ម៉ាឡេស៊ី៖ យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ២០ម្នាក់នៅប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញថា ពួកគេសុទ្ធសឹងតែប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។

ទន្ទឹមនឹងនេះដែរ ប្រភពដដែលបានបង្ហាញថា ក្នុងនោះម្នាក់ក្នុងចំណោមពួកគេ ១០នាក់ មានសញ្ញាបត្រចេញពីសាលាដែលពុំទទួលស្គាល់។ 

បន្ថែមពីនេះទៀត យោងតាមរបាយការណ៍ស៊ើបអង្កើតមួយបានឱ្យដឹងថា ប្រជាជនម៉ាឡេស៊ីលើសពី ៨០នាក់ បានទិញសញ្ញាបត្រក្លែងក្លាយពីក្រុមហ៊ុន Axact ដែលក្រុមហ៊ុននេះមានទីតាំងនៅក្នុងប្រទេសប៉ាគីស្ថាន។

រូបតំណាង

លោក Datuk Seri Akhbar Satar នាយកគ្រប់គ្រងក្រុមហ៊ុនស៊ើបអង្កេតប្រវត្តិរូបបុគ្គលិកបានថ្លែងថា៖

«មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ បាននិងកំពុងតែបម្រើការងារផ្នែកគ្រប់គ្រងជាន់ខ្ពស់ ក្នុងនោះរួមមានទាំងស្ថាប័នធំៗមួយចំនួន ដូចជា ធនាគារ គ្លីនិក និងមន្ទីរពេទ្យជាដើម។»

លើសពីនេះទៅទៀត លោក Datuk ក៏បានបន្តថ្លែងទៀតថា ក្នុងនោះលោកថែមទាំងបានរកឃើញអ្នកដែលទិញសញ្ញាបត្រថ្នាក់បណ្ឌិតទៀត។

លោកបានគូសបញ្ជាក់ថា មូលហេតុដែលប្រជាជនម៉ាឡេស៊ីអាចទិញសញ្ញាបត្របាន ហើយអាចយកទៅដាក់ពាក្យទៅតាមក្រុមហ៊ុនធ្វើការបាននោះ គឺដោយសារតែក្រុមហ៊ុនជាច្រើនមិនបានពិនិត្យសញ្ញាបត្រទាំងនោះឱ្យបានគ្រប់គ្រាន់នោះទេ។  

លោក Datuk Seri Akhbar Satar

ម្យ៉ាងវិញទៀត នៅពេលក្រុមហ៊ុនចាប់បាន បុគ្គលិកណាមួយប្រើប្រាស់សញ្ញាបត្រក្លែងក្លាយនោះ ពួកគេគ្រាន់តែដោះស្រាយទៅតាមគោលការណ៍របស់ក្រុមហ៊ុន ដោយគ្រាន់តែឱ្យបុគ្គលិកទាំងនោះលាឈប់ពីការងារដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។

«ដូច្នេះ ចុងក្រោយអ្នកដែលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយទាំងនោះ ពុំមានកំណត់ត្រាឆបោកនោះទេ ហើយពួកគេក៏អាចបន្តទៅធ្វើការនៅក្នុងក្រុមហ៊ុនផ្សេងបាន។ ពួកគេនៅតែអាចបន្តធ្វើបែបនេះបានជារៀងរហូត។» (សម្តីរបស់លោក Datuk)

ជាចុងក្រោយ លោកបានឱ្យជាដំបូន្មានទៅដល់បណ្តាក្រុមហ៊ុនទាំងអស់ មុនពេលដែលទទួលបុគ្គលិកឱ្យធ្វើការ ត្រូវតែពិនិត្យរាល់សំណុំឯកសារពាក់ព័ន្ធទាំងអស់ ហើយជាពិសេសត្រូវតែធ្វើតេស្តសាកល្បងជាក់ស្តែងចំពោះបុគ្គលិកទាំងនោះទើបជាការល្អប្រសើរ៕  

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]