ម៉ាឡេស៊ី៖ បន្ទាប់ពីការចាប់ផ្តើមនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Putrajaya (PICC) កាលពីថ្ងៃពុធ ទី១ ខែឧសភាកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានសង្កត់យ៉ាងធ្ងន់ថា ប្រជាជនម៉ាឡេស៊ីគួរតែខិតខំប្រឹងប្រែងធ្វើការងារបន្ថែមទៀត បើទោះបីជាការងារនោះកខ្វក់ គ្រោះថ្នាក់ លំបាក និងបានប្រាក់ខែតិចក្តីក៏ដោយ។
យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីបានថ្លែងថា បើទោះបីប្រាក់ខែទាប ក៏វាប្រសើរជាងការគ្មានប្រាក់ចំណូលដែរ។
«បាទ ប្រាក់ខែអាចនឹងទាប ប៉ុន្តែបើអ្នកមិនធ្វើការ អ្នកនឹងមិនមានប្រាក់ចំណូលនោះទេ។ ដូច្នេះជ្រើសរើសធ្វើការ អីចឹងអ្នកនឹងមានប្រាក់ចំណូល។» (ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់)
លោកបន្តមានប្រសាសន៍ថា យើងនឹងក្លាយខ្លួនជាអ្នកក្រជាក់ជាពុំខាន។ អ្នកដែលគ្មានការងារធ្វើគឺគ្មានប្រាក់ខែនោះទេ។ អ្នកត្រូវចងចាំថា អ្នកធ្វើការងារដើម្បីអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា។ ប្រសិនបើយើងមិនចង់ធ្វើការងារ ប្រាក់ទាំងនោះនឹងទៅកន្លែងផ្សេង។
លោកបានបន្ថែមទៀតថា ពលករបរទេសរមែងទទួលយកការងារទាំងនេះ ប៉ុន្តែបែរជាប្រជាជនម៉ាឡេស៊ីមិនព្រមធ្វើការងារទាំងនេះទៅវិញ។ ដូច្នេះហើយទើបរដ្ឋាភិបាលបានព្យាយាមនិងធានាថា ពលករបរទេសទាំងនោះ នឹងត្រូវបានអនុញ្ញាតឱ្យជួលធ្វើការនៅក្នុងផ្នែកជាក់លាក់ណាមួយតែប៉ុណ្ណោះ ដើម្បីទុកការងារផ្សេងៗទៀតឱ្យប្រជាជនក្នុងប្រទេសធ្វើ។
«ខ្ញុំសូមបញ្ជាក់ម្តងទៀតថា គោលនយោបាយរបស់រដ្ឋាភិបាលយើងគឺច្បាស់លាស់ណាស់ ដែលផ្តល់អាទិភាពការងារខ្ពស់ដល់ប្រជាជនម៉ាឡេស៊ីយើង។ ប៉ុន្តែខ្ញុំក៏ត្រូវបញ្ជាក់ម្តងទៀតថា ព្រោះតែវត្តមានរបស់ពលករដែលធ្វើអន្តោប្រវេសន៍មកក្នុងប្រទេសយើង ទើបធ្វើឱ្យពួកគេមិនចង់ធ្វើការងារទាំងនេះ ខណៈពេលពួកគេអាចមានលទ្ធភាពធ្វើវា៕» (ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់)
ដូច្នេះ ការងារទាំងនេះបែរជាធ្លាក់ទៅឱ្យពលករបរទេសជាអ្នកធ្វើទៅវិញ។ ហើយចុងក្រោយ ពួកគេនឹងក្លាយទៅជាអ្នកមាន ហើយយើងនៅតែក្រដដែល ឬក្រជាងមុនទៅទៀត។
ដូច្នេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្លួនឱ្យខិតខំធ្វើការងារបន្ថែម ហើយបច្ចុប្បន្នលោកក៏បាននិងកំពុងតែព្យាយាមបណ្តុះមនុស្សឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀតជាពិសេសទាក់ទងទៅនឹងសមត្ថភាពក្នុងការប្រើប្រាសបច្ចេកវិទ្យាតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]