បរទេស៖ ជារឿងដែលមិនគួរឱ្យជឿសម្រាប់ការវាយបករបស់ Liverpool ទៅលើក្រុម​ Barcelona កាលពីយប់មិញនេះ ដោយក្រុមហង្សអង់គ្លេសមួយនេះ បានទម្លាក់ក្រុមអ្នកមានបុណ្យអេស្ប៉ាញ ក្នុងលទ្ធផល ៤-០ បន្ទាប់ពីត្រូវបាននាំមុខមុននៅជើងទី១ ដោយលទ្ធផល ៣-០ ទៅហើយនោះ។

យ៉ាងណាមិញ នេះមិនមែនជារឿងថ្មីឡើយសម្រាប់ការវាយបកបែបនេះ ដោយកន្លងមកមានរឿងរ៉ាវជាច្រើនដែលសុទ្ធសឹងតែមិនគួរឱ្យជឿ រួមមានទាំងរឿងរ៉ារបស់ Liverpool និង Barcelona ផងដែរ។

ថ្ងៃនេះ ក្រុមការងារកីឡា “ខ្មែរឡូត” សុំរម្លឹកអំពីការវាយបកយកឈ្នះនៅជើងទី២ ដ៏អស្ចារ្យមួយចំនួនមកបង្ហាញជូនប្រិយមិត្តដូចខាងក្រោម៖

ការប្រកួតរវាង Barcelona ទល់នឹង Liverpool
ការប្រកួតរវាង Barcelona ទល់នឹង Liverpool

១. AS Roma ប្រកួតជាមួយ Barcelona

កាលពីរដូវកាល ២០១៧/១៨ ក្រុម FC Barcelona បានយកឈ្នះក្រុម AS Roma យ៉ាងកក់ក្តៅ ៤ ទល់នឹង ១ រួចទៅហើយក្នុងជើងទី១ នៅកីឡដ្ឋាន Camp Nou។ ប៉ុន្តែអ្នកណាទៅដឹង ក្រុមចចកអ៊ីតាលីមួយនេះ បានទម្លាក់ក្រុម Barcelona យ៉ាងមិនគួរឱ្យជឿនៅជើងទី២ ក្នុងលទ្ធផល ៣-០ (សរុប ៤-៤) និងឡើងទៅកាន់វគ្គបន្ត ទុកឱ្យ Barcelona ក្អួតឈាមត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ 

ការប្រកួតរវាង Barcelona ទល់នឹង AS Roma

២. Chelsea ប្រកួតជាមួយ Napoli

នៅវគ្គ ១៦ក្រុមចុងក្រោយ នារដូវកាល ២០១១/១២ ក្រុមតោខៀវ Chelsea ត្រូវបានក្រុម Napoli លត់ ៣-១ នៅជើងទី១។ កាលណោះ គ្រូបង្វឹករបស់ Chelsea លោក Andre Villas-Boas ត្រូវបានក្លិបបណ្តេញពីតំណែងក្រោយបញ្ចប់ការប្រកួតទៀតផង។ យ៉ាងណាមិញ Chelsea បានតែងតាំងលោក Roberto Di Matteo ជាអ្នកចាត់ការបណ្តោះអាសន្ន និងធ្វើការវាយបកទៅលើ Napoli ដោយយកឈ្នះ ៤-១ វិញនៅជើងទី២ រហូតឈានទៅលើកពាន UEFA Champions League នារដូវកាលនោះតែម្តង។ 

ការប្រកួតរវាង Chelsea ទល់នឹង Napoli

៣. PSG ប្រកួតជាមួយ Manchester United

មិនបាច់ទៅណាឆ្ងាយ យើងក្រឡេកមើលការប្រកួតពានរង្វាន់ Champions League រដូវកាលនេះតែម្តង ក្នុងជំនួបរវាង PSG ទល់នឹង Man UTD។ ជើងទី១ នៅទឹកដីអង់គ្លេស PSG បាននាំមុខមុន ២-០ ហើយ Man UTD សឹងតែគ្មានអ្នកណាជឿជាក់ថាអាចឡើងទៅវគ្គបន្តបានផង។ ប៉ុន្តែយ៉ាងណាមិញ Man UTD នៅតែអាចធ្វើបាន ដោយទម្លាក់ក្រុម PSG ក្នុងលទ្ធផល ៣-១ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្ត។ 

ការប្រកួតរវាង PSG ទល់នឹង Manchester United

៤. Barcelona ប្រកួតជាមួយ PSG

ការវាយបកមួយដែលមិនគួរឱ្យជឿងក្នុងប្រវត្តិសាស្ត្ររបស់ Champions League សម្រាប់ការប្រកួតរវាង Barcelona និង PSG។ ក្រុម PSG ដែលកាលណោះបានបំបាក់ក្រុម Barcelona ៤-០ រួចទៅហើយនៅទឹកដីបារាំង ប៉ុន្តែបែរជាអស់លក្ខធ្លាក់ដោយសារ Barcelona បំបាក់វិញក្នុងទឹកដីអេស្ប៉ាញ ក្នុងលទ្ធផល ៦-១។ 

ការប្រកួតរវាង Barcelona ទល់នឹង PSG

៥. Liverpool ប្រកួតជាមួយ AC Milan

ចុងក្រោយនេះ ជាការចងចាំមិនអាចបំភ្លេចបានរបស់អ្នកគាំទ្រ Liverpool។ នាវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ ២០០៥ ក្រុម AC Milan បានធ្វើការនាំមុខមុន ៣-០ នៅតង់ទី១ ប៉ុន្តែ Liverpool បានវាយមកវិញនៅតង់ទី២ ចំនួន ៣គ្រាប់វិញ និងបានបន្តរហូតដល់បញ្ចប់ការថែមម៉ោង និងលើកពាន Champions League តែម្តងក្រោយយកឈ្នះក្រុម AC Milan ដោយគ្រាប់បាល់ ១១ម៉ែត្រកាត់សេចក្តី។ 

ក្រុម Liverpool ឈ្នះពាន UEFA Champions League ឆ្នាំ ២០០៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]