អូស្រ្តាលី៖ កាលពីសុក្រថ្ងៃទី៣ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ស្រ្តីម្នាក់ឈ្មោះថា Sharon Lam ដែលត្រូវបានគេស្គាល់ថា ជាអ្នកលក់ផ្កាតាមអនឡាញ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានចែករំលែករូបភាពប៉ុន្មានសន្លឹក ពីបាច់ផ្កាដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ ត្រៀមទុកជូនម្តាយក្មេកជាពិសេស ក្នុងថ្ងៃទិវាបុណ្យម្តាយ។

អ្នកស្រី Sharon

បើតាមប្រភពបានឲ្យដឹងថា បាច់ផ្កានោះ គឺជាស្នាដៃរបស់អ្នកស្រី Sharon ដែលបានធ្វើឡើងដោយខ្លួនគាត់ ដើម្បីត្រៀមទុកជូនម្តាយក្មេកក្នុងថ្ងៃ នៃទិវាបុណ្យម្តាយ ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ វាមិនមែនជាបាច់ផ្កាធម្មតានោះទេ។ ពោលគឺវាជាបាច់ផ្កាផ្លែទុរេន ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហាក់កើតចម្ងល់ ប៉ុន្តែក៏សរសើរចំពោះភាពច្នៃប្រឌិតបែបប្លែករបស់អ្នកស្រី Sharon នូវរបស់ជាអំណោយមួយនេះផងដែរ។

ជុំវិញនឹងរឿងរ៉ាវនេះ អ្នកស្រី Sharon បាននិយាយថា ក្នុងនាមគាត់ជាអ្នកលក់ផ្កា ហើយក៏ជាកូនប្រសាស្រីដ៏ល្អម្នាក់ផងដែរនោះ គាត់តែងតែជូនបាច់ផ្កាដល់ម្តាយក្មេករបស់គាត់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់នៅក្នុងឆ្នាំនេះ អ្នកស្រីចង់ធ្វើអ្វីមួយដែលប្លែកវិញម្តង ដើម្បីឲ្យម្តាយក្មេកនិងគ្រួសាររបស់គាត់ រីករាយក៏ដូចជាពេញចិត្តនូវអំណោយនោះ។

អ្នកស្រី Sharon បានទៅផ្សារដើម្បីទិញផ្លែទុរេនមួយផ្លែ យកមកច្នៃដាក់ចូលជាមួយនឹងបាច់ផ្កា បើទោះបីជាផ្លែឈើមួយនេះ មានក្លិនដែលគាត់មិនចូលចិត្ត ប៉ុន្តែគាត់នៅតែព្យាយាមច្នៃធ្វើវាជាពិសេស ដើម្បីជូនម្តាយក្មេក បង្ហាញពីទឹកចិត្តស្រលាញ់។

ជាការពិតណាស់ បាច់ផ្កាមួយនេះមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាត ព្រោះតែអ្នកស្រី Sharon បានច្នៃរំលេចនូវផ្កាតូចៗជាច្រើននៅជុំវិញផ្លែទុរេន និងមានការវេចខ្ចប់ពីខាងក្រៅយ៉ាងត្រឹមត្រូវ ពិសេសថែមទាំងមានចងបូលើផ្លែទុរេនយ៉ាងស្អាតផងដែរ។

អ្នកស្រី Sharon និយាយថា នេះមិនមែនជាគំនិតថ្មីអីនោះ ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលអ្នកស្រីបានច្នៃយកផ្លែទុរេនមកធ្វើជាបាច់ផ្កាបែបនេះ។ ដូច្នេះអ្នកស្រីក៏មានអារម្មណ៍មួយថាប្លែក និងរីករាយតិចតួចក្នុងចិត្តផងដែរ។ ហើយអ្នកស្រីក៏សង្ឃឹមថា ម្តាយក្មេកអ្នកស្រីនឹងពេញចិត្តវាជាមិនខាន។

អ្នកស្រីបានបន្ថែមថា ដោយសារតែមើលទៅវាមានភាពទាក់ទាញខ្លះដែរ អ្នកស្រីក៏នឹងមានគម្រោងច្នៃបង្កើតនូវគំនិតមួយនេះ ដើម្បីដាក់លក់នៅក្នុងឱកាសពិសេសៗផងដែរ។

គួរឲ្យដឹងផងដែរថា ទិវាបុណ្យម្តាយ (Mother’s Day) នៅក្នុងឆ្នាំនេះ គឺចំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។

តើអ្នកជាកូនៗមានបានត្រៀមអំណោយអ្វីជាពិសេស សម្រាប់ជូនអ្នកម្តាយជាទីស្រលាញ់ហើយឬនៅ? ៕  

បាច់ផ្កាផ្លែទុរេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]