ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់ៗ​ពិតជា​ចង់​ឲ្យ​ខ្លួន និង​កូន​មាន​សុខភាព​ល្អ ហើយ​អ្វី​ដែល​ពិសេស​គឺ​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ឡើង​វិញ។ បើ​តាម​ការ​ចែក​រំលែក​របស់ម៉ាក់ៗ​ទាំង ៤ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​វិធី​បុរាណ​ដែល​ចាស់​ៗ​តែង​ធ្វើ និង​ការ​របៀបរបប​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន អាច​ជួយ​ឲ្យ​សម្រស់​យើង​ស្អាត​មិនចាញ់​ពេល​មិន​ទាន់មាន​កូនប៉ុន្មាន​ទេ។​

១ - ខាត់​ស្បែក​ជាមួយ​ពន្លៃ

រូបមន្ត​ខាត់​ស្បែក​ដែល​ផ្សំ​ពី​រមៀត​លាយ​ជាមួយ​ពន្លៃ ទឹកដោះគោ​ឆៅ និង​ក្រូចឆ្មារ ឬ​ក្រូច​ពោធិ៍សាត់។ សុគន្ធា ដែល​មាន​សាច់​ចាំ​វ័យ​ជិត ៤០ ឆ្នាំ​ហើយ តែ​នៅ​ស្អាត​ដដែល​បាន​រៀបរាប់​ថា ស្រី​ៗ​យើង​ទើប​សម្រាល​ប៊េបី​បានកន្លះខែ​ទៅ គួរតែ​ឧស្សាហ៍​អនុវត្តន៍​វិធី​នេះ ទើប​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ជាប់​ជានិច្ច ព្រោះ​ពេល​ពពោះ យើង​មិន​បាន​ប្រើប្រាស់​ផលិតផល​អ្វី​ឡើយ ដូចនេះ​ហើយ​ទើប​ស្បែក​មិន​ស្រស់​ថ្លា​ល្អ។

២ - ឆ្ពុង

សីហា ដែល​មាន​តួនាទី​ជា​គ្រូពេទ្យ ក៏​នៅតែ​ជឿ​លើ​វិធី​បុរាណ​មួយ​នេះ​ដែរ ព្រោះ​វា​ប្រៀប​ដូចជា​វិធី​អប់​សាច់​ឲ្យ​ក្ដៅ​ងំ និង​ជួយ​សម្រួល​សរសៃ​ឈាម​ឲ្យ​រត់​ស្រួល។ អ្នក​គ្រូ​ពេទ្យ​ខាង​លើក៏​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឆ្ពុង​រួច អ្នក​យក​ពន្លៃ​មក​លាប​ពេញ​ខ្លួន រឹតតែ​មាន​ប្រសិទ្ធភាព។ វិធី​នេះ​អាច​ធ្វើ​រហូត​ដល់​កូន ១ ឆ្នាំ​ក៏​បាន​ដែរ​ ស្បែក​កាន់តែ​ស្អាត និង​ភ្លឺ​រលោង។

៣ - ងូត​ទឹក​ក្ដៅ

ទើប​តែ​សម្រាល​កូន​មិន​គួរ​ងូត​ទឹក​ត្រជាក់​ឡើយ។ ងូត​ទឹក​ក្ដៅ​ជា​រៀង​រាល់ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង នោះ​ស្បែក​នឹង​មិន​ឆាប់​ចាស់។ នេះ​ជា​ការ​លើកឡើង​របស់ សេងលី ដែល​មាន​កូន ៣ នាក់ ទៅ​ហើយ​ក្ដី។ ដើម្បី​ឲ្យ​សាច់​កាន់តែ​ទន់​រលោង គួរតែ​ឧស្សាហ៍​ត្រាំ​ទឹកក្ដៅឧណ្ហៗ លាយ​ជាមួយ​ស្រទាប់​ផ្កា​ចម្រុះ។

៤ - ហាត់ប្រាណ

សម្រាល​​​កូន​​​បាន ១ខែកន្លះ ម៉ាក់ៗ​​​​អាច​​​​ចាប់ផ្តើម​​ហាត់​ប្រាណ​បាន​​វិញ​​ហើយ ការ​ហាត់ប្រាណ​មិនត្រឹម​ជួយ​ឲ្យ​សុខភាពល្អ​នោះ​ទេ ស្បែក​តឹង​ណែន​ស្អាត​ នេះ​បើ​តាម​បទ​ពិសោធ​ន៍របស់ សោភា ដែល​មានកូន ២ នាក់។ 

៥ - ញ៉ាំទឹកឲ្យបានច្រើន

បើតាម ស្រីម៉ៅ ១ថ្ងៃ ស្រីៗ​យើង​ត្រូវ​​ញ៉ាំ​ទឹក​ឲ្យ​បាន​លើស ២ លីត្រ នោះ​ស្បែក​ភ្លឺថ្លា មិន​ជ្រីវជ្រួញ​នោះទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]