រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង និង​ជា​អ្នក​ផាត់មុខ​ស្ទើរតែ​គ្រប់​តួអង្គ​សម្តែង​នា​អំឡុង​ទស​វត្ស​៩០​លោក​អ៊ុ​ក ស៊ី​វី​ឡៃ​យុទ្ធ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩ ដោយ​រោគាពាធ ក្នុង​អាយុ​ជាង​៦០​ឆ្នាំ ។

បើ​ទោះបីជា​យុវវ័យ​ជំនាន់​នេះ​ហាក់​មិនសូវ​ជា​ស្គាល់​មុខ​លោក​អ៊ុ​ក ស៊ី​វី​ឡៃ​យុទ្ធ ប៉ុន្តែ​អ្នក​និយម​តាមដាន​ភាពយន្ត​ខ្មែរ​នា​អំឡុង​ទស​វត្ស​ឆ្នាំ​៩០ ប្រាកដជា​ស្គាល់ឈ្មោះ​របស់​លោក​ច្បាស់ ក្នុង​ពេល​ដែល​លោក​មាន​ស្នាដៃ​ក្នុង​ការ​ផាត់មុខ​ស្ទើរតែ​គ្រប់​តួអង្គ ។

តារា​សម្តែង​ជើង​ចាស់ ល្បី​ៗ​ដូច​ជា អ្នក​នាង អម្ពរ ទេវី និង​អ្នក​នាង​សុខ ស្រី​មុំ ជាដើម គឺ​លោក​លោក​អ៊ុ​ក ស៊ី​វី​ឡៃ​យុទ្ធ ជា​អ្នក​ផាត់មុខ​ឲ្យ​ទាំងអស់ ។

បើ​តាម​លោក​សុខ មាន ដែល​ជា​អ្នក​ស្រាវជ្រាវ​ឯកសារ ចាស់​ៗ​បាន​បញ្ជាក់​ថា លោក​អ៊ុ​ក ស៊ី​វី​ឡៃ​យុទ្ធ ជា​អ្នក​តុបតែង​មុខ​តារាភាពយន្ត​ដ៏​មាន​ស្នាដៃ​ចំណាន​តាំងពី​ទស​វត្ស​ទី​៨០ ហើយ​លោក​ក៏​ជា​អ្នក​ជិត​ស្និទ្ធ​ក្នុង​រង្វង់​សិល្បៈ​ជាមួយ​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន និង​​អ្នក​ស្រី ឌី សាវ៉េត ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​ក៏​ជា​អ្នក​ដែល​អាច​ចង​ចាំ​ភាពយន្ត​ខ្មែរ​មុន​ឆ្នាំ បាន​ច្រើន​ជាង​គេ។

ស្នាដៃ​ទេព​កោសល្យ​សិល្បៈ​ពហុ​ជំនាញ​របស់​លោក​អ៊ុ​ក ស៊ី​វិ​ឡៃ​យុទ្ធ មាន​ស្នាដៃ​ផាត់មុខ​ស្ទើរ​គ្រប់​តួកុន ល្បី​ៗ​សម័យ​ឆ្នាំ​១៩៨០-១៩៩០ (​អម្ពរ​ទេវី សុខ ស្រី​មុំ​…) អភិរក្ស​រូបថត​ឯកសារ​តួកុន​ក្រោយ​១៩៧៩ រាប់​មិន​អស់​។ ចង​ចាំ​ឈុត​ឆាក​ភាពយន្ត បទ​ចម្រៀង​ភាពយន្ត និង​តារាភាពយន្ត​មុន​ឆ្នាំ​១៩៧៥ បាន​ច្រើន​ជាងគេ​។ ធ្លាប់​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​រឿង​ចៅ​ស្រទបចេក (​តួអង្គ​ព្រះឥន្ទ្រ​) ឆ្នាំ​១៩៩២ និង​ភាព​យន្ត​ឯក​សារ Golden Slumbers ឬ​ដំណេក​មាស (​តួអង្គ​រំ​ព្ញ​ក​ពី​ឈ្មោះ​រោងកុន​ខ្មែរ​ពី​ដើម​) ។ មាន​ចំណេះ​ទូទៅ​ទូលំទូលាយ​ផ្នែក​សិល្បៈ​ទស​វត្ស​ទី​៦០-៧០ ។ លោក​ក៏​ពូកែ​រាំ​ចង្វាក់​ពេញ​និយម​អំឡុង​ទស​វត្ស​ទី​៦០-៧០ ក្នុង​កម្មវិធី ផ្សេង​ៗ​ផង​ដែរ​។

លោក​អ៊ុ​ក ស៊ី​វី​ឡៃ​យុទ្ធ គឺជា​បុគ្គល​ដែល​ប្រើ​ពេល​មួយ​ជីវិត​ផ្ញើ​បេះដូង​នឹង​សិល្បៈ​។ ដំណឹង​មរណភាព​របស់​លោក​អ៊ុ​ក ស៊ី​វី​ឡៃ​យុទ្ធ នា​ពេល​នេះ​ធ្វើ​ឲ្យ​មានការ​សោកស្តាយ​ពី​ជនរួមជាតិ​ព្រោះ​ជា​ការ​បាត់បង់​ធាន​ធាន​មនុស្ស​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]