ធ្លាប់​ដឹង​ ធ្លាប់​ឮ​ហើយ ត្រី​ល្អ​ខ្លាំង​ចំពោះ​សុខ​ភាព ព្រោះ​វា​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ពិសេស​អាស៊ីដ​អូមេហ្គា ៣ ប៉ុន្តែ​មិន​មែន​គ្រប់​ត្រី​ទាំង​អស់​សុទ្ធ​តែ​ល្អ​ទេ ក៏​អាច​ប៉ះពាល់​សុខ​ភាព​ដូចគ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ផល​ប្រយោជន៍​សុខ​ភាព​ពី​សាច់ត្រី ហើយ​ពេល​ណា​មិន​គួរ​ញ៉ាំ។

១- គុណ​ប្រយោជន៍​សាច់​ត្រី

ដើម្បី​ឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ គប្បី​ញ៉ាំ​ត្រី​ឲ្យ​បាន​យ៉ាងតិច​ ២ ដង/​សប្តាហ៍ ព្រោះ​ក្នុង​សាច់​ត្រី គឺ​សម្បូរ​សារធាតុ​ចិញ្ចឹម ពិសេស​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រីផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ហើយ​អាស៊ីដ​ខ្លាញ់​ត្រី​ប្រភេទ​នេះមាន​នៅ​ក្នុងត្រី​ហឺរីង (Herring) ត្រី​ព្រួល​ទឹក​សាប (Lake Trout) ត្រី​សាល់ម៉ុន (Salmon) ត្រីសាបាក (Mackerel) និងត្រី​សាឌីន (Sardines)។ អាស៊ីដ​ខ្លាញ់ អូមេហ្គា ៣ ក៏​សម្បូរនៅ​ក្នុង​ស៊ុត គ្រាប់​ធញ្ញជាតិ (Walnut) និង​ប្រភេទ​គ្រាប់ Flax seed ផង​ដែរ។យ៉ាងណាមិញ ដោយ​សារ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ អាហារ​បំប៉ន​មានផ្ទុក​អាស៊ីដខ្លាញ់​អូមេហ្គា ៣ និង​​ខ្លាញ់​ត្រី ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​កាត់​បន្ថយអត្រា​នៃ​ការ​កើតជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​គាំង​បេះដូងនៅ​ឡើយ​ទេ។ ខុស​ពី​ផលិតផល​សាច់​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត (ខ្លាញ់​មិន​ល្អ) ច្រើន ត្រី​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ជា​ច្រើន និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង ក៏​ដូច​ជា ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​បេះដូង​បាន​មួយ​ចំនួន​ទៀត​ផង។ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ត្រូវ​គេ​សិក្សា​ឃើញ​ថា អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង (Arrhythmias) ដែល​ជំងឺ​នេះ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ត្រឹម​តែ​មួយ​ប៉ព្រិច​ភ្នែក។ លើស​ពី​នេះ​ទៅ​ទៀត អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ នេះ​អាច​ជួយ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​មិន​ល្អ​ក្នុង​ឈាម បន្ថយ​អត្រា​កក​ខ្លាញ់​នៅ​តាម​សរសៃ​ឈាម​អាក់ទែរ និង​ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា។

២- ទំនាក់​ទំនង​រវាង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ និង​បេះដូង

ត្រី មិន​ត្រឹម​តែ​​​មាន​ផ្ទុក​ទៅ​ដោយ​​​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត (ខ្លាញ់​ល្អ) អាច​យក​មក​​ញ៉ាំ​ជំនួស​ផលិត​សាច់​សត្វ ដែល​សម្បូរ​អាស៊ីដ​ខ្លាញ់​ឆ្អែត (ខ្លាញ់​មិន​ល្អ) នោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ថែម​ទៀត។ មួយ​វិញ​ទៀត អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​ជួយ​ប្រឆាំង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ ដែល​ជា​មូលហេតុ​ចម្បង នាំ​ឲ្យ​ខូចខាត​សរសៃ​ឈាម ដូចជា នាំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផ្សេងៗ​ទៀត។

៣- លក្ខខណ្ខ​ញ៉ាំ​ត្រី​ឲ្យ​មាន​សុវត្ថិភាព

ចំពោះ​ស្រី​មាន​ផែនការ​យក​អូនៗ កំពុង​ពពោះ ឬ​កំពុង​បំបៅ​ដោះ​កូន និង​ក្មេងៗ​ជាដើម គប្បី​ចៀសវាង​ញ៉ាំ​ត្រី​មាន​ផ្ទុក​កំហាប់​ជាតិ​បារត​ខ្ពស់ដូចជា អំបូរ​ត្រី​សាម​បាក Mackerel ត្រី​ឆ្លាម ត្រី​ Tilefish ត្រី​ដាវ (Swordfish) ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]