(ភ្នំពេញ)៖ អតីតបេក្ខភាពក្នុងកម្មវិធី «Cambodian Idol» កញ្ញា សុវត្ថិឌី ធារិកា ត្រូវបានទស្សនិកជនដឹងថា តាំងពីបញ្ចប់ការប្រឡង រហូតមកទល់នឹងបច្ចុប្បន្ន នាងមានប្រជាប្រិយភាពជាខ្លាំងគួរឱ្យកត់សម្គាល់ និងបានបង្ហាញវត្តមានស្ទើរគ្រប់កម្មវិធីសិល្បៈតូចធំនានាទៀតផង។ ជាមួយនឹងការជោគជ័យក្នុងការសាងប្រជាប្រិយភាពនេះ ត្រូវបានមតិមួយចំនួននិយាយតៗគ្នាថា ដោយសារមានខ្សែ ឬបក្ខពួក និងមានទាល់តែមានការដោះដូរខ្លួនប្រាណទើបឆាប់ល្បីជាដើម។ ឆ្លើយតបនឹងការលើកឡើងខាងលើ តារាស្រីរូបនេះ បានអះអាងថា រាល់លទ្ធផលដែលទទួលបានសុទ្ធតែការខិតខំប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួន ហើយអ្វីដែលសំខាន់សម្រាប់នាង និងគ្រួសារ គឺស្រឡាញ់កិត្តិយសជាងលុយ។

ថ្លែងប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទ ទាក់ទងនឹងការលើកឡើងខាងលើពីរឿងមានបក្ខពួក ឬមានខ្សែនោះ តារាចម្រៀងស្រីសំនៀងពិរោះមានទឹកដម កញ្ញា សុវត្ថិឌី ធារិកា បានឱ្យដឹងថា ការមានខ្សែ មានបក្ខពួកក្នុងសង្គមសិល្បៈ គឺមិនអត់នោះទេ បើនិយាយទៅ ៥០លើ៥០ ប៉ុន្តែសម្រាប់នាងផ្ទាល់ គឺទន្ទឹមនឹងការមានឱកាសហើយ គឺត្រូវមានសមត្ថភាព និងការអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់តែម្តង ដូច្នេះពេលណាស្គាល់ពីខ្លួនឯង មានសមត្ថភាព រកទីផ្សារបានហើយ គឺនឹងមានផលិតករមើលឃើញពីទេពកោសល្យមិនខាន។ តារាស្រីរូបនេះ បន្តថា​ សម្រាប់នាងផ្ទាល់មិនដែលមានខ្សែអ្វីទេ ចាប់តាំងពីពេលចូលប្រឡងមកម្ល៉េះ គឺគ្មាននរណាម្នាក់ជួយជ្រោមជ្រែងនាងនោះទេ ក្រៅពីនាងផ្ទាល់ និងក្រុមគ្រួសារ ព្រមទាំងការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូខាងចម្រៀង។

ងាកមកមិតមួយដែលលើកឡើងថា តារាស្រីទាល់តែមានការដោះដូរខ្លួនប្រាណទើបឆាប់ល្បីនោះ ត្រូវបានតារាស្រីរូបស្រស់ម្នាក់នេះ យល់ឃើញថា សម្រាប់នាងផ្ទាល់មិនហ៊ានបញ្ចេញមិតយ៉ាងណានោះទេ ព្រោះខ្លួនទើបតែពន្លកក្រោយ ហើយក៏មិនដឹងនិយាយថាម៉េចដែរ ព្រោះគិតថាជាសិទ្ធរបស់បុគ្គល។ សម្រាប់នាងផ្ទាល់តាំងពីចូលសិល្បៈមក មិនធ្លាប់ជួយរឿង មានបុរសសុំស្រឡាញ់ ហើយសន្យាឱ្យលុយឡានវីឡា ឬលើកឱ្យល្បីអ្វីនោះទេ ព្រោះនាងមានអ្នកម្តាយដើរតាម រាល់គ្រប់ការចេញទៅចម្រៀងនៅកម្មវិធីនានា។ នាងថា ការចង់បានរបស់គេនោះ គឺមិនមែនជារបស់សំខាន់សម្រាប់ជីវិតនាងទេ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ជីវិតនាង គឺក្រុមគ្រួសារ។

សុវត្ថិឌី ធារិកា បានសង្កត់ធ្ងន់ថា បើនិយាយទៅអ្នកផ្ទះ និងខ្លួននាងផ្ទាល់ គឺមិនចង់បានរបស់នរណា ដោយមិនមែនជាកំលាំងញើសឈាមខ្លួននោះទេ ហើយរូបនាងផ្ទាល់ទៀតសោត គឺជាមនុស្សម្នាក់ដែលស្រឡាញ់គ្រួសារ និងកិត្តិយសជាងលុយ។

គួរជម្រាប់ថា សុវត្ថិឌី ធារិការ គឺជាតារារាចម្រៀងស្រី មានទឹកដមពិរោះរណ្តំមួយដួង ដែលត្រូវបានទស្សនិកជនគាំទ្រច្រើន និងកំពុងមានទីផ្សារសិល្បៈមមាញឹកគួរសម។ ទន្ទឹមនឹងប្រជាប្រិយភាពពេលនេះ ត្រូវបានគេមើលឃើញថា តារាស្រីរូបនេះ បានអភិវឌ្ឍន៍ខ្លួនគួរឱ្យសម្គាល់ ទាំងការចម្រៀងបានយ៉ាងល្អក្នុងបទប្រពៃណីគ្រប់ទម្រង់ជាដើម។ លើសពីនេះ ក្រៅពីការងារសិល្បៈនាងក៏កំពុងបន្តការសិក្សានៅមហាវិទ្យាល័យ ផ្នែកជំនួញផងដែរ។ នាងថា ទោះការងារសិល្បៈមមាញឹកយ៉ាងណា ក៏មិនបោះបង់ចោលការសិក្សារនោះដែរ៕

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា