្រ្តី៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook ដែលហ្វេនលួចថតបាន
រូបភាព​ Ariana Grande
រូបភាព​ Ariana Grande និង Jungkook
រូបភាព​ Ariana Grande និង Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]