WARNING: THESE IMAGES MAY UPSET YOU

អាមេរិក៖ អ្នកជំនាញឯកទេសផ្នែកភ្នែកម្នាក់ បានចែករំលែករូបភាពប៉ុន្មានសន្លឹកដ៏ភ្ញាក់ផ្អើល លើបណ្តាញសង្គម ជុំវិញនឹងការព្រមានដល់មហាជនទូទៅ អំពីគ្រោះថ្នាក់នៃការមិនដោះ Contact Lenses ចេញ នៅរាល់ពេលគេង។

វេជ្ជបណ្ឌិត Patrick Vollmer

វេជ្ជបណ្ឌិត Patrick Vollmer មកពីគ្លីនិកភ្នែក Vita Eye Clinic ក្នុងទីក្រុង Shelby រដ្ឋ North Carolina សហរដ្ឋអាមេរិក បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក និងមហាជនជាច្រើនភ្ញាក់ផ្អើល ចំពោះការបង្ហោះចែកចាយនូវរូបភាពកែវភ្នែករបស់ស្រ្តីម្នាក់ ដែលជាអ្នកជំងឺរបស់លោក បានរងការឈឺចាប់បន្ទាប់ពីឆ្លងមេរោគបាក់តេរីស៊ីកែវភ្នែក ព្រោះតែនាងតែងតែឧស្សាហ៍ពាក់ Contact Lenses នៅពេលគេង (ពេញមួយយប់)។

កែវភ្នែករបស់ស្រ្តីរងគ្រោះ

វេជ្ជបណ្ឌិត Vollmer បានពន្យល់ប្រាប់ថា ស្រ្តីរងគ្រោះនេះ កំពុងតែទទួលរងជំងឺដំបៅ ដែលត្រូវបានមេរោគបាក់តេរីស៊ី ឬហៅថា Pseudomonas (ឬ Cultured Pseudomonas Ulcer) ព្រោះតែភាពធ្វេសប្រហែសនៃការពាក់ Contact Lenses ។ ពពួកបាក់តេរី Pseudomonas គឺជាមូលហេតុចម្បងនៃការកើតមេរោគបាក់តេរីលើភ្នែក និងថែមទាំងវិវឌ្ឍន៍ទៅជាងងឹត (ភ្នែក) ដោយអចិន្រ្តៃយ៍ បានយ៉ាងឆាប់រហ័សថែមទៀត។ លោកបានបញ្ជាក់ថា នេះគឺជាករណីទី៤ ហើយ នៃជំងឺ Pseudomonas ដែលបានមកព្យាបាលនៅក្នុងគ្លីនិករបស់លោក។

កែវភ្នែករបស់ស្រ្តីរងគ្រោះ

លោកវេជ្ជបណ្ឌិត Vollmer បានឲ្យដឹងទៀតថា បាក់តេរីនេះវានឹងទៅស៊ីកញ្ចក់កែវភ្នែករបស់អ្នកជំងឺ ឬបំផ្លាញជាលិកាភ្នែក ដែលបញ្ហានេះបង្កឲ្យមានហូរជាតិដំបៅ ឬខ្ទុះទឹកខាប់លឿងៗចេញមកក្រៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ។ កំឡុងនៃការព្យាបាល លោកវេជ្ជបណ្ឌិតបានប្រើប្រាស់ថ្នាំបន្តក់ដែលជាពួកអង់ទីប្យូទិច (Antibiotic) និង Steroids ដើម្បីជួយកាត់បន្ថយនៃមុខរបួសនេះ និងមានដំណើរការជាបន្តបន្ទាប់ទៀត ទៅតាមវេជ្ជសាស្រ្តពេទ្យផងដែរ។ ប៉ុន្តែបញ្ហានេះនឹងអាចធ្វើឲ្យអ្នកជំងឺបាត់បង់ការមើលឃើញនូវទម្រង់ ឬផ្នែកខ្លះៗនៃកែវភ្នែកជាអចិន្រ្តៃយ៍ ពោលគឺមិនអាចដូចដើមវិញនោះទេ គ្រាន់តែជួយកាត់បន្ថយ និងព្យាបាលជំងឺប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ លោកវេជ្ជបណ្ឌិត Vollmer ក៏បានធ្វើការព្រមានដល់អ្នកដែលនិយមចូលចិត្តពាក់ Contact Lenses ទាំងអស់ មិនថាតែជាប្រភេទ Contact Lenses ទន់ល្អ ឬម៉ាកប្រេនៗនោះទេ ដាច់ខាតមិនត្រូវពាក់វាជាប់ ទាំងដែលពេលកំពុងគេងនោះឡើយ។ ព្រោះថាវាងាយនឹងរងហានិភ័យបំផុតទៅដល់ភ្នែក។ កុំមានភាពធ្វេសប្រហែស ព្រោះមិនចំណាយពេលយូរនោះទេ នៅក្នុងការដោះវាចេញពីភ្នែក។ ត្រូវគិតគូរនឹងដឹងថា ជីវិតរបស់អ្នកពិតជាសំខាន់ជាង ព្រោះបើរងការខូចខាតផ្នែកណាមួយហើយនោះ វាពិតជាមិនអាចជួសជុលបានដូចដើមវិញនោះទេ។

កែវភ្នែករបស់ស្រ្តីរងគ្រោះ

លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមថា គ្រប់គ្នាគួរតែមើលរូបភាពទាំងអស់នេះ ហើយត្រូវតែរម្លឹកខ្លួនឯង គ្រួសារ និងមិត្តភក្តិ ដើម្បីឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះភ្នែក។

គួរឲ្យដឹងផងដែរថា យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺ (Center for Disease Control and Prevention) បានប៉ាន់ប្រមាណថា ប្រជាជនអាមេរិកប្រមាណ ៤៥លាននាក់ គឺសុទ្ធសឹងតែពាក់ Contact Lenses។ ពីរភាគបីនៅក្នុងចំណោមពួកគេទាំងអស់នោះ ត្រូវបានគេដឹងថា គឺជាស្រ្តីដែលពាក់ Contact Lenses ច្រើនជាងគេ ដែលមានអាយុជាមធ្យម ៣១ឆ្នាំ។

បើទោះបីជាយ៉ាងណាក្តី ពពួកមេរោគបាក់តេរី Pseudomonas ក៏ត្រូវបានគេដឹងផងដែរថា វាមិនមែនជាបញ្ហាដែលអាចកើតមានឡើងតែមួយគត់ ដោយសារតែការប្រើប្រាស់ Contact Lenses នោះទេ។ ព្រោះជាក់ស្តែង វាក៏អាចឆ្លងបានតាមរយៈការដាច់ ឬរលាកនៃកែវភ្នែកបានផងដែរ។

ដូច្នេះដើម្បីចៀសវាងពីបញ្ហា ក៏ដូចជាជំងឺប្រភេទនេះ មនុស្សគ្រប់រូបគួរតែមានតំហែទាំភ្នែក និងអនាម័យឲ្យបានត្រឹមត្រូវ៕

កែវភ្នែករបស់ស្រ្តីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]