«ហ្វៃបឺរ» ទៅ​ណា​ក៏​ឮ បើក​អាន​អត្ថបទ​អី​ក៏​ឃើញ។ អាហារ​មាន​កាក​សរសៃ ឬ​យើង​និយម​ហៅ «ហ្វៃបឺរ» ​ជា​ពពួក​ស្ករ​ប៉ូលី​សាការាយ​ ដែល​មិន​ងាយ​នឹង​រលាយ​ក្នុង​ពោះ​វៀន​ឡើយ។ បាក់តេរី​ជា​ច្រើន​លូត​លាស់​ក្នុង​សារធាតុ​សរសៃ​នេះ​ក្នុង​ពោះ​វៀន​ធំ។ វា​មាន​គុណ​តម្លៃ​ជា​ច្រើន​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដែល​រាងកាយ​ត្រូវកាយ។ ថ្ងៃ​នេះ​យល់​ពាក្យ​នេះ​ឲ្យ​ច្បាស់ ហើយ​ប្រយោជន៍​អី​ខ្លះ ដែល​បាន​ពី​វា បើ​ញ៉ាំ?

១ - អ្វី​ទៅ​ជា​ «ហ្វៃបឺរ» ឬ​សារធាតុ​សរសៃ?

បើ​និយាយ​ពី​សម្បូរ​វិញ គឺ​នៅ​ក្នុង​រុក្ខជាតិ​ជា​ពិសេស​ដើម​រុក្ខជាតិ​តែ​ម្ដង។ តែ​ក្រពះ​ពោះ​វៀន​យើង​មិន​អាច​បំបែក​សារធាតុ​សរសៃ​នេះ​បាន​ឡើយ។ អ្នក​អាច​ញ៉ាំ​សារធាតុ​សរសៃ​បាន​ដោយ​ញ៉ាំ​ផ្លែ​ឈើ បន្លែ និង​គ្រាប់​រុក្ខជាតិ។ យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​វា​ជួយ​សម្រួល​បញ្ហា​ទល់​លាមក។ តែ​លើស​ពី​នេះ​ទៀត​វា​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់ បន្ថយ​នឹង​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​និង​បេះដូង​ជា​ច្រើន​ទៀត។

២ - ប្រភេទ «ហ្វៃបឺរ»

របស់​ដែល​ញ៉ាំ​បាន​មាន​កាក​សរសៃ​នេះ ត្រូវ​បាន​គេ​ចែក​ជា​ពីរ​ប្រភេទ​គឺ រលាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក។ តើ​ ២ហ្នឹង​ខុស​គ្នា​យ៉ាង​ម៉េច?  
- «ហ្វៃបឺរ» រលាយ​ក្នុង​ទឹក៖ ​មាន​សណ្ឋាន​រាង​ខាប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​ជួយ​បន្ថយ​ជាតិ​កូឡេស្តេរ៉ុល​ក្នុង​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​ផង។ ពពួក​សារធាតុ​សរសៃ​ប្រភេទ​នេះ​សម្បូរ​ណាស់​ក្នុង គ្រាប់​សណ្ដែក​បារាំង សណ្ដែក​ក្រហម ផ្លែ​ប៉ោម ការ៉ុត ពពួក​ស្រូវ​សាលី និង​ពពួក​ផ្លែ​ក្រូច។ល។  
- «ហ្វៃបឺរ» មិន​រលាយ​ក្នុង​ទឹក៖ ខុស​ពី​ប្រភេទ​ខាង​លើ​ត្រង់​ថា​ ជួយ​សម្រួល​ដល់​ការ​បត់​ជើង (ជុះ​ស្រួល មិន​ក្ដៀន មិន​រាក)។ «ហ្វៃបឺរ» មិន​រលាយ​ក្នុង​ទឹក​សម្បូរ​ណាស់​ក្នុង​ គ្រាប់​ធញ្ញជាតិ គ្រាប់​សណ្ដែក​ក្រហម ដំឡូង​ជ្វា ដំឡូង​បារាំង ផ្កា​ខាត់​ណា ។ល។

៣ - ប្រយោជន៍​អ្វីខ្លះ? ច្រើន​ប៉ុណ្ណា?

- បន្ទោរ​បង់​ស្រួល៖ ជួយ​ឲ្យ​លាមក​ទន់ ងាយ​ស្រួល​បញ្ចេញ​ចោល។ ហើយ​បើ​សិន​ជា​លាមក​រាវ​វិញ សារធាតុ​សរសៃ​នេះ​ក៏​អាច​ធ្វើ​វា​រឹង​វិញ​ដែរ។
- បត់ជើង​ទៀង៖ ពេល​ញ៉ាំ​អាហារ​សំបូរ​ជាតិ​សរសៃ យើង​អាច​បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ឫសដូង​បាត និង​ភាព​មិន​ប្រក្រតី​ក្នុង​ពោះ​វៀន​ធំ ដែល​ធ្វើ​ឲ្យ​យើង​បត់​ជើង​អត់​ទៀង ឬ​មាន​ពេល​ខ្លះ រាប់​ថ្ងៃ​អត់​ទាន់​បាន​បត់ជើង​ទៀត។ ក៏​មាន​សារធាតុ​សរសៃ​ខ្លះ​ទៀត​កាច់​មេ​ក្នុង​ពោះ​វៀន ដែល​អាច​នឹង​ការពារ​ជំងឺ​ក្នុង​ពោះ​វៀន​ធំ​ជា​ច្រើន។
- បន្ថយ​កូឡេស្តេរ៉ុល​ក្នុង​ឈាម៖ វា​ទៅ​បន្ថយ​លីប្រូ​តេអ៊ីន​កំហាប់​ទាប​ដែល​ជា​ខ្លាញ់​អាក្រក់ (LDL)។ វា​ក៏​មាន​គុណ​ប្រយោជន៍​ចំណោះ​សុខ​ភាព​បេះ​ដូង​ផង​ដែរ​ដូច​ជា​ គ្រប់​សម្ពាធ​ឈាម​និង​ប្រឆាំង​ការ​រលាក។
- បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម៖ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ទទួល​ទាន​សារធាតុ​សរសៃ​ឲ្យ​បាន​ច្រើន ជា​ពិសេស​សារធាតុ​ដែល​រលាយ​ក្នុង​ទឹក។ វា​អាច​បន្ថយ​ការ​ស្រូប​ជាតិ​ស្ករ​ពី​ក្នុង​ពោះ​វៀន​ចូល​ក្នុង​ឈាម​បាន។ បើ​សិន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខ​ភាព​ ហើយ​មាន​សារធាតុ​សរសៃ​ដែល​រលាយ​ក្នុង​ទឹក​នេះ​ទៀត នោះ​អ្នក​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ បាន​យ៉ាង​ខ្ពស់។
- រក្សា​ទម្ងន់៖ «ហ្វៃបឺរ» ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ហើយ​មាន​កាឡូរី​តិច​ជាង​អាហារ​ធម្មតា​ទោះ​មាន​ចំនួន​ប្រហែល​គ្នា​ក៏​ដោយ ហើយ​ថែម​ទាំង​ការពារ​យើង​ពី​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ទៀត​ផង។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]