(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោងជិត៩យប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ខ្យល់កន្ដ្រាក់បានវាយបំផ្លាញផ្ទះប្រជាពលរដ្ឋ សរុប៣៦១ខ្នង នៅខេត្តបន្ទាយមានជ័យ ក្នុងនោះកណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ រងរបួសម្នាក់ និងងាប់គោ២ក្បាលដោយសាររន្ទះបាញ់។

របាយការណ៍របស់យោធភូមិភាគទី៥ ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ខ្យល់កន្ដ្រាក់នោះបានវាយប្រហារស្រុកម៉ាឡៃ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។

ប្រភពព័ត៌មានដដែលបង្ហាញទៀតថា ស្រុកម៉ាឡៃ បំផ្លាញផ្ទះ១៧២ខ្នង, ស្រុកមង្គលបូរី បំផ្លាញផ្ទះ១៨៧ខ្នង រន្ទះបាញ់គោងាប់២ក្បាល, ស្រុកព្រះនេត្រព្រះ ១ខ្នង រន្ទះបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ និងស្រុកស្វាយចេក ១ខ្នង។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ កម្លាំងយោធាជាច្រើនរយនាក់ បានចុះអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋភ្លាមៗផងដែរ ដោយមានការចង្អុលបង្ហាញ់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥។

ក្នុងនោះ កងទ័ពជាង៦០០នាក់ចំណុះទិសទី១ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ដឹកនាំកម្លាំងមកពីបណ្តាអង្គភាពរួមមាន កងពលតូចថ្មើរជើងលេខ៥១, តំបន់ប្រតិបត្តិការសឹករងខេត្ដបន្ទាយមានជ័យ, តំបន់អភិវឌ្ឍន៍ កងការពារព្រំដែនលេខ៥០៣ និងកម្លាំងចំណុះទីបញ្ជាការទិសទី១ ចុះ២ស្រុកដែលរងគ្រោះធ្ងន់ធ្ងរស្រុកមង្គលបូរី និងស្រុកម៉ាឡៃ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]