ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹង​ទៀត​ ក្រោយកើត​មាន​​ករណីភ្លើង​ឆេះ​​​យ៉ាងសន្ធោសន្ធៅ​ហើយនោះ ត្រូវ​កំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដឹកនាំ​ដោយលោក ម៉ុម សា​រឿ​ន អភិ​បាល​ខេត្តស្ទឹង​ត្រែង​ផ្ទាល់ ចុះ​ទៅ​​ដល់កន្លែង​កើត​ហេតុចំណុច​​ស្ថានីយ​ប្រេងឥន្ធនៈ «ប៉ាវចិន្តា​២» ​នៅ​ត្រង់​កងចក្រ​គីឡូ​២ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដើម្បី​ពិនិត្យ​ស្ថាន​ភាពបន្តនាព្រឹកថ្ងៃទី០៤ ឧសភា ខណៈភ្លើងក៏​បាន​​រលត់ទៅវិញហើយ តែវាបាន​​បំផ្លាញសម្ភារ​​​​ខ្ទេច​ខ្ទីរ​​ហើយ​ដែរ​ ​។

គួរបញ្ជាក់​ថា ហេតុ​ការណ៍ភ្លើងឆេះដ៏រន្ធត់នេះ គឺ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ​ឧសភា ​ដែលផ្តើម​ឆេះ​ត្រង់ពីចំណុច​​ស៊ីទែន​​ធុង​ហ្គា​ស ហើយក៏​ផ្ទុះ​​លាន​់ដូច​​គ្រាប់បែក រហូតធ្វើ​​ឱ្យ​សំបកធុងប្រេះ​ជា២​ហោះ​រំលងចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ផ្លូវ​ម្ខាង​ទៀត ។ តែ​សំណាងល្អខ្លាំង ដែល​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ម្ចាស់ផ្ទះម្នាក់ណាទេ ​គ្រាន់តែបង្ក​ឱ្យ​​ផ្អើល​​​ភ័យ​ស្លន់​មួយ​​ក្រុង​ស្ទឹង​ត្រែងទៅហើយ ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ ដែល​ជិះរថយន្ត​ទៅ​ចាក់​សាំង​នៅ​ចំណុច​នោះបាន​និយាយ​ថា មុន​ពេល​កើត​ហេតុ​ បាន​ឃើញ​ម្ចាស់​ស្ថានីយ​បាន​ផ្សារ​ដែក​ ​ដែល​មេឃ​កំពុង​ក្តៅ​ហើយក៏បាន​ខ្ទាត​ផ្កាភ្លើង ថែម​ទាំង​មានចំហាយ​ហ្គា​សផង ធ្វើ​ឱ្យ​មានការ​ឆាបឆេះ​​ ។ ​ប៉ុន្តែយ៉ាងណានោះ ​សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើការ​ស៊ើប​បន្ថែមទៀត​​លើ​​​ករណីនេះ ។​

ប្រភពបន្តទៀតថា ក្នុងឧប្បត្តិ​ហេតុភ្លើងនេះ បាន​ធ្វើ​ឱ្យមនុស្ស​៣​នាក់​រង​របួស​ ទី១-​ម្ចាស់ស្ថានីយ ភេទ​ប្រុស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម។ ទី​២-ជា​កម្មករ​ធ្វើការ​នៅ​ក្នុងស្ថានីយប្រេង​ឥន្ទ​នៈ បាន​​ដឹកទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និងទី​៣-ជា​ក្មេង​ស្រី ឈ្មោះ នឹម អាយុ​១៣ឆ្នាំ ទើប​មក​ធ្វើការ​នៅផ្ទះ​កើតហេតុ​បាន​ចំនួន​៤​ថ្ងៃប៉ុណ្ណោះ សំណាងល្អដែលនាងរង​របួសស្រាល ។ ហើយពេលនេះ​ នាងត្រូវ​មន្ទីរ​កិច្ចការ​នារីខេត្តស្ទឹងត្រែង​ យក​ទៅ​សម្រាក​នៅ​មន្ទីរ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ស្ត្រី រង​់ចាំ​ឪពុក​ម្តាយមក​ទទួលយក​ទៅ​ផ្ទះ​វិញ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]