ចិន៖ ប៉ូលិសបានសម្ដែងការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយចាប់ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្នុងកំឡុងពេលបើកបរ ដើម្បីចុះវាស់ជាតិអាល់កុល ប៉ុន្តែលទ្ធផលបានត្រឹមតែធ្វើឲ្យប៉ូលិសវិលមុខ។

បើយោងតាមការចុះផ្សាយ ពីសារព័ត៌មានចិនមួយបានឲ្យដឹងថា បុរសជាអ្នកបើកបរមិនត្រូវបានបង្ហាញអត្តសញ្ញាណ និងត្រូវបានឃាត់ខ្លួននោះ មកពីស្រុក Rudong ភាគខាងកើតខេត្ត Jiangsu ប្រទេសចិន។

ឃាត់ខ្លួនបុរសម្នាក់វាស់ជាតិអាកុល

បុរសរូបនោះត្រូវបានប៉ូលិសចាប់វាស់ជាតិអាល់កុល (ឧបករណ៍ផ្លុំខ្យល់ក្នុងមាត់) កាលពីយប់ថ្ងៃទី១៧ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសារតែក្រុមប៉ូលិសសង្ស័យថា គាត់បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ករណីមួយនេះ ទើបតែទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីមានការចែកចាយសាយភាយលើបណ្តាញសង្គមនាពេលថ្មីៗនេះប៉ុណ្ណោះ។

វាពិតជាភ្ញាក់ផ្អើលដែលលទ្ធផលដំបូង ប៉ូលិសបានរកឃើញថា បុរសរូបនោះមានសារធាតុអាល់កុលក្នុងខ្លួន ទាំងដែលរូបគាត់ពុំបានទទួលទានគ្រឿងស្រវឹង រហូតបង្កទៅជាជម្លោះស្រែកឡូឡាតវ៉ាពាក្យសម្ដី ខណៈដែលរូបគាត់ក៏បានអះអាងដែរថា គាត់ទើបតែហូបផ្លែទុរេនហើយ ពុំបានផឹកស្រាឡើយ។ ក្រោយមក ដោយមិនអស់ចិត្តប៉ូលិស ក៏បានសម្រេចនាំខ្លួនបុរសរូបនោះទៅធ្វើតេស្តឈាមវិញម្តង ដើម្បីឲ្យដឹងសខ្មៅកាន់តែច្បាស់។

ទុរេន

ជាលទ្ធផលចុងក្រោយនេះរកឃើញថា ពុំមានជាតិអាល់កុលនៅក្នុងខ្លួនរបស់គាត់នោះឡើយ ដែលធ្វើឲ្យប៉ូលិសស្រឡាំងកាំង និងឈឺក្បាលលើរឿងមួយនេះតែម្តង។

ក្រោយមកដោយមិនអស់ចិត្តទៀត ប៉ូលិសម្នាក់ឈ្មោះ Yu Pengxiang ក៏បានហូបផ្លែទុរេន និងបន្ទាប់មកយកឧបករណ៍ផ្លុំខ្យល់ក្នុងមាត់ ដើម្បីពិនិត្យជាតិអាល់កុលនោះ មកធ្វើតេស្តសាកល្បង។ វាពិតជាភ្ញាក់ផ្អើល ព្រោះរកឃើញថា មានកម្រិតជាតិអាល់កុលក្នុងខ្លួនរបស់គាត់ ៣៦មីលីក្រាម ក្នុង ១០០មីលីលីត្រ (36mg per 100ml)។

ទុរេន

រយៈពេលប្រហែលជា ៣នាទីក្រោយមក លោកប៉ូលិស Yu ក៏បានសាកល្បងតេស្តផ្លុំខ្យល់ក្នុងមាត់ម្តងទៀត ដែលជាលទ្ធផលបង្ហាញថា កម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់ បានធ្លាក់ចុះដល់សូន្យ។ ពោលគឺ មានន័យថា ពុំមានជាតិអាល់កុលក្នុងខ្លួននោះទេ។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះផងដែរ ប៉ូលិសក៏បានស្នើឬណែនាំដល់មហាជន ក៏ដូចជាអ្នកបើកបរទាំងឡាយ គួរកុំទទួលទានផ្លែឈើដែលមានកម្រិតធ្ងន់ (ដូចជា ផ្លែទុរេន ឬ ផ្លែគូលែនជាដើម) ឬប្រើប្រាស់ទឹកខ្ពុរមាត់ភ្លាមៗ ក្នុងកំឡុងពេលបើកបរ ដែលវាអាចនឹងធ្វើឲ្យប្រតិកម្មជាមួយនឹងឧបករណ៍វាស់ជាតិអាល់កុល បង្កឲ្យមានការយល់ច្រឡំ។

គេមិនច្បាស់ទេថា បណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ដែលអាចធ្វើឲ្យវាមានប្រតិកម្មវិជ្ជមានទៅលើផ្លូវដង្ហើមបែបនេះ។

ប៉ូលិស Yu Pengxiang ធ្វើតេស្តសាកល្បង

អ្នកលេងបណ្តាញសង្គមចិនជាច្រើន ក៏បានសម្ដែងការព្រួយបារម្ភអំពីហេតុការណ៍បែបនេះផងដែរ។ អ្នកខ្លះថា ប៉ូលិសគួរតែសុំទោសបុរសរូបនោះវិញ។ អ្នកខ្លះទៀតនិយាយថា ឧបករណ៍វាស់ជាតិអាល់កុលនោះ ពេលខ្លះពិតជាមិនអាចយកជាការបាននោះទេ ឬសម័យនេះហើយឧបករណ៍នេះវាហួសដេឡេហើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]