បរទេស៖ សព្វថ្ងៃនេះ មនុស្សជាច្រើនក្នុងពិភពលោក កំពុងទទួលរងការរីកដុះដាលភាពឯកោក្នុងអារម្មណ៍ជាខ្លាំង។ ជាក់ស្តែងយោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ភាពឯកោពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដល់ថ្នាក់ស្មើនឹងការជក់បារី ១៥ដើមក្នុងមួយថ្ងៃ។

មូលហេតុមួយក្នុងចំណោមមូលហេតុនានា ដែលបណ្តាលឱ្យមនុស្សរស់នៅក្នុងភាពឯកោខ្លាំងបែបនេះ គឺដោយសារតែការផ្លាស់ប្តូររបៀបរស់នៅក្នុងសង្គម។ 

រូបតំណាង

របាយការណ៍ដដែលបានបង្ហាញថា ពិភពលោកកាន់តែអភិវឌ្ឍន៍ទៅ មនុស្សកាន់តែរស់នៅក្នុងភាពឯកោកាន់តែច្រើនទៅ។

យោងតាមរបាយការណ៍ Global Risks ក្នុងឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជន ៥០% រស់នៅក្នុងទីក្រុងប៉ារីស រស់នៅតែម្នាក់ឯង។ ចំណែកនៅក្នុងទីក្រុង Stockholm វិញ មនុស្សរស់នៅតែម្នាក់ឯងមានដល់ទៅ ៦០%។ រីឯនៅក្នុងចក្រភពអង់គ្លេសវិញ អត្រាប្រជាជនរស់នៅតែម្នាក់ឯងកើនឡើងទ្វេដងដល់ទៅ ៣១% ចាប់តាំងពីឆ្នាំ១៩៦០មកម្ល៉េះ។

នៅក្នុងចក្រភពអង់គ្លេស ប្រជាជនជាងពាក់កណ្តាលដែលមានវ័យចាប់ពី ៧៥ឆ្នាំឡើងទៅ សុទ្ធសឹងតែរស់នៅក្នុងផ្ទះតែម្នាក់ឯង។ ពួកគេភាគច្រើនមិនបាននិយាយជាមួយមិត្តភក្កិ ឬបងប្អូនអស់រយៈពេលជាច្រើនខែ។ 

ចំណែកនៅក្នុងសហរដ្ឋអាមេរិកវិញ អត្រាជាមធ្យមនៃមិត្តជិតស្និទ្ធបានធ្លាក់ចុះពី ៣ទៅ ២នាក់ចាប់តាំងពីចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ ២០០៤។ ហើយចំនួនប្រជាជនដែលគ្មានមិត្តភក្កិជិតស្និទ្ធនោះបានកើនឡើងដល់ទៅ ៣ដង ហើយវាក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ប្រជាជនអាមេរិក។

រូបតំណាង

កត្តាមួយផ្សេងទៀតដែលធ្វើឱ្យមនុស្សរស់នៅក្នុងភាពឯកោ គឺការផ្លាស់ទីលំនៅមករស់នៅក្នុងទីក្រុង ដូច្នេះទំនាក់ទំនងរបស់ពួកគេ និងគ្រួសាររបស់គេក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ។ ជាក់ស្តែង តួលេខនៅក្នុងប្រទេសចិនបានបង្ហាញថា ប្រជាជនចិនរស់នៅជនបទបានធ្លាក់ចុះរហូតដល់ទៅជិតពាក់កណ្តាល នៅចន្លោះឆ្នាំ១៩៨០ ដល់ទៅឆ្នាំ២០១៤។

យ៉ាងណាមិញ បច្ចេកវិទ្យាក៏ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យមនុស្សរស់នៅក្នុងភាពឯកោផងដែរ។ តួលេខបានបង្ហាញថា ជាមធ្យមមនុស្សចំណាយពេលប្រមាណ ២៤ម៉ោងក្នុងមួយសប្តាហ៍សម្រាប់ការប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែអ្វីដែលចម្លែកនោះគឺថា ពួកគេបែរជាអារម្មណ៍ឯកោច្រើនជាងមនុស្សដែលមិនប្រើប្រាស់បណ្តាញសង្គមទៅវិញ។

បន្ថែមពីនេះទៀត ភាពឯកោក៏ជាកត្តាចម្បងដែលជំរុញឱ្យមនុស្សកើតមានជំងឺបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗផងដែរ។

លើសពីនេះទៅទៀត ភាពឯកោគឺជាបញ្ហាប្រឈមដែលប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាខ្លាំង។ ជាក់ស្តែងនៅក្នុងចក្រភពអង់គ្លេស រដ្ឋាភិបាលបានចំណាយប្រាក់អស់ប្រមាណ ៦,០០០អឺរ៉ូ (៦,៧១៧ដុល្លារ) ក្នុងមួយខែសម្រាប់ការមើលថែរក្សាមនុស្សចាស់ម្នាក់។  

រូបតំណាង

ដូច្នេះ នៅតាមបណ្តាប្រទេសជាច្រើន បាននិងកំពុងតែរកវិធីសាស្រ្តដើម្បីទប់ទល់ទៅនឹងភាពឯកោ។ ដូចជានៅក្នុងប្រទេសអ៊ីតាលី និស្សិតចាប់ផ្តើមមករស់នៅជាមួយមនុស្សចាស់ ព្រោះតែការធ្វើបែបនេះពួកគេចំណាយប្រាក់តិច ហើយក៏ជាការកំដរមនុស្សចាស់កុំឱ្យមានភាពឯកោផងដែរ។ ចំណែកនៅចក្រភពអង់គ្លេសវិញ រដ្ឋាភិបាលបានបង្កើតក្រសួងដោះស្រាយបញ្ហាភាពឯកោមួយ សម្រាប់ប្រជាជនណាដែលមានភាពឯកោ ហើយពួកគេនឹងស្វែងរកដំណោះស្រាយនានាសម្រាប់ជួយពួកគេទាំងនោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]