មិនមែនបំភ័យទេតែជាការពិត មិនចំពោះក្មេងៗ មនុស្សពេញវ័យទេមានបញ្ហាពោះឧស្សាហ៍រាកច្បាស់ជាដោយសារបញ្ហាក្រពះពោះវៀនមិនខាន ហើយបើនៅតែបណ្តែតបណ្តោយប្រយ័ត្នខូចក្រពះពោះវៀនធ្លុះធ្លាយខ្ទេច រត់ទៅរកពេទ្យប្រយ័ត្នហួសពេលលែងដូចដើម។ ដើម្បីដោះស្រាយបញ្ហានេះ មានវិធីងាយៗជាច្រើនពិសេសរបបអាហារ “Hello គ្រូពេទ្យ” នឹងប្រាប់អាហារមួយចំនួនមិនគួរញ៉ាំពេលមានបញ្ហារាក។
វេជ្ជបណ្ឌិត Steven Kussin, MD អ្នកឯកទេសខាងក្រពះពោះវៀននៅទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅវេជ្ជសាស្ត្របានលើកឡើងថា៖
“ការលាងសម្អាតដៃជាវិធីមួយមានប្រសិទ្ធភាពបំផុត ដើម្បីការពារមេរោគ និងបាក់តេរីបង្កឲ្យរាក។ សមាគមជីវសាស្ត្រអាមេរិក រកឃើញថា ស្រីៗមាន ៩៧% និងប្រុសៗ ៩២% អះអាថា ពួកគេលាងសម្អាតដៃក្រោយពីចេញពីបង្គន់ ប៉ុន្តែធាតុពិតមានតែស្រីៗ ៧៥% និងប្រុសៗ ៥៨% ប៉ុណ្ណោះ អនុវត្តបានតាមក្បួនអនាម័យនេះបានខ្ជាប់ខ្ជួន”។
១- អាហារគួរចៀសវាង
– ផលិតផលពីទឹកដោះគោ៖ ផលិតផលពីទឹកដោះគោ អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់យ៉ឺន ដោយលោកសាស្រ្តចារ្យ Sandra Quezada, MD ជំនួយការនៃសាកលវិទ្យាល័យ Maryland បានរាយការណ៍ថា បើយើងកំពុងមានជំងឺរាករូសរ៉ាំរ៉ៃ ឈប់ញ៉ាំផលិតផលទឹកដោះគោ អាចរក្សា និងគ្រប់គ្រងអាការៈបាន។
លោកសាស្រ្តចារ្យរូបនេះ បញ្ជាក់ទៀតថា៖
“អាហារ និងភេសជ្ជៈ អាចបង្កឲ្យកើតមានជំងឺរាករូសរ៉ាំរ៉ៃ ពិសេសអាហារ និងភេសជ្ជៈ មានជាតិឡាក់តូស ឬមានលាយផ្សំជាតិឡាក់តូស ក្នុងផលិតផលពីទឹកដោះគោ”។
– អាហារមានជាតិសរសៃខ្ពស់៖ ជាតិសរសៃ ល្អសម្រាប់រាងកាយ គួរមានក្នុងរបបអាហារប្រចាំថ្ងៃ ប៉ុន្តែវេជ្ជបណ្ឌិត Kussin បានណែនាំថា យើងគួរកំណត់អាហារមានជាតិសរសៃខ្ពស់ ដូចជា បន្លែ និងគ្រាប់ធញ្ញជាតិ ពីព្រោះវាពិបាករំលាយ នៅពេលយើងកើតជំងឺរាករ៉ាំរ៉ៃ។
– អាហារមានជាតិម្ស៉ៅ៖ បន្ថែមពីលើការកំហិតរបបអាហារមានជាតិសរសៃ យើងគួរចៀសវាងអាហារផ្ទុកទៅដោយជាតិម្សៅ ព្រោះប្រូតេអ៊ីនមានច្រើននៅក្នុងផលិតផលកែច្នៃដូចជា ម្សៅស្រូវសាលី ដែលអាចធ្វើឲ្យជំងឺរាកមិនអាចជាសះស្បើយ។ ជាធម្មតា យើងមានជំងឺពោះវៀន ត្រូវចៀសវាងជាតិស្ករ ព្រោះងាយបណ្តាលឲ្យរាក។ ទោះបើគ្មានជំងឺពោះវៀនក៏ដោយ យើងនឹងមានអារម្មណ៍ប្រសើរជាងមុន បើមិនញ៉ាំអាហារមានជាតិម្សៅ ពិសេសនៅពេលកំពុងជួបបញ្ហារាករូសតែម្តង។
របបអាហារ ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត Kussin គួរញ៉ាំអាហារធម្មតាដូចជា បាយ ស៊ុប នំបុ័ងអាំង សាច់គ្មានជាតិខ្លាញ់ និងផឹកទឹកឲ្យបានច្រើន។
