រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​៨៨​ឆ្នាំទៅ​ហើយ លោកតា​ម្នាក់​បាន​ខិតខំ​តស៊ូ​ផលិត​ស្បែកជើងកង់ឡាន​បោះ​ឱ្យ​ម៉ូយ​នៅ​តាម​បណ្តា​ខេត្ត​នានា និង​ជិះ​កង់​ដើរ​លក់​រាប់​សិប​គីឡូម៉ែត្រ ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ចំនួន​២​នាក់ និង​កូនប្រុស​ស្រី​ចំនួន​១៩​នាក់ អស់​រយៈពេល​២៦​ឆ្នាំ មក​ហើយ ។​

នៅ​តាម​ដងផ្លូវ​នានា​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គេ​តែង​ឃើញច​លោកតា​ជិះ​កង់​កញ្ចាស់​មួយ​គ្រឿង​រហែក​កែប ដោយ​លើ​កន្ត្រក​មុខ លើរាន​ក្រោយ​និង​ចង​ថង់​មួយ​សុទ្ធតែ​ស្បែកជើងកង់ឡាន ។ ជួនកាល​គាត់​ជិះ ជួនកាល​បណ្តើរ ដោយ​ពពាយនាយ​លក់​ស្បែកជើងកង់ឡាន​នេះ ។

តាម​ពិត​ទៅ​ការ​យក​កង់​ឡាន​មក​កាត់​ធ្វើ​ជា​ស្បែកជើង​អាច​ចាត់​ទុក​ថា​ជា​ការ​ច្នៃ​ដ៏​ពិសេស​មួយ​រក​កម្រៃ​ពី​កង់​ឡាន​ចាស់​ៗ​ដែល​ប្រើប្រាស់​លែង​កើតមក​ចៀរ​ជា​ប្រយោជន៍ តែ​សម្រាប់​ការ​ពុះ​ជា​ស្បែកជើងកង់ឡាន​នេះ ពិតជា​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​សម័យ​ខ្មែរក្រហម ដែល​ជា​សម័យកាល​ដ៏​ខ្មៅ​ងងឹត​នៃ​របប​ប្រល័យពូជសាសន៍ ដែល​គេ​និយម​ប្រើ​ណាស់ និង​មិន​មាន​ស្បែកជើង​ណា​ផ្សេង​មក​ជំនួស​ឡើយ បើ​គ្មាន​ស្បែកជើងកង់ឡាន​ពាក់​ទេ គឺ​ដើរ​ជើង​ទទេ​ហើយ ។ សូ​ម្បី​ប៉ុ​ល​ពត អៀង សារី ខៀវ សំ​ផ​ន ក៏​ពាក់​ស្បែកជើងកង់ឡាន​ដែរ ។

ជួប​ជាមួយ​«​កោះសន្តិភាព​»​លោកតា​បានឱ្យ​ដឹង​ថា គាត់​ឈ្មោះ សំ​រិ​ទ្ធ អ៊ុ​ន អ្នកស្រុក​ហៅ​តា​អ៊ុ​ន​ៗ ពេល​នេះ​គាត់​អាយុ​៨៨​ឆ្នាំ មាន​លំនៅ​ភូមិ អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​ខេត្តតាកែវ ។ លោកតា​បានឱ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ​ធ្វើ​ស្បែកជើងកង់ឡាន​ដើរ​លក់​តាំងពី​ឆ្នាំ​១៩៩៣ ដោយ​បោះ​ឱ្យ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដោយ​ស្បែកជើងកង់ឡាន​មួយគូ​លក់​ក្នុង​តម្លៃ​១៥.០០០​រៀល​ទៅ​២០.០០០​រៀល​គាត់​ថា ក្នុង​មួ​យស​ប្តា​ហ៍​ធ្វើ​បាន​ប្រមាណ​៧០​ទៅ​១០០​ស្បែកជើង ដោយ​មានកូន ជា​អ្នក​ជួយ​ផង​ដែរ ។

