ខេត្តប៉ៃលិន ៖ យុវជនម្នាក់បាន​រងរបួស​យ៉ាងធ្ងន់​ធ្ងរដោយបែកក្បាលផុងលលាដ៍បែក​ប្រអប់​មាត់ បាក់ធ្មេញ សន្លប់​​នៅ​​​នឹង​​កន្លែង​​​​បន្ទាប់​ពី​យុវជនរូបនេះស្រវឹង​ធ្លាក់ភ្នែកជិះ​ម៉ូតូ​ក្នុងទិសដៅពីលិចទៅកើតរេ​ចង្កូតជ្រុលទៅបុក​រថយន្តកំពុង​ធ្វើ​ដំណើរ​​​​​បញ្ច្រាសទិសគ្នា​ចំពី​មុខ​ពេញទំហឹង ។

យុវជនរងគ្រោះរូបនេះ​ឈ្មោះប៊ុន ម៉ាប់ អាយុ២៥​ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុល ស្រុកសង្កែ ខេត្តបាត់​ដំបង ជិះ​ម៉ូតូម៉ាកណូវ៉ា ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ ក្រោយពេល​​​កើត​ហេតុ​ជនរងគ្រោះ​ត្រូវ​បានគេដឹកតាមរថយន្តសង្គ្រោះ​យកមកមន្ទីរ​ពេទ្យបង្អែកខេត្តប៉ៃលិន តែដោយ​របួសធ្ងន់ធ្ងរ​ពេកទើបគ្រូពេទ្យ​បញ្ជូនបន្តទៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ។ ចំណែកអ្នក​បើកបររថយន្ត​ឈ្មោះ​សួស អ៊ន់ ភេទប្រុស អាយុ​ប្រហែល​​៥៦ឆ្នាំ ជា​ចៅ​សង្កាត់អូរតាវ៉ៅ បើករថ​យន្តម៉ាកកាមរីឆ្លាម​ពណ៌ខ្មៅស៊េរី​ឆ្នាំ​២០០៩ ដោយ​មាន​​​អ្នក​​​រួម​ដំណើរ​​​​ចំនួន៥នាក់​ទៀត ។ ទោះ​បី​យ៉ាង​ណា​​ អ្នក​​ជិះ​​ក្នុង​​​រថយន្ត​​​​គ្មាន​​​​នរណា​​ម្នាក់​​រងរបួស​​ទេ​ ដោយ​គ្រាន់តែ​រថយន្ត​​បែក​​កង់​និងដាច់កញ្ចក់មើល​ចំហៀងផ្នែកខាង​ឆ្វេង។ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង៦​និង៣៥នាទី​ព្រលប់​ថ្ងៃទី១៨ មីនា ឆ្នាំ២០១២ នៅលើផ្លូវ​ជាតិ​លេខ៥៧ ចំពីមុខវិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត ស្ថិត​ក្នុងភូមិអូរតាពុក​ក្រោម សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ។

មន្ត្រីនគរបាលចរាចរបានឱ្យដឹងថា ​មុន​​ពេល​​​​​កើត​​ហេតុ​ រថយន្តកាមរីឆ្លាមពណ៌ខ្មៅដែលបើក​បរ​ដោយ​​លោកសួស អ៊ន់ ជាចៅសង្កាត់អូរតាវ៉ៅ  បាន​ធ្វើ​​ដំណើរ​ក្នុងទិសដៅពីកើតទៅលិចដោយ មានអ្នកជិះក្នុង​នោះចំនួន៥នាក់ក្នុងគោល​បំណង​​ទៅចូលរួមកម្មវិធី​រៀប​អាពាហ៍ពិពាហ៍កូនរបស់​មិត្ត​ភក្តិ និងកម្មវិធីឡើង​គេហដ្ឋានថ្មីមួយកន្លែង​ទៀត​ដែលគេបាន​អញ្ជើញ​កាលពីថ្ងៃមុន ។ ប្រភព​បាន​បន្តទៀតថា លុះរថ​យន្តមកដល់​កន្លែង​កើតហេតុ ស្រាប់​តែមាន​យុវជនម្នាក់ជិះ​ម៉ូតូយ៉ាង​លឿន​ក្នុងទិសដៅពីលិចទៅកើត​រេ​ចង្កូតទៅបុកជា​មួយ​​រថយន្ត​ពេញទំហឹងធ្វើ​ឱ្យ​យុវជននេះ​ខ្ទាត​ចេញពីម៉ូតូ​​ចម្ងាយ​ជាង១០​ម៉ែត្រ​ដោយ​បោក​ក្បាលទៅលើ​ថ្នល់​ជាតិបណ្តាលឱ្យ​រង​របួសយ៉ាង​ធ្ងន់​ធ្ងររហូត​សន្លប់បាត់ស្មារតី ។ យុវជនរូបនេះរស់នៅភូមិ​ក្តុល ឃុំក្តុល ស្រុក​សង្កែ ​​ខេត្តបាត់ដំបង តែ​​បាន​​មករស់នៅធ្វើការ​នៅខេត្តប៉ៃលិន ។ នៅថ្ងៃកើត​ហេតុជនរងគ្រោះ​​​​បន្ទាប់​ពី​ផឹកស្រាស្រវឹងជាមួយ​មិត្តភក្តិ ក៏បានជិះ​ម៉ូតូ​ឆ្ពោះទៅក្រុងប៉ៃលិន​ដើម្បី​រកទិញបង្អែមហូប តែដោយសារខ្លួនស្រវឹង​ធ្លាក់​ភ្នែកទើប​ជិះ​​ម៉ូតូ​​រេ​ចង្កូត​​​​ទៅបុកជាមួយ​រថ​យន្ត​ដែលធ្វើ​ដំណើរ​​​បញ្ច្រាសទិសគ្នា​​​ចំពី​​មុខពេញ​​ទំហឹងបណ្តាលឱ្យ​រងរបួស​យ៉ាង​​​ធ្ងន់​ធ្ងរ​​​ និង​​ម៉ូតូ​​​ខូចខាតស្ទើរ​​ទាំង​ស្រុង​​តែម្តង ។

ក្រោយ​ពេល​​កើត​ហេតុ រថយន្តនិងម៉ូតូ​ត្រូវ​បានប៉ូលិសយក​មក​រក្សាទុក​នៅស្នងការដ្ឋាន​​ខេត្ត​បណ្តោះអាសន្នរង់ចាំ​ដោះស្រាយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]