ប៉ាគីស្ថាន៖ ក្មេងប្រុសធាត់ជាងគេលើលោកដែលមានទម្ងន់ជិត ២០០គីឡូក្រាម នឹងទទួលការវះកាត់សម្រកទម្ងន់ក្នុងពេលឆាប់ៗនេះ ដើម្បីសង្រ្គោះជីវិតរបស់គេ។

ក្មេងប្រុសរូបនេះមានឈ្មោះថា Mohammed Arbrar អាយុ ១០ឆ្នាំ រស់នៅប្រទេសប៉ាគីស្ថាន ដែលពិបាកក្នុងការដើរ ព្រោះតែរូបគេហូបអាហារច្រើនពេករហូតដល់ស្មើនឹងអាហារសម្រាប់មនុស្សធំហូបដល់ទៅ ៤នាក់។ 

ក្មេងប្រុស Mohammed Arbrar

បើទោះបីជារូបគេកើតមកមានទម្ងន់ត្រឹមតែជាង ៤គីឡូក្រាមក្តី ក៏រូបគេចាប់ផ្តើមឡើងទម្ងន់យ៉ាងខ្លាំងគួរឱ្យកត់សម្គាត់រហូតដល់ទៅ ១៩គីឡូក្រាម នៅពេលគេមានអាយុត្រឹមតែ ៦ខែតែប៉ុណ្ណោះ។

គ្រូពេទ្យបាននិយាយថា Mohammed គឺជាក្មេងប្រុសដែលមានទម្ងន់ធាត់ជាងគេលើលោក ដែលទម្ងន់របស់គេធាត់ជាងក្មេងប្រុស Arya Permana មកពីប្រទេសឥណ្ឌូនេស៊ី ដែលល្បីកាលពីប៉ុន្មានឆ្នាំមុនទៀត ដែលក្មេងប្រុស Arya មានទម្ងន់ត្រឹមតែ ១៨៤គីឡូក្រាមតែប៉ុណ្ណោះ នៅពេលគេអាយុ១០ឆ្នាំ។

យ៉ាងណាមិញ ឪពុកម្តាយ Mohammed បាននិយាយថា ពួកគាត់មានកូនប្រុស-ស្រីពីរម្នាក់ទៀត ហើយ Mohammed គឺជាកូនម្នាក់ដែលចេះតែឃ្លានរហូតតាំងតែពីនៅជាទារកមកម្ល៉េះ ពោលគឺគេរមែងទារបៅទឹកដោះគោច្រើនជាងបងគេរហូតដល់ទៅ ៥ដងឯណោះ។ 

អ្នកស្រី Zareena ដែលជាម្តាយរបស់ Mohammed បាននិយាយថា៖

«កាលពីអាយុ២ឆ្នាំ រូបគេហូបទឹកដោះគោអស់ម្តង ២លីត្រក្នុងមួយថ្ងៃ។ វាហាក់ដូចជាក្រពះរបស់គេមិនចេះឆ្អែតទាល់តែសោះ។ គេតែងតែយំទារហូបអាហារបន្ថែមជារឿយៗ។ វាលំបាកសម្រាប់ខ្ញុំក្នុងការបីកូននេះ ព្រោះតែគេធាត់តាំងពីតូចមកម្ល៉េះ ដូច្នេះខ្ញុំត្រូវទៅទិញគ្រែពិសេសម្យ៉ាងដើម្បីយោលគេ និងផ្លាស់ប្តូរកន្ទបឱ្យគេ។» 

ក្មេងប្រុស Mohammed Arbrar
ម្តាយនិងក្មេងប្រុស Mohammed Arbrar

ព្រោះតែធាត់ពេក ដូច្នេះគេពិបាកដើរ អង្គុយ និងធ្វើសកម្មភាពណាស់។ បើទោះបីជាគេមានបង ២នាក់ទៀត ក៏គេមិនអាចរត់លេងជាមួយពួកគេបានដែរ។

បន្ថែមពីនេះទៀត ក្មេងប្រុស Mohammed ដ៏កំសត់ម្នាក់នេះ ក៏មិនបានទៅរៀនសូត្រដូចជាក្មេងដទៃទៀតដែរ ព្រោះតែទម្ងន់ធាត់ពេក ហើយគេដើរត្រឹមតែ ៣ជំហាន គេត្រូវឈប់ម្តងហើយ។

ប៉ុន្តែ ពេលនេះឪពុកម្តាយ Mohammed មានសង្ឃឹមឡើងវិញហើយ ព្រោះតែលោកវេជ្ជបណ្ឌិត Maaz ul Hassan ដែលជាគ្រូពេទ្យវះកាត់ដ៏ល្បីម្នាក់ បានយល់ព្រមវះកាត់រូបគេ ដើម្បីជួយសង្រ្គោះជីវិតគេឱ្យមានទម្ងន់ដូចជាក្មេងដទៃទៀតដែរ។ 

ដូច្នេះ ក្មេងប្រុស Mohammed Arbrar នឹងទទួលការវះកាត់សម្រកទម្ងន់ក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយយើងសង្ឃឹមថាការវះកាត់នេះនឹងទទួលបានជោគជ័យទៅចុះ។

ដោយឡែក ចំពោះឪពុកម្តាយរបស់ Mohammed វិញបានសន្យាថា បន្ទាប់ពីវះកាត់រួច ពួកគេនឹងមិនឱ្យ Mohammed ហូបអាហារច្រើនបែបនេះទៀតទេ ហើយពួកគេនឹងឱ្យគេហូបតែអាហារសុខភាពតែប៉ុណ្ណោះ៕  

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងប្រុស Mohammed Arbrar និងលោកគ្រូពេទ្យ Maaz ul Hassan
ក្មេងប្រុស Mohammed Arbrar
ក្មេងប្រុស Mohammed Arbrar
ក្មេងប្រុស Mohammed Arbrar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]