ខេត្តបន្ទាយមានជ័យ ៖ ប្រភពបែកធ្លាយនិងច្បាស់ការមួយបានឲ្យដឹងថា អតីតចៅអធិការវត្តពោធិ៍សុវណ្ណសិលារាម ហៅវត្តអណ្តូងថ្មមាស ព្រះនាមតឿ ប៊ុនធឿន កំពុងរត់ការសុំចូលទ្រនំវិញ ហើយបញ្ហានេះបាននិងកំពុងបង្កភ្ញាក់ផ្អើលដឹងដល់អ្នកស្រុកខ្លះថា មិនស្វាគមន៍ទេ ។
តាមឯកសារមួយច្បាប់របស់ព្រះជ័យមុនីធុលសុធា មេគណខេត្តបន្ទាយមានជ័យ ស្តីពីកានិមន្តចូលរួមប្រជុំដោះស្រាយបញ្ហាប្រឈមព្រះពុទ្ធសាសនាវត្តពោធិសុវណ្ណសិលារាម ហៅអណ្តូងថ្មមាស ដែលកោះសន្តិភាពទទួលបាន គឺនិងមានកាជួបប្រជុំបញ្ហាដ៏ក្តៅគគុកនេះ នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តនារសៀលថ្ងៃទី០៣ ឧសភា ២០១៩ ។
ប្រភពថា ក្នុងជំនួបប្រជុំ និងលើកពិភាក្សាគ្នាលើអតីតចៅអធិការវត្តខាងលើ ព្រះនាមតឿ ប៊ុនធឿន ដែលកន្លងមក បែកធ្លាយរូបភាពអស្រូវស្លៀកពាក់ស៊ីវិល លួចឆាន់ចំណីក្រៅវត្ត និងឱបស្រីយ៉ាងត្រេកត្រអាលហើយត្រូវគេបង្ហោះក្នុងបណ្តាញសង្គម និងផ្សាយលើទំព័រកាសែតនិងគេហទំព័រព្រោងព្រៀត បែរជាពេលមានប្រភពថា ចៅអធិការវត្តអង្គនេះ មានអ្នករត់កាសុំទៅគង់នៅវត្តខាងលើ និងធ្វើជាអធិកាវត្តដូចដើម ។
មេភូមិអណ្តូងថ្មមាស លោកសោម ខន បានប្រាប់តាមទូរស័ព្ទថា ក្រោយពីមានកាសែត និងគេហទំព័រក្នុងស្រុកក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុក ធ្វើការចេញផ្សាយរឿងអាស្រូវរបស់ចៅអធិការវត្តពោធិសុវណ្ណសិលារាមចៅអធិការវត្តអង្គនេះ បានបាត់ព្រះកាយមួយរយៈធំមកទល់និងពេលនេះ ។ លោកមេភូមិបន្តថាកន្លងមក ក៏មានគេដើរផ្តិតមេដៃឲ្យពលរដ្ឋគាំទ្រដើម្បីសុំចៅអធិការវត្តព្រះនាមតឿប៊ុនធឿនបានធ្វើជាចៅអធិការវត្តដដែល ប៉ុន្តែត្រូវបានខាងអាជ្ញាធរទប់ស្កាត់ភ្លាមៗ ។
ជុំវិញប្រភពព័ត៌មានខាងលើ លោកយ៉ិម យឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរស័ព្ទថា ជំនួបប្រជុំរកដំណោះស្រាយបញ្ហាប្រឈមវត្តពោធិសុវណ្ណសិលារាម ហៅវត្តអណ្តូងថ្មមាស នឹងធ្វើឡើងនៅរសៀលថ្ងៃទី០៣ ឧសភា មែន ។
ពេលសាកសួរដល់រឿងអតីតចៅអធិការវត្តខាងលើឮថា កំពុងចង់វិលចូលវត្ត និងធ្វើជាអធិការវត្តពោធិសុវណ្ណសិលារាមវិញហើយ ជំនួបប្រជុំនិងមានពាក់ព័ន្ធអតីតចៅអធិការវត្តខាងលើ លោកប្រធានមន្ទីរមិនបដិសេធទេ ដោយប្រាប់ថា មានគេស្នើរសុំយកព្រះអង្គតឿប៊ុនធឿនឲ្យទៅធ្វើជាចៅអធិការវត្តពោធិសុវណ្ណសិលារាមហៅវត្តអណ្តូងថ្មមាសនិងលើកប្រជុំបញ្ហាហ្នឹងមែន ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុនៗកាផ្សាយរបស់កាសែត និងគេហទំព័រកោះសន្តិភាពរឿងអាស្រូវរបស់ចៅអធិការវត្តពោធិសុវណ្ណសិលារាម ហៅវត្តអណ្តូងថ្មមាសចៅអធិការអង្គនេះ បានបដិសេធថា ជារឿងមិនពិត ប៉ុន្តែលោកយ៉ិន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តធ្លាប់ប្រាប់តាមទូរស័ព្ទថា ចៅអធិការវត្តពោធិសុវណ្ណសិលារាមបានសារភាពពីកំហុសឆ្គង ដែលបែកធ្លាយរូបភាពនោះពិតប្រាកដមែន ។
មិនតែប៉ុណ្ណោះ គ្រានោះលោកប្រធានមន្ទីរថែមទាំងប្រាប់ថា បានឲ្យខាងធម្មការ និងសាសនាក្រុងប៉ោយប៉ែត ក៏ដូចជាព្រះអនុគុណក្រុងរៀបចំផ្សឹកចៅអធិការខាងលើទៀតផង។ ចុះហេតុអ្វីពេលនេះ កើតទៅរឿងផ្សេងទៅវិញ ?
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]