– អាហារមានជាតិខ្លាញ់ និងធ្វើឲ្យធាត់៖ សាស្ត្រាចារ្យ Douglas A. Drossman MD នៃសាកលវិទ្យាល័យ North Carolina ប្រាប់ថា អាហារសម្បូរជាតិខ្លាញ់ និងធ្វើធាត់ អាចធ្វើឲ្យសាច់ដុំពោះឡើងតឹង ជាមូលហេតុបង្កឲ្យរាកកាន់តែធ្ងន់ធ្ងរឡើង។ សាស្ត្រាចារ្យរូបនេះ បញ្ជាក់ថា៖ “អាហារទាំងនេះ អាចបង្កជាដំបៅក្រពះបន្តិចម្តងៗ ធ្វើឲ្យយើងមានអារម្មណ៍ដូចហើមពោះ”។
– អាហារមានជាតិអាល់កុល និងកាហ្វេអ៊ីន៖ ទាំងជាតិអាល់កុល និងកាហ្វេអ៊ីន សុទ្ធតែអាចបណ្តាលឲ្យកើតជំងឺរាក។ បើធ្លាប់ផឹកកាហ្វេនៅពេលព្រឹក ឬនៅពេលយប់ គួរឈប់មួយរយៈសិន ដើម្បីកុំឲ្យស្ថានភាពជំងឺរាក កាន់តែធ្ងន់ធ្ងរឡើង។
២- វិធីព្យាបាល និងបង្ការកុំឲ្យរាក
– ប្រើថ្នាំរាក៖ លោកវេជ្ជបណ្ឌិត Kussin បញ្ជាក់ថា នៅពេលយើងមានបញ្ហារាកធ្ងន់ធ្ងរ ការព្យាបាល ត្រូវព្យាបាលអាការរាកជាមុន តាមរយៈកម្ចាត់មេរោគបង្កឲ្យរាក ចាំបាច់បំផុត និងមិនត្រូវឲ្យមានមេរោគ ឬជំងឺណាផ្សេងមកជ្រៀតជ្រែកនោះទេ។ បើយើងចង់ប្រើថ្នាំព្យាបាលរាក ត្រូវស្វែងរកថ្នាំ អាចប្រឆាំងមេរោគបង្កឲ្យរាករូស និងមិនត្រូវប្រើថ្នាំមានឥទ្ធិពល រារាំងការបន្ទោបង់ដែលអាចធ្វើឲ្យប៉ះពាល់ពោះវៀនមួយកម្រិតទៀត។
– ផឹកទឹកឲ្យបានច្រើន៖ ព្រោះជំងឺរាក អាចធ្វើយើងបាត់បង់សារធាតុទឹកនៅក្នុងខ្លួន។ ហេតុនេះ ត្រូវតែរក្សាសារធាតុទឹកក្នុងរាងកាយ ដោយទឹក ឬភេសជ្ជៈផ្តល់ជាតិទឹកនៅក្នុងខ្លួនបានគ្រប់គ្រាន់។ ទឹកផ្លែឈើ នំស្រួយ និងអាហារផ្សេងៗទៀត ឬភេសជ្ជៈមានជាតិសូដ្យូម ដូចជា ស៊ុប និងទំពាំងបាយជូរ អាចជំនួសកម្រិតជាតិទឹក និងអេឡិចត្រូលីត (ជាតិរ៉ែ) ដែលបាត់បង់ដោយសាររាក។
– លាងសម្អាតដៃឲ្យបានញឹកញាប់៖ វិធីងាយស្រួលបំផុតសម្រាប់យើង ដើម្បីចៀសវាងមេរោគ និងបាក់តេរី ត្រូវលាងសម្អាតដៃឲ្យបានត្រឹមត្រូវ។ វិធីនេះ សាមញ្ញក៏ពិតមែន ប៉ុន្តែគ្នាយើងជាច្រើន មិនបានត្រឹមត្រូវនោះទេ។ ពេលយើងលាងសម្អាតដៃ នៅតាមចន្លោះម្រាមដៃ និងក្រចកដៃបានស្អាតតាមក្បួនអនាម័យ គប្បីលាងដៃយ៉ាងហោចណាស់ ២០ វិនាទី។ មុននឹងញ៉ាំអាហារ និងក្រោយពេលញ៉ាំ ត្រូវលាងសម្អាតដៃជាមួយសាប៊ូឲ្យបានស្អាត ពិសេសរាល់ពេលប៉ះពាល់ជាមួយសត្វចិញ្ចឹម ឬប្រើបង្គន់រួច ត្រូវលាងដៃនឹងសាប៊ូឲ្យបានត្រឹមត្រូវ។
៣- ពេលរាកកាន់តែធ្ងន់ធ្ងរ ត្រូវប្រញាប់ជួបពេទ្យ
បើមានជំងឺរាករូសធ្ងន់ធ្ងរ យូរជាង ៤ សប្តាហ៍ ហើយបន្ទោបង់មានឈាម ឬរាកតែពេលយប់ រាករូសផង ឈឺពោះផង ក្អួតចង្អោរផង ក្តៅខ្លួនផង ស្រកគីឡូ ជម្រើសដ៏ល្អបំផុត ប្រញាប់ទៅជួបពេទ្យជំនាញដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]