ចំពោះ​ការ​ចាប់​មុខរបរ​នេះ​គឺ​គាត់​បាន​រៀន​កាត់​ធ្វើ​ស្បែកជើងកង់ឡាន ដោយ​ខ្លួនឯង ដែល​ស្បែកជើង​នេះ​មានគុណ​ភាព​អាច​ប្រើ​បាន​រយៈពេល​ប្រមាណ​១០​ឆ្នាំ​អត់​ទៅ​ណា​ទេ ។លោកតា​បានឱ្យ​ដឹង​ទៀត​ថា ជា​ទូទៅ​គាត់​ដឹក​ស្បែកជើងកង់ឡាន​មក​ទុក នៅ​កន្លែង​កូន​លក់ដូរ​នៅ​ក្នុង​អង្គភាព​កងពលតូច​លេខ​៧០ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ទើប​ជិះ​កង់​យក​ស្បែកជើង​ទៅ​លក់​និង​បោះ​ឱ្យ​ម៉ូយ នៅ​ក្នុង​រាជធានី​ភ្នំពេញ ជួនកាល​ក៏​បាន​ជិះ​កង់​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ ដើម្បី​លក់​ស្បែកជើងកង់ឡាន​នេះ ។

គាត់​រៀបរាប់​ថា ការ​ប្រកប​មុខរបរ​លក់​ស្បែកជើងកង់ឡាន​ក្នុង​មួយ​ថ្ងៃ ចំណេញ​​បាន​ប្រមាណ​ជាង​១០​ម៉ឺន​រៀល​ដែរ​គ្រាន់​ចិញ្ចឹម​ប្រពន្ធ កូន​រហូត​ដល់​ក្រមុំ​-​កំលោះ​អស់ហើយ ។ គាត់់​ថា​ប្រពន្ធ​ទី​១ មានកូន​១០​នាក់ ក្នុង​នោះ​កូនស្រី​៦​នាក់ ប្រុស​៤​នាក់ និង​ប្រពន្ធ​ទី​២ មានកូន​៩​នាក់ ស្រី​៣​នាក់ ប្រុស​៦​នាក់ ។

ទោះបីជា​យ៉ាងណា លោកតា​បាន​បញ្ជាក់​ថា កាលពីមុន​ចិញ្ចឹម​កូន តែ​ពេល​នេះ​កូន​ធំ​មាន​ប្តី ប្រពន្ធ​អស់ហើយ គឺ​គាត់​មិន​អាច​ឱ្យ​កូនចិញ្ចឹម​វិញ​ទេ គី​ខំ​រក​ខ្លួនឯង​ដោយ​ក្នុង​មួយ​ថ្ងៃ​ជិះ​កង់​រាប់​សិប​គីឡូម៉ែត្រ យក​ស្បែកជើង​ឱ្យ​ម៉ូយ​ដែល​គេ​កម្ម​ង់​តាម​ទូរស័ព្ទ ។លោកតា​បាន​និយាយ​ទាំង​សប្បាយចិត្ត​ថា នៅ​ថ្ងៃ​ទី​២ ឧស​ភាព ឆ្នាំ​២០១៩ លោកតា​បាន​យក​ស្បែកជើងកង់ឡាន​លក់​ឱ្យ​ព្រះសង្ឃ​នៅ​វត្ត​ទឹកថ្លា​បាន​ប្រមាណ​៥​ទៅ​៦​គូ ហើយ​បន្ត​ទៅ​វត្ត​នាគ​វ័ន និង​នៅ​ពេល​ល្ងាច​ក៏​បាន​បន្តដំណើរ​ទៅ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​ព្រះ​អង្គ​ក​ម្ម៉​ង់​ចំនួន​១៣​គូ​ទៀត ។

លោកតា​បាន​បន្ត​ទៀត​ថា ឥឡូវ​ខ្លួន​កាន់តែ​ចាស់ សុខភាព​ក៏​កាន់តែ​ខ្សោយ កូន​ៗ​បានឱ្យ​លោកតា​ឈប់​ដើរ​លក់ តែ​គាត់​ចេះ​តែ​ខំ​រក​មិន​ចង់​ពឹង​កម្លាំង​កូន​នោះ​ទេ ព្រោះ​ចាស់​មែន ប៉ុន្តែ​កម្លាំង​នៅ​មាន ។គួរ​បញ្ជាក់​ថា ស្បែកជើងកង់ឡាន​នេះ ជា​ផលិតផល​ក្នុងស្រុក​មួយ​ដែល​ភ្ជាប់​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​និង​មាន​សិទ្ធិ​ប្រើប្រាស់​តែ​នៅ​ក្នុង​របប​ប៉ុ​ល ពត ប៉ុណ្ណោះ ